ដំបូង ខ្ញុំសូមថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តម អាបេ ដែលបានថ្លែងពាក់ព័ន្ធជាមួយជំនួបអម្បាញ់មិញនេះ។ ខ្ញុំពិតជាមានការរីករាយ ដែលបានមកទស្សនកិច្ចសាជាថ្មីម្តងទៀត ចំខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយជប៉ុន។ វាសារសំខាន់ខ្លាំងណាស់នៅក្នុងការកសាងនូវទំនាក់ទំនងនេះ តាមរយៈនៃការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។ កាលពីឆ្នាំកន្លងទៅនេះ ខ្ញុំក៏មកទស្សនកិច្ចនៅទីនេះ ហើយថ្ងៃនេះជាថ្មីម្តងទៀត យើងទស្សនកិច្ចដើម្បីពង្រឹងចំណងទាក់ទងរបស់យើងក្នុងភាពជាដៃគូយុទ្ធសាស្ត្រ។
ខ្ញុំជាមួយឯកឧត្តម អាបេ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើទំនាក់ទំនង ក៏ដូចជាបញ្ហាអន្តរជាតិ និងបញ្ហាតំបន់មួយចំនួនទៀត។ ចំណុចទាក់ទងជាមួយនឹងកម្ពុជា ខ្ញុំពិតជាមានការពេញចិត្ត ជាមួយនឹងអ្វីដែលឯកឧត្តម អាបេ បានលើកឡើងទាក់ទងនឹងការអញ្ចើញយុវជន អ្នកដឹកនាំវ័យក្មេងនៃបណ្តាបក្សនយោបាយ ក៏ដូចជាស្ថាប័នយុត្តិធម៌ ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមកទស្សនកិច្ចដកពិសោធន៍នៅប្រទេសជប៉ុន។ នេះជាវិធីសាស្ត្រនៃការកសាងលទ្ធិប្រជាធិបតេយ្យសម្រាប់អនាគតវែងឆ្ងាយរបស់កម្ពុជា។ អ្នកនយោបាយចាស់ៗ អាចផុតទៅ ក៏ប៉ុន្តែសម្រាប់អ្នកនយោបាយក្មេងៗ គេអាចកសាងវប្បធម៌ប្រជាធិបតេយ្យមួយរយៈពេលយូរ ហើយមានសុខដុមរមនាជាមួយគ្នាផងថែមទៀត។
នៅក្នុងពេលចរចា ខ្ញុំក៏បានស្នើសុំឯកឧត្តម អាបេ ដើម្បីបន្តការជួយគាំទ្រទៅដល់ការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ព្រោះការបោះឆ្នោតនៅកម្ពុជា មិនមែនគ្រាន់តែធ្វើ ដូចរយៈពេលបញ្ចប់នៅឆ្នាំ ២០១៨ ទេ យើងត្រូវធ្វើតាមការកំណត់តទៅទៀត។ ដូចជាពេលបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំៗ ត្រូវធ្វើមួយដង។ នោះហើយដែលជាលទ្ធផលសម្រាប់ឈានទៅរកដំណើរការប្រជាធិបតេយ្យជាបន្តទៀតរបស់យើង។
នៅថ្ងៃស្អែក នឹងមានការប្រជុំរវាងជប៉ុនជាមួយមេគង្គ។ ខ្ញុំគិតថា ប្រហែលជាលើកដំបូង ដែលបណ្តាប្រទេសមេគង្គស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាក់ទងនឹងតំបន់ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ នេះជាធាតុផ្សំមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព នៅក្នុងតំបន់របស់យើង។ អាស៊ីត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ ២០២០។ កម្ពុជាជាបេក្ខភាពសម្រាប់ជាម្ចាស់ផ្ទះ។ ឯកឧត្តម អាបេ ក៏បានគាំទ្រទៅដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អឺរ៉ុប នៅឆ្នាំ ២០២០ ហើយសង្ឃឹមថានឹងមានការអនុម័តទៅលើគោលជំហរបែបនេះ សម្រាប់ការប្រជុំអាស៊ី-អឺរ៉ុប នៅប៊្រុចសែល នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខាងមុខនេះ។
ជាថ្មីម្តងទៀតអរគុណចំពោះឯកឧត្តម នាយករដ្ឋមន្ត្រី៕