ឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដែលកម្ពុជាត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ឲ្យធ្វើជាម្ចាស់កម្មវិធីសង្គម-វប្បធម៌នេះ។ ខ្ញុំសូមកោតសរសើរចំពោះលេខាធិការដ្ឋាន WTO ដែលបានសហការជាមួយក្រសួង ពាណិជ្ជកម្ម និងស្ថានបេសកកម្មកម្ពុជាប្រចាំ WTO រៀបចំកម្មវិធីដ៏វិសេសវិសាល នៅទីកន្លែងដ៏ស្រស់ ស្អាតនេះ។ ទន្ទឹមនេះ ខ្ញុំសូមអរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីជួបជុំនេះ។
ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ បានលើកទឹកចិត្តដល់កម្ពុជា ក្នុងជំនួបទ្វេភាគី កាលពីខែតុលា ឆ្នាំ ២០១៨ និងក្នុងជំនួបកាលពីព្រឹកមិញនេះ ដោយបានបញ្ជាក់ថា ទោះបី ស្ថិតក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី តែកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាស៊ាន និងក្នុង WTO ជាពិសេស បានធ្វើជាអ្នកសម្របសម្រួលបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ។ ជាការពិត ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច កម្ពុជាជឿលើអត្ថ ប្រយោជន៍នៃសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឈរលើវិធានគតិយុត្តិ។ យើងយល់ ថា ពាណិជ្ជកម្មពិភពលោក មិនគួរត្រូវបានរាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ ប៉ុន្តែគប្បីត្រូវបានលើកតម្កើង និងគាំទ្រ តាមរយៈការប្រកាន់នូវគោលនយោបាយអំណោយផលសមស្រប ព្រម ទាំងការផ្តល់ក្របខណ្ឌអនុគ្រោះពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍។ គឺនៅលើមូលដ្ឋាននៃជំនឿឥតងាក រេនេះហើយដែលខ្ញុំបានណែនាំដល់រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអគ្គរាជទូតរបស់ខ្ញុំ ឲ្យបន្តកិច្ចសហការជាមួយ សមាជិកដទៃទៀតឲ្យមានប្រសិទ្ធិភាពបំផុត ក្នុងដំណើរការចរចាកែទម្រង់ WTO នៅក្នុងកាលៈទេសៈ បច្ចុប្បន្ន ដែលតម្រូវឲ្យយើងរួមគ្នាពង្រឹងស្ថាប័នសកល «ពហុភាគីនិយម» ដ៏មានសារៈសំខាន់មួយនេះ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
នៅក្នុងប្រវត្ដិសាស្ដ្រទំនើបរបស់ខ្លួន កម្ពុជាបានជួបប្រទះនឹងគ្រោះមហន្ដរាយដ៏ធំមួយ គឺការធ្លាក់ចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនក្នុងឆ្នាំ ១៩៧០-១៩៧៥ និងរបបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៥-១៩៧៩ ដែលបានបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចរបស់ជាតិ។ ពួក ប៉ុល ពត បានសម្លាប់អ្នកចេះដឹងស្ទើរតែគ្មានសល់ ហើយបានបន្សល់ទុកនៅកម្ពុជាដ៏កំសត់នាពេលនោះ នូវគំនរផេះផង់ និងទឹកភ្នែក។ថ្វីត្បិតរបបខ្មែរក្រហមត្រូវបានបញ្ចប់នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្ដអូសបន្លាយ។ ស្ថិតនៅក្នុងស្ថានភាព «មានសង្គ្រាមផង សន្ដិភាពផង» កម្ពុជាពេលនោះបានប្រើប្រាស់ដៃម្ខាងសម្រាប់ការការពារប្រទេសពីការវិលត្រឡប់នៃអំពើប្រល័យពូជសាសន៍ និងដៃម្ខាងទៀតសម្រាប់កសាង និងអភិវឌ្ឍប្រទេសឡើងវិញពីចំណុចសូន្យ ក្នុងកាលៈទេសៈដែលមានការហ៊ុំព័ទ្ធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្ដិធម៌។ នាពេលនោះ ក្នុងនាមអ្នកដឹកនាំកំពូលមួយរូបនៃរដ្ឋាភិបាល ខ្ញុំបានប្រមូលធនធានមនុស្សដែលនៅសេសសល់ពីស្លាប់ ហើយមានសញ្ញាបត្របរិញ្ញាបត្រក្នុងចំនួនមួយមិនដល់ ១០០ នាក់ផង មកធ្វើការនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ ដើម្បីរៀបចំស្ដារប្រទេស និងជីវភាពប្រជាជនឡើងវិញ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទត្រូវបានបំផ្លាញ អស់គ្មានសល់។ រីឯច្រកពាណិជ្ជកម្ម ក៏អាចធ្វើបានតែជាមួយប្រទេសមួយចំនួនតូចប៉ណ្ណោះ។
ទោះបី កម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្ដិភាពទីក្រុងប៉ារីស នាឆ្នាំ ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទីមួយក្នុងឆ្នាំ ១៩៩៣ សង្គ្រាមស៊ីវិលនៅតែបន្ដ។ លោកអ្នកទាំងអស់គ្នា ប្រាកដជាអាចយល់បានយ៉ាងច្បាស់ថា ការកសាងប្រទេសជាតិមិនអាចធ្វើទៅបាននោះទេក្នុងកាលៈទេសៈដែលមានសង្គ្រាមឥតឈប់ឈរ។ នេះគឺជាហេតុផលដែលជម្រុញឲ្យខ្ញុំដាក់ចេញនូវ «គោលនយោបាយ ឈ្នះឈ្នះ» ដែលបាននាំមកជូនកម្ពុជានូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការទទួលបាននូវសុខសន្ដិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិពេញលេញនៅក្នុងទូទាំងប្រទេសជា លើកដំបូង នៅចុងឆ្នាំ ១៩៩៨ ក្នុងប្រវត្ដិសាស្ដ្រកម្ពុជាជាច្រើនទសវត្សរ៍ចុងក្រោយនេះ។ ដូចខ្ញុំធ្លាប់ បានគូសបញ្ជាក់ នេះជាសន្ដិភាពសម្រេចបានមកដោយកម្ពុជាផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬគ្រាប់រំសេវសូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្គាប់បញ្ជា ឬជួយជ្រោមជ្រែងពីខាងក្រៅ។
លើមូលដ្ឋាននៃសុខសន្ដិភាពដែលសម្រេចបានដោយលំបាកលំបិននេះ តពី យុទ្ធសាស្ដ្រត្រីកោណ ដែលត្រូវបានដាក់ចេញតាំងចុងឆ្នាំ ១៩៩៨ មក ខ្ញុំបានដាក់ចេញនូវ យុទ្ធសាស្ដ្រចតុកោណ នៅឆ្នាំ ២០០៣ ដែលបានដើរតួជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច សម្រាប់អនុវត្ដកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ នៅក្នុងចំណោមកិច្ចការសំខាន់ៗ ដែលជារបៀបវារៈគោលនយោបាយសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា យុទ្ធសាស្ដ្រចតុកោណ ក៏បានកំណត់យកការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា នៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាអាទិភាពសំខាន់មួយផងដែរ។ ឆ្លើយតបទៅនឹងតយុទ្ធសាស្ត្រនេះ កម្ពុជាបានចាប់ផ្ដើមកសាងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ធនធានមនុស្ស ច្បាប់ និងបទដ្ឋានគតិយុត្តិនានា ដើម្បីជាមូលដ្ឋានក្នុងការចូលរួមជាសមាជិក WTO រហូតបានក្លាយជាសមាជិកពេញសិទ្ធិនៅខែ តុលា ឆ្នាំ ២០០៤។
ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ខ្ញុំពិតជាមានមោទនភាព ក្នុងការជម្រាបជូនដល់អស់លោកអ្នកទាំងអស់គ្នាថា ជាលទ្ធផលនៃការពុះពារ និងការប្រឹងប្រែងដើម្បីរស់ឡើងវិញ ស្ដារ កសាង និងអភិវឌ្ឍជាតិក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ កម្ពុជសម្រេចបាននូវការកែប្រែមុខមាត់ដែលគ្មានអ្នកណាអាចនឹកស្មានដល់។ ពេលនេះ ប្រជាជាតិកម្ពុជាកំពុងតែសប្បាយរីករាយទទួលលទ្ធផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេស ដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈ។
ពីប្រទេសដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្ដើមអំណាចគ្នា និងការផ្លាស់ប្ដូររាជរដ្ឋាភិបាល ឥឡូវនេះ កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំបោះឆ្នោតដោយទៀតទាត់ សេរី និងយុត្តិធម៌ ដើម្បីផ្ដល់សិទ្ធិអោយប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស។
ពីប្រទេសមួយដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាវាលពិឃាដ ជាតំបន់អសន្តិសុខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងប្រទេសមានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្ន ទទួលបានសន្តិភាពពេញលេញ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពនៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសនាំចេញស្បៀងអាហារ មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលំអសូចនាករសង្គមនានា និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក ដែលថ្មីៗនេះ បានឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្នុងរង្វង់ជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក ព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សម្រាប់ឆ្នាំ ២០១៨ កន្លងទៅនេះ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥% ជាមួយនឹងការព្យាករណ៍ថា នឹងអាចបន្តរក្សាបានក្នុងរង្វង់៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០% ក្នុងឆ្នាំ ២០១៨។ ជាមួយគ្នានេះដែរកម្ពុជាបានធ្វើពិពិធកម្មជាបណ្ដើរៗនូវមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ទាំងផលិតផល និងទីផ្សារ ដែលក្នុងនោះការនាំចេញរបស់កម្ពុជាបានកើនពី ៥,៧ ប៊ីលានដុល្លារ (ស្មើនឹង ៤០,៥%នៃ ផសស) នៅឆ្នាំ ២០១២ មកដល់១៣ ប៊ីលានដុល្លារ(ស្មើនឹង ៥៣,២%នៃ ផសស)នៅឆ្នាំ២០១៧ និងបានធ្វើពិពិធកម្មបន្តិចម្ដងៗ ពីការនាំចេញសម្លៀកបំពាក់ទៅកាន់ផលិតផលសរុបផ្សេងទៀត។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
មុននឹងបញ្ចប់ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់បណ្ដាប្រទេស និងជាដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានជួយដល់កម្ពុជា និងបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងរយៈពេលកន្លងមក ហើយក៏សូមអំពាវនាវ ដល់សមាជិក WTO និងដៃគូអភិវឌ្ឍន៍ទាំងឡាយ ឲ្យបន្តជួយដល់ប្រទេសក្រីក្រឲ្យបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអាចបន្តជំរុញកិច្ចដំណើរការអភិវឌ្ឍន៍របស់ខ្លួនទៅមុខកាន់តែលឿនថែមទៀត ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ។
ខ្ញុំសង្ឃឹមថា កម្មវិធី «សង្គម-វប្បធម៌» នេះ នឹងផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់ ពិភាក្សានិងផ្លាស់ប្ដូរយោបល់លើគ្រប់បញ្ហាដែលជាឧបត្តមប្រយោជន៍នៃប្រទេសយើងនីមួយៗ។
ជាទីបញ្ចប់ ខ្ញុំសូមប្រកាសបើកកម្មវិធី «សង្គម-វប្បធម៌» ជាផ្លូវាការហើយសូមអញ្ជើញលោកអ្នកទាំងអស់គ្នា លើកកែវឡើង ដើម្បីអបអរសាទរនូវជោគជ័យរបស់យើងទាំងអស់គ្នា រួមទាំងអបអរដល់កិច្ចប្រជុំ «ការត្រួតពិនិត្យឡើងវិញជាសកល-លើកទី ៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម» និងការសម្ពោធដាក់ឲ្យប្រើប្រាស់ «យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០១៩-២០២៣»។ ខ្ញុំសូមជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕