FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរំលឹក និងអំពាវនាវដល់ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថាន កម្មករ និយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះវត្ថុធាតុដើមដោយសារជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩ ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ការងារ និងវិធានការនានារបស់រាជរដ្ឋាភិបាល។
តាមរយៈសេចក្តីប្រកាសរបស់ខ្លួន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដូចតទៅ៖
១៖ អនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់ស្តីពីការងារពាក់ព័ន្ធនឹងនីតិវិធី នៃការព្យួរកិច្ចសន្យាការងារ
២៖ អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ និងអនុសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី លើការគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមខូវីដ១៩
៣៖ អនុវត្តតាមសេចក្តីណែនាំ ០១៤/២០ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការព្យួរកិច្ចសន្យាការងារ, ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់វិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩
៤៖ មិនត្រូវឆ្លៀតយកឱកាសនេះ ទាមទារ ឬប្រែក្លាយការព្យួរកិច្ចសន្យាការងារ ទៅជាការបញ្ឈប់កិច្ចសន្យាការងារ ឬធ្វើការផ្លាស់ប្ដូរប្រភេទកិច្ចសន្យាការងារ ឬធ្វើការបញ្ចប់កិច្ចសន្យាការងាររើសអើងថ្នាក់ដឹកនាំសហជីពឡើយ។ ទង្វើនេះគឺខុសច្បាប់ហើយបុគ្គលទាំងឡាយ ដែលទាមទារ ឬញុះញង់ឲ្យធ្វើទង្វើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់នាយកសហគ្រាស គ្រឹះស្ថានកម្មករនិយោជិត និងអង្គការវិជ្ជាជីវៈគ្រប់ជាន់ថ្នាក់ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ខូវីដ១៩ នឹងចូលរួមអនុវត្តច្បាប់ស្ដីពីការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់៕