FN ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១ ខែឧសភានេះ បានសម្រេចផ្អាកជាបណ្តោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយ ចំពោះសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា។
តាមលិខិតដែលផ្ញើទៅប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា ការសម្រចខាងលើ ធ្វើឡើងយោងតាមស្ថានភាពយ៉ាងធ្ងន់ធ្ងរនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា និងអនុលោមតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការណែនាំឲ្យអនុវត្តជាបណ្តោះអាសន្នលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា ដូចខាងក្រោម៖
* ផ្អាកការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញទាំងនេះ ព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះប្រភេទទំនិញទាំងនោះ ដែលបានមកដល់ទីលានគយ ឬសន្និធិតយនានារួចហើយ
* ផ្តល់កិច្ចសហការជាមួយគណៈកម្មការចំពោះកិច្ចក្នុងការស្រាវជ្រាវ និងធ្វើតេស្តរកវីរុសផ្សេងៗ ជាពិសេស វីរុសកូវីដ១៩ ព្រមទាំងចូលរួមអនុវត្តវិធានការ ឬសេចក្តីសម្រេចនានារបស់គណៈកម្មការចំពោះកិច្ចពាក់ព័ន្ធនឹងមុខទំនិញទាំងនោះ
* ត្រូវចាត់វិធានការអនាម័យ (ដូចជាការបាញ់ថ្នាំសម្លាប់មេរោគជាដើម) លើមធ្យោបាយផ្ទុក និងសំបកវិចខ្ចប់មុខទំនិញផ្សេងទៀត (ក្រៅពីសាច់បង្កក និងទំនិញបង្កក) ដែលមានប្រភពមកពីប្រទេសឥណ្ឌា
* មន្ត្រីគយមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញទាំងនោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យផ្ទាល់ខ្លួនបន្ថែម ដោយត្រូវពាក់ម៉ាស់ របាំងការពារមុខ និងស្រោមដៃ៕