FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានភ្ញៀវទេសចរពី ៦០-៧០ម៉ឺននាក់ នឹងចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលក្នុងរយៈពេលបីថ្ងៃពេញ ភ្ញៀវទេសចរចូលទស្សនាមិនតិចជាង ២លាននាក់ឡើយ នឹងចួលរួមទស្សនាព្រះពិធីបុណ្យដ៏ធំនេះ។
ការថ្លែងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្រោយបញ្ចប់កិច្ចសំណេះសំណាលជាមួយកីឡាករអុំទូកទាំង៣ របស់ក្រសួងទេសចរណ៍ និងស្រុកបារាយណ៍ ដែលស្នាក់នៅតាមរោងចំណុះទូកង ស្ថិតនៅខណ្ឌជ្រោយចង្វា នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ប្រហែលជា២លាននាក់យ៉ាងតិច ក្នុងរយៈពេលបីថ្ងៃ, ថ្ងៃដែលច្រើនជាងគេ គឺថ្ងៃទី២ ថ្ងៃទី៣ ហ្ចឹងក្នុងមួយថ្ងៃ ប្រហែលជា៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់»។
លោកបន្តថា សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ប្រហែលមានចាប់ពី ៥ពាន់នាក់ ក្នុងមួយថ្ងៃៗ នេះបើគិតតែអ្នកចេញចូលទស្សនាលើវេទិកាទេសចរណ៍ដែលនៅមាត់ទន្លេ និងនៅមានទេសចរអន្តរជាតិ ដើរកំសាន្តច្រើនទៀតក្រៅវេទិកា។ នៅលើវេទិកាទេសចរណ៍ គេមានរៀបចំទទួលភេសជ្ជៈ មានអ្នកបកប្រែច្រើនភាសា។
លោកជឿជាក់ថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកនេះច្រើនជាងឆ្នាំមុន ព្រោះក្រសួងទេសចរណ៍បានផ្សព្វផ្យាយញឹកញាប់មកហើយ ហើយជីវភាពរស់នៅរបស់ប្រជាពរដ្ឋ ក៏កាន់តែមានការរីកចម្រើនជាងមុនផងដែរ។
ជាការពិតណាស់ ព្រះរាជអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ពោលគឺនឹងបើកឆាកដំបូងនៅថ្ងៃស្អែកនេះហើយ ក្នុងនោះលោករដ្ឋមន្ត្រី ថោង ខុន បានដាក់តឿនផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ សូមគិតគូរពីសុខភាពជាចម្បង កុំសូវដើរលេងច្រើនពេក ក្រែងគ្មានកម្លាំងគ្រប់គ្រាន់ក្នុងពេលប្រណាំង។
លោកបានផ្ដាំផ្ញើទៀតថា ការប្រណាំងទូកនេះ ចាញ់ឈ្នះជារឿងធម្មតា ប៉ុន្តែអ្វីដែលសំខាន់គឺការចូលរួម ការរួបរួមសាមគ្គីគ្នា ការរាប់អានគ្នាទៅវិញទៅមក ព្រមទាំងការចូលរួមបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
លោករដ្ឋមន្ត្រីបានបន្តថា កីឡាករអុំទូកទាំងអស់ត្រូវមានវិន័យ គោរពម៉ឺងម៉ាត់តាមបទបញ្ជារបស់គណៈកម្មការបច្ចេកទេស ត្រូវមានអនាម័យក្នុងការស្នាក់នៅហូកចុក ចៀសវាងការបរិភោគអាហារណាដែលនាំឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់ប្រភេទ។ ចំណែកឯចុងភៅត្រូវចម្អិនអាហារបានគ្រប់គ្រាន់ មានអនាម័យល្អ ដើម្បីបំប៉នកម្លាំងកីឡាករក្នុងក្រុមរបស់ខ្លួនឱ្យមានកម្លាំងថាមពលខ្លាំងក្លា។
លោករដ្ឋមន្ត្រីបានសុំឱ្យកីឡាករ និងអ្នកចូលរួមទាំងអស់ ចូលរួមថែរក្សាអនម័យសាធារណៈ បរិស្ថានឱ្យបានល្អ កុំបោះសំរាមចោលផ្តេសផ្តាស ត្រូវបោះដាក់ក្នុធុងសំរាម ហើយបើឃើញសំរាមជាដប កំប៉ុង ឬប្លាស្ទិក ស្នើជួយរើសមកដាក់ក្នុងធុងសំរាម ដែលសាលារាជធានីបានរៀបចំ។ គួរនាំគ្នាកែទម្លាប់រស់នៅជាបណ្តើរៗ ដើម្បីឱ្យប្រទេសកម្ពុជាពោរពេញដោយភាពស្អាត និងបៃតង មានអនាម័យល្អ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងក្រសួងទេសចរណ៍ ក៏បានចែកជូនគណៈកម្មការទូក និងក្រុមកីឡាករអុំទូកនូវអំណោយមួយចំនួនផងដែរ រួមមាន៖ ទឹកស៊ីអ៊ីវ មី អង្ករ ខោអាវ មួក ទឹកបរិសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួនទៀតដែរ៕