FN ៖ នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន។
ពិធីសម្ពោធវិមានដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ពន្លត់នូវភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពនេះ ក៏ដូចជាការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅកម្ពុជា ប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះឧទ្ទិសសមិទ្ធិផលនេះដល់ជនរួមជាតិទាំងអស់ ដែលបានទទួលបានផលពីនយោបាយឈ្នះឈ្នះនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះឈ្នះនេះ ជារបស់រួមរបស់កម្ពុជា បើទោះបីមានជនខ្លះបានបដិសេធ តែពួកគេក៏កំពុងទទួលបានសមិទ្ធិផលនៃនយោបាយឈ្នះឈ្នះនេះផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានបួងសួងសូមឲ្យសមិទ្ធិផលកើតចេញពីនយោបាយឈ្នះឈ្នះនេះ បន្តស្ថិតនៅគង់វង្សជាអមតៈ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍នយោបាយឈ្នះឈ្នះនេះលំបាកខ្លាំងណាស់ ព្រោះតែភាពអតុល្យភាពនៃកងកម្លាំង ជាពិសេសការប៉ះប៉ោររបស់កងកម្លាំងខ្មែរក្រហម ដែលដំបូងឡើយមានតែពីរកងពលប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ផលលំបាកមួយទៀត គឺការប្រឹងប្រែងយកអតីតមេខ្មែរក្រហមលោក អៀង សារី មកធ្វើជាឆ័ត្រនយោបាយ ដើម្បីប្រមូលកងទ័ពខ្មែរក្រហមមកចុះចូលជាមួយរាជរដ្ឋាភិបាល។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានគោរពថ្លែងអំណរព្រះគុណដល់ព្រះបរមរតនកោដ្ឋ ដែលបានគាំទ្រការងាររបស់សម្តេចក្នុងការលើកលែងទោសលោក អៀង សារី នាពេលនោះ។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីនយោបាយឈ្នះឈ្នះផ្តួចផ្តើមដោយសម្តេច តែវាមិនអាចជោគជ័យឡើយ បើគ្មានការគាំទ្រពីសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសមាជិក សមាជិកា គណបក្សប្រជាជនទេនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្តេច ជា ស៊ីម សម្តេច ហេង សំរិន សមាជិក សមាជិកា សម្តេចក្រុមព្រះ កងកម្លាំងខ្មែរ រួមនឹងជនរួមជាតិទាំងអស់ ដែលបានគាំទ្រដល់ការអនុវត្តន៍នយោបាយឈ្នះឈ្នះនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះឈ្នះនេះ បើមានត្រឹមតែគំនិត ហើយគ្មានអ្នកប្រតិបត្តិករទេនោះ គឺមិនអាចទទួលបានជោគជ័យនោះឡើយ។ ត្រង់ចំណុចនេះ គឺសម្តេចសម្តៅដល់មនុស្សជំនិតទាំងឡាយ ដែលបានចូលរួមប្រតិបត្តិរហូតទទួលនយោបាយឈ្នះឈ្នះទទួលបានជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសម្តេច ទៀ បាញ់ ជាសេនាឯករបស់សម្តេចក្នុងអនុវត្តន៍ទាំងនយោបាយឈ្នះឈ្នះ និងកិច្ចការសំខាន់ៗរបស់ជាតិដទៃទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាប្រើសម្រាប់សាងសង់វិមាននយោបាយឈ្នះឈ្នះភាគច្រើនជាថវិការបស់សាលារាជធានីភ្នំពេញ។ សម្តេចតេជោ បានលើកឡើងថា ថវិកាសម្រាប់សាងសង់នេះបានចំណាយប្រមាណ ១២លានដុល្លាររួចទៅហើយ ហើយមានថវិកាមួយចំនួនបានត្រៀមបម្រុងសម្រាប់បន្តការសាងសង់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលសម្រេចសាងសង់វិមាននយោបាយឈ្នះឈ្នះនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ព្រោះតែតំបន់នោះនឹងក្លាយជាទីក្រុង រណបរបស់រាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិមាននយោបាយឈ្នះឈ្នះ មិនមែនជាផ្ទះរបស់សម្តេចនោះទេ តែគឺជារបស់សមិទ្ធិផលរួមរបស់ប្រជាពលរដ្ឋកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលជ្រើសយកថ្ងៃទី២៩ ខែធ្នូ ធ្វើជាថ្ងៃអបអរខួបនយោបាយឈ្នះឈ្នះដោយសារថ្ងៃនេះ នាយករដ្ឋមន្ត្រី ប្រធានសភា និងគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្មែរក្រហម បានមកចុះចូលដល់ផ្ទះរបស់សម្តេចដែលលើពិភពលោកនេះមិនទាន់មាននៅឡើយទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កោះសន្តិភាពរបស់កម្ពុជា បានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមព្រោះតែការធ្វើរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ សិរីមតៈ អ៉ិន តាំ ចេង អេង ជាដើម នៅឆ្នាំ១៩៧០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តួលរំលំខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក៏ពិតមែនតែរបបមួយនេះមិនបានដួលរលំទាំងស្រុងនោះទេ គ្រាន់តែប្តូរកន្លែងគ្នាឈរជើង និងគ្រប់គ្រងតែប៉ុណ្ណោះ ពោលខ្មែរក្រហមទៅនៅក្នុងព្រៃ ហើយកម្លាំងតស៊ូមករស់នៅក្នុងស្រុកវិញតែប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន គឺចង់ឲ្យអ៊ុនតាក់បញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ ប៉ុន្តែអ៊ុនតាក់បានដកខ្លួនចេញទៅវិញនៅថ្ងៃទី២៤ កញ្ញា ១៩៩៣ ដោយមិនបានបញ្ចប់ភ្លើងសង្គ្រាម ហើយទុកឲ្យកម្ពុជាជាប្រទេសមួយមានតំបន់ត្រួតត្រាពីរ ទោះបីគេចាយលុយអស់ជាង ២ពាន់លានដុល្លារក៏ដោយនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា DIFID មិនមែនជានយោបាយទេ តែជាយុទ្ធសាស្ត្រក្នុងការបំបែកកម្លាំងខ្មែរក្រហម។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចតែងតែសិក្សាស្វែងយល់ពីទឹកចិត្តរបស់កងកម្លាំងខ្មែរក្រហម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាគេចុះចូលជាមួយរាជរដ្ឋាភិបាលនោះឡើយ បើសិនជាគ្មានការធានាដល់អាយុជីវិត និងការរស់រៀនរបស់កម្លាំងខ្មែរក្រហមដែលចុះចូលទេនោះ។ សម្តេចស្នើឲ្យអ្នកជំនាន់ក្រោយចងចាំឲ្យបាននូវចំណុចមួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការធានាដល់មុខរបរ និងតួនាទីសម្រាប់កងទ័ពខ្មែរក្រហម គឺជាការផ្តល់ជំនឿចិត្តមួយទៀតសម្រាប់ការចុះចូលរបស់កងកម្លាំងខ្មែរក្រហម។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ចំណុចទី៣ ដែលផ្តល់ទំនុកចិត្តសម្រាប់កងកម្លាំងខ្មែរក្រហម គឺការរក្សានូវកម្មសិទ្ធិលើចលនទ្រព្យ និងអចលនទ្រព្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍នយោបាយឈ្នះឈ្នះបានចាប់ផ្តើមពីដើមឆ្នាំ១៩៩៦ រហូតដល់២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយចាប់ផ្តើមពីតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បំណងចង់យកស្រុកអន្លង់វែង ដែលជាតំបន់ចុងក្រោយនៅក្នុងឆ្នាំ១៩៩៧ តែដោយសារតែមានការផ្ទុះអាវុធនៅក្នុងរាជធានីភ្នំពេញ ទើបមានការពន្យារហូតដល់ឆ្នាំ១៩៩៨។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកងទ័ពខ្មែរក្រហមនៅស្រុកអន្លង់វែង ត្រូវចុះចូលនៅខែមេសា ឆ្នាំ១៩៩៨ ក៏ដោយនោះ តែសង្គ្រាមមិនបានបិទបញ្ចប់នោះទេ ព្រោះមេដឹកនាំខ្មែរក្រហមមួយចំនួនមិនបានចុះចូលនោះទេ ត្រូវរង់ចាំរហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
* សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ពីមូលហេតុដែលនាំយកមេដឹកនាំខ្មែរក្រហមទៅជួបដោយផ្ទាល់នៅផ្ទះរបស់សម្តេចផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ការជួបនេះ គឺចង់ផ្ញើសារចំនួន៣ទៅកងទ័ពខ្មែរក្រហម ប្រជាជន និងសហគមន៍អន្តរជាតិ។ ផ្ញើសារជូនកងកម្លាំងខ្មែរក្រហម ឲ្យបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំចុះចូលហើយ, សារទី២ ជូនប្រជាពលរដ្ឋខ្មែរថា សង្គ្រាមបានបិទបញ្ចប់ទាំងស្រុងហើយ ព្រោះប្រជាជនរង់ចាំនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងសារទី៣ គឺជាសារជូនទៅសហគមន៍អន្តរជាតិ ឲ្យមកវិនិយោគ ឬធ្វើទេសចរណ៍ ព្រោះកម្ពុជាគ្មានសង្គ្រាមទៀតទេ។
* សម្តេចតេជោ បានថ្លែងថា ចំណុចពិសេសនៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ គឺរយៈពេលពីឆ្នាំ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ មិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ តែធ្វើដោយការជឿទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ ដោយគ្មានការបង្គាប់បញ្ជាពីបរទេស។ ព្រោះតែការជឿទុកចិត្តគ្នានេះហើយ ទើបធ្វើសុខសន្តិភាពនេះ មានការរឹងមាំ និងយូរអង្វែងមកដល់ពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារដែលសម្តេចថ្លែងទៅកាន់កងកម្លាំងខ្មែរក្រហមពេលសម្តេចចូលទៅកាន់តំបន់កាន់កាប់របស់ខ្មែរក្រហមនោះថា ការដែលខ្មែរក្រហមចុះចូលមិនមែនជាការចុះចាញ់នោះទេ តែជាកាតព្វកិច្ចរបស់ខ្មែរជំនាន់ក្រោយក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម ដែលអ្នកជំនាន់មុនបានបន្សល់ទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនឿទុកចិត្តជាចំណុចពិសេសធ្វើឲ្យកម្ពុជាមានកងកម្លាំងរហូតដល់ទៅ៤ ក្លាយទៅជាកងកម្លាំងតែមួយនាពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានហេតុផលចំនួន៤ ដែលធ្វើអង្គការចាត់តាំងរបស់ខ្មែរក្រហមត្រូវដួលរលំទាំងស្រុង។ ទី១. អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ជាអង្គការចាត់តាំងធ្លាប់រំលោភសិទ្ធិមនុស្ស និងសម្លាប់មនុស្សរាប់លាន ដែលត្រូវទទួលជោគវាសនា នៃការរលំរលាយបែបនេះ, ២. អង្គការចាត់តាំងនេះ បានដើរចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយខ្លួនឯង និងដោយសារការបែកបាក់របៀបពាលស៊ីពាល ដោយការកាប់សម្លាប់គ្នាឯង (ប៉ុល ពត សម្លាប់ ស៊ុន សេន, តាម៉ុក ចាប់ ប៉ុល ពត ដាក់ឃុំ), ទី៣. ជាអង្គការចាត់តាំង ដែលដឹកនាំបង្កសង្គ្រាមបន្តទៅទៀត, និងទី៤. នយោបាយឈ្នះឈ្នះ បានប្រមូលមេដឹកនាំ និងកងទ័ពខ្មែរក្រហមចុះចូលអស់ទៅហើយ ដូច្នេះមេដឹកនាំខ្មែរក្រហមគ្មានហេតុផលត្រូវតស៊ូបន្តទៅទៀតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាមកុកមិនមែនមានតែក្នុងប្រទេសចិននោះទេ សាមកុក ក៏មាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី ចង់បញ្ចាក់ថា ក្នុងប្រវត្តិសាស្ត្រខ្មែរមានការបែកបាក់ប្រទេសជាតិមួយមានការបែងចែកតំបន់ត្រួតត្រាជាច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមុនឆ្នាំ១៩៧០ កម្ពុជាមានតំបន់គ្រប់គ្រងរហូតដល់ទៅ៤កន្លែង។ ទី១. ត្រួតត្រាដោយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចនរោត្តម សីហនុ, ២. ដឹកនាំដោយខ្មែរខៀវ នៅជាប់ព្រំដែនកម្ពុជា-ថៃ, ៣. នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ខ្មែរស, ៤. ខ្មែរក្រហម គ្រប់គ្រងតាមរបៀបស្បែកខ្លា។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រោយឆ្នាំ១៩៧០ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ ដោយតំបន់មួយគ្រប់គ្រងដោយ លន់ នល់ មានអាមេរិកជាបង្អែក និងមួយផ្នែកទៀត កងកម្លាំងតស៊ូ គ្រប់គ្រងដោយសម្តេចនរោត្តម សីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរបប លន់ នល់ ដួលរលំនៅឆ្នាំ១៩៧៥ កម្ពុជាមួយក៏មានតំបន់ត្រួតត្រាច្រើនផងដែរ តាមរយៈការដឹកនាំកម្លាំងតស៊ូនៅតាមតំបន់ មួយចំនួន ប្រឆាំងនឹងរបបខ្មែរក្រហម ដែលក្នុងនោះចន្លោះឆ្នាំ១៩៧៧ និង៧៨ សម្តេចក៏បានកសាងកម្លាំងមួយក្រុម ដើម្បីធ្វើការតស៊ូផងដែរ។
* សម្តេចតេជោ បានរំលឹកបន្ថែមថា ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ មករា ១៩៧៩ កម្ពុជាក្លាយជាប្រទេសមួយ ដែលមានតំបន់ត្រួតត្រា៤ជាថ្មី រួមមានកម្លាំងខ្មែរក្រហម កម្លាំងរាជានិយមដឹកនាំដោយសម្តេច នរោត្តម សីហនុ កម្លាំងរបស់លោកតា សឺន សាន្ត និងរបបក្រុងភ្នំពេញដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លុះក្រោយឆ្នាំ១៩៩៣ កម្ពុជាបានក្លាយជាប្រទេសមួយមានតំបន់ត្រួតត្រាពីរ គឺតំបន់មួយដឹកនាំដោយរាជរដ្ឋាភិបាល និងតំបន់មួយទៀត ដឹកនាំដោយខ្មែរក្រហម។ តែក្រោយឆ្នាំ១៩៩៨ កម្ពុជា បានក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ។
* សម្តេចតេជោ ហ៊ុន សែន សុំឲ្យស្ថានភាពប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយស្ថិតនៅជាអមតៈសម្រាប់សង្គមកម្ពុជាដ៏កម្សត់មួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងនយោបាយឈ្នះឈ្នះមិនអាចបិទបញ្ចប់ត្រឹមតែការយកកម្លាំងខ្មែរក្រហមមករួមរស់ជាមួយរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែការជោគជ័យ យ៉ាងពិតប្រាកដ គឺការប្រឹងប្រែងអភិវឌ្ឍន៍ដោយការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់សាលារៀន និងមន្ទីរពេទ្យជាដើម នៅលើទឹកដីខ្មែរក្រហម គឺជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរលែងព្រួយបារម្ភពីការព្រាត់ប្រាស់គ្នាដោយសារភ្លើងសង្គ្រាមទៀតហើយ ហើយដីដែលនៅតំបន់សង្គ្រាមដែលធ្លាប់តែរត់ចោលកំពុងមានហាងឆេងឡើងថ្លៃខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយបញ្ចប់សង្គ្រាមទាំងស្រុងកាលពី២០ឆ្នាំមុន ប្រជាពលរដ្ឋកម្ពុជាមានចំណូលតិចតួច តែ២០ឆ្នាំក្រោយ ប្រជាពលរដ្ឋកម្ពុជាទទួលបានចំណូលប្រចាំឆ្នាំជាង ១៤០០ដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធ្វើឲ្យកម្ពុជាសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺទាមទាររក្សាឲ្យបាននូសុខសន្តិភាព និងប្រទេសមួយមានតំបន់ត្រួតត្រាមួយ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកទាំងឡាយកុំរំខានការរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈហេតុផលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវចំពោះអាមេរិក និងប្រទេសដទៃទៀត កុំព្យាយាមសាងកំហុសលើកទី៣នៅលើទឹកដីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា កំហុសអាមេរិកទី១ គឺគាំទ្ររដ្ឋប្រហារយោធា ក្នុងនាមគេជាប្រទេសអួតអាងថាប្រកាន់លទ្ធិប្រជាធិបតេយ្យនៅឆ្នាំ១៩៧០, កំហុសទី២ គឺការគាំទ្រ ប៉ុល ពត ដែលបានសម្លាប់មនុស្ស ដោយមិនបានគិតគូរសិទ្ធិមនុស្ស។ គាំទ្រឲ្យខ្មែរក្រហមមានអាសនៈនៅអង្គការសហប្រជាជាតិរយៈពេល ១២ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីការគ្មានទំហំពាណិជ្ជកម្ម មកដល់បច្ចុប្បន្នកម្ពុជាមានទំហំពាណិជ្ជប្រមាណ ២៥ពាន់លានដុល្លារ និងនាំចេញ ១២ពាន់លានដុល្លារ។ កម្ពុជា ពីប្រទេសសូន្យទេសចរ ទៅជាប្រទេសមានអ្នកទេសចរជិត ៦លាននាក់។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះហើយគឺជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលគ្រប់គ្នាត្រូវតែរក្សាឲ្យបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនជាបុគ្គលនិយម មិនមែនជាអទិទេពទេ។ តែសម្តេច និងភរិយា បានផ្សារភ្ជាប់ក្នុងព្រឹត្តិការណ៍ពេលប្រទេស មានកលយុគច្រើន។