FN ៖ ឯកសារសំខាន់ៗចំនួន៣ រវាងរដ្ឋាភិបាលកម្ពុជា និង ហុងគ្រី ត្រូវបានចុះហត្ថលេខា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងពេលលោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បំពេញទស្សនកិច្ច។
ឯកសារចំនួន៣នេះរួមមាន៖
១៖ កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។
(Air Services Agreement between the Government of Cambodia and the Government of Hungary) ដែលចុះហត្ថលេខាដោយ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃប្រទេសហុងគ្រី (Memorandum of Understanding in the Field of Agriculture between the Ministry of Agriculture, Forestry and Fisheries of the Kingdom of Cambodia and the Ministry of Agriculture of Hungary on Cooperation) ដែលចុះហត្ថលេខាដោយ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងទឹករវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី (Memorandum of Understanding in the Field of Water Management between the Ministry of Interior of Hungary and the Ministry of Water Resources and Meteorology of the Kingdom of Cambodia) ដែលចុះហត្ថលេខាដោយ លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម និង លោក Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។
លោក ភីធើ ស៊ីចាតូ បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ។ លោកជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី៣ ដែលបានមកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ភីធើ ស៊ីចាតូ នឹងបន្តពង្រីក និងពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជានិងហុងគ្រី។
នៅវេលាម៉ោង១៧៖៤៥នាទីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ភីធើ ស៊ីចាតូ នឹងបញ្ចប់ដំណើរបំពេញទស្សនកិច្ចរបស់លោក និងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីបន្តបំពេញទស្សនកិច្ចនៅទីនោះរយៈពេល២ថ្ងៃ៕