FN ៖ នៅក្នុងថ្ងៃខួបលើកទី២០ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើសម្តេចតេជោ ហ៊ុន សែន នៅខេត្តសៀមរាប, សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងច្បាស់ថា ដរាបណាសម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាតឲ្យមានបុគ្គលណា ឬក្រុមណា ធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌ នៅក្នុងប្រទេសបាននោះទេ។
សម្តេចបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយសម្តេចត្រូវតែការពារសន្តិភាព និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា។
សរសេរក្នុង Facebook ផ្លូវការរបស់សម្តេចនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែកញ្ញានេះដែលជាខួបលើកទី២៩ឆ្នាំ នៃការប៉ុនប៉ងសម្លាប់សម្តេចនៅខេត្តសៀមរាប, សម្តេចតេជោ ហ៊ុន សែន បានសរសរយ៉ាងដូច្នេះថា «ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំ នៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថា ពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេ មិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយ ខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខានតែបាន»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅម៉ោង៨៖៥២នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានគ្រាប់រ៉ុក្កែត បេ៤០ មួយគ្រាប់ ក្នុងចំណោម៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្តខ្ញុំទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។
សម្តេចបានបញ្ជាក់ទៀតថា ការរៀបចំធ្វើឃាតលើរូបសម្តេចនាពេលនោះ ត្រូវបានធ្វើឡើងស្របពេល នៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ទាំង៤គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតសម្តេចត្រូវចប់តាំងពីពេលនោះមក។
សម្តេចតេជោ ហ៊ុន សែន បានអរព្រះគុណទេវតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីវត្ថុស័ក្តិសិទ្ធទាំងអស់ ដែលជួយការពារសម្តេចនាពេលនោះ។ សម្តេចជឿច្បាស់ណាស់ថា អ្នកជួយជីវិតសម្តេចនាពេលនោះ គឺតាមផ្លូវងងឹត គឺគុណបុណ្យ ទេវតាទាំងភូមិទេវតា រុក្ខទេវតា អាកាសទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីដែលតាមថែរក្សាសម្តេចជាប្រចាំកន្លងមក បានជួយជីវិតសម្តេចឲ្យរស់បាន២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យសម្តេចបានដឹកនាំប្រទេសចេញពីសង្រ្គាមមកកាន់សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
បើទោះជាមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតសម្តេចក្តី ក៏សម្តេចតេជោ ហ៊ុន សែន បានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់សម្តេច នៅខេត្តសៀមរាបរួចហើយ បើទោះជាសម្តេចមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ៕