FN ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានព្រមានថា អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថអង់ទីប៊ីយ្យូតិច សម្លាប់មេរោគដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ ព្រោះការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ដាច់ខាតត្រូវតែមានវេជ្ជបញ្ញាពីគ្រូពេទ្យជំនាញ ដើម្បីកុំឱ្យមេរោគមានភាពស៊ាំជាមួយថ្នាំ នៅពេលដែលយើងប្រើប្រាស់ថ្នាំដែលមិនត្រូវនឹងជំងឺ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវគម្រោង« ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ តាមរយៈការធ្វើអភិបាលកិច្ចល្អ ទៅលើអ្នកលក់ឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា៖ ផ្តោតលើទំនាក់ទំនង និងមតិនៃដៃគូរពាក់ព័ន្ធ» នៅសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាលកវិទ្យាធិការនៃសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោកស្រីសាស្ត្រាចារ្យ Misha Khan សហប្រធានគម្រោងស្រាវជ្រាវនៃ London School of hygien and tropical medicine របស់ចក្រភពអង់គ្លេស រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ និងនិស្សិត ជាច្រើនរូបទៀត ផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ទៀតថា «ដើម្បីការពារជំងឺមិនឱ្យមានភាពស៊ាំជាមួយនឹងថ្នាំពេទ្យនោះ អ្នកជំងឺទាំងអស់នៅពេលដែលឈឺ គឺមិនត្រូវធ្វើការផ្សំថ្នាំនៅតាមហ្វាម៉ាស៊ី ដោយខ្លួនឯង ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ ដែលនេះវាគឺជាចំណុចសំខាន់ណាស់ ព្រោះបើយើងនៅផ្សំថ្នាំលេបដោយខ្លួនឯង វាអាចនឹងមិនត្រឹមត្រូវនឹងជំងឺ ហើយអាចធ្វើឱ្យវីរុស នៃជំងឺនោះស៊ាំនឹងថ្នាំប្រឆាំងមេរោគផងដែរ។ បើយើងអាចគោរពបានទាំងអស់គ្នា នោះយើងនឹងអាចជៀសបាននូវភាពស៊ាំនៃមេរោគ ចំពោះថ្នាំប្រឆាំងនឹងមេរោគនេះបានហើយកាលណាមេរោគវាមាន ភាពស៊ាំ នឹងថ្នាំពេទ្យហើយ នោះវានឹងធ្វើឱ្យយើងមិនអាចជាពីជំងឺបាននោះទេ នឹងអាចធ្វើឱ្យយើងរងគ្រោះដល់អាយុជីវិតទៀតផង»។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា នៅប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះដែរ យើងបានដាក់ចេញនូវគោលនយោបាយជាតិប្រយុទ្ធទៅនឹងភាពស៊ាំ នៃមេរោគនេះនៅឆ្នាំ២០១៥ ដោយឈរលើគោលការណ៍ធំៗដូចជា៖ ការទទួលបាននូវការថែទាំសុខភាពប្រកបដោយគុណភាព គឺជាសិទ្ធិមនុស្សមូលដ្ឋាន ដែលរាជរដ្ឋាភិបាលទទួលខុសត្រូវជាចម្បង, ការថែទាំសុខភាពប្រកបដោយគុណភាពរួមមានទាំងវិធានការ និងអន្តរាគមន៍ផ្សេងៗដើម្បីបង្ការ និងទប់ស្កាត់ប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ, ភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ គឺជាការគំរាមកំហែងសុខភាពសាធារណៈ ដែលធ្វើឲ្យមានផលអវិជ្ជមានដល់សុខភាព និងសេដ្ឋកិច្ច, កម្មវិធីប្រយុទ្ធប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគមួយ ដែលជោគជ័យត្រូវការនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អន្តរស្ថាប័ន និងរួមបញ្ចូលគ្នានូវវិស័យជាច្រើន និងពាក់ព័ន្ធជាមួយភាគីច្រើន។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានឱ្យដឹងដែរថា សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវគម្រោង« ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ តាមរយៈការធ្វើអភិបាលកិច្ចល្អ ទៅលើអ្នកលក់ឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា៖ ផ្តោតលើទំនាក់ទំនង និងមតិនៃដៃគូរពាក់ព័ន្ធ» មានគោលបំណងចំបងក្នុងផ្សព្វផ្សាយនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវទាក់ទងការគ្រប់គ្រង ការចែកចាយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគឲ្យបានត្រឹមត្រូវ ក្នុងគោលដៅចូលរួមចំណែកក្នុងការកាត់បន្ថយនូវភាពស៊ាំ របស់របស់ឱសថប្រឆាំងមេរោគ ជូនដល់អ្នកចែកចាយឱសថប្រឆាំងមេរោគ អ្នកប្រើប្រាស់ឱសថប្រឆាំងមេរោគ និងអ្នករៀបចំគោលនយោបាយពាក់ព័ន្ធនឹងការងារគ្រប់គ្រង និងការចែកចាយឱសថប្រឆាំងមេរោគ។
លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបញ្ជាទៀតថា លទ្ធផលដែលទទួលបានពីការសិក្សាស្រាវជ្រាវនេះ អាចក្លាយជាធាតុចូលមួយក្នុងការរៀបចំកែសំរួលផែនការយុទ្ធសាស្ត្រ ក៏ដូចជាការងារអន្តរាគមន៍នានា នៅពេលអនាគតដើម្បីធ្វើឲ្យការគ្រប់គ្រង ការចែកចាយ និងការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព៕