FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡា សរុបជាង៧០នាក់ ចូលជួបទទួលដំបូន្មានមួយចំនួន នៅវិមានសន្តិភាព មុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះជារឿងល្អមួយដែលការរៀបកម្មវិធីអន្តរជាតិនានា ក៏ដូចជាការប្រកួង Asian Games ជាដើម មិនជាន់ជាមួយការបោះឆ្នោត ជាហេតុមិនមានការខកខានបោះឆ្នោតពីមន្រ្តី ក៏ដូចជាកីឡាករ កីឡាការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានចំណាយពេល ៦០ឆ្នាំ ទម្រាំអាចដណ្តើមបានមេដាយមាស Asian Games ដែលមិនមែនជារឿងងាយស្រួលនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា ត្រូវការវិនិយោគបន្ថែមទៀតលើវិស័យកីឡា ដើម្បីជំរុញវិស័យកីឡានៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែវិស័យកីឡាទេ ដែលអាចអនុវត្តន៍តាមស្តង់ដារអន្តរជាតិតែមួយ។ ប៉ុន្តែនិយាយពីនយោបាយវិញមិនអាចនិយាយ ពីស្តង់ដារអន្តរជាតិបាននោះទេ ព្រោះគ្រប់ប្រទេសទាំងអស់មានរបបនយោបាយផ្សេងៗគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអ្នកលើកឡើងពីការគោរពស្តង់ដារអន្តរជាតិលើផ្នែកនយោបាយ គឺជាទស្សនៈមនុស្សឆ្កួត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្ស៊ី ដែលទើបបញ្ចប់ទៅថ្មីៗនេះ មានភាពសុក្រឹតត្រឹមត្រូវច្រើន ដែលជាហេតុនាំឲ្យមានទំនុកចិត្តខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី និងក្រុមអ្នកប្រឆាំងថា លទ្ធផលឆ្នោតជាការកេងបន្លំ ជាការបំប៉ោងទិន្នន័យ ជាសណ្តានរបស់មនុស្សឆ្កួត ហើយជាលេសចុងក្រោយរបស់ក្រុមប្រឆាំង ដើម្បីវាយប្រហារការបោះឆ្នោតនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកថា លទ្ធផលបោះឆ្នោតនៅកម្ពុជាមានការបំប៉ោង និងបំភិតបំភ័យនោះ ហ៊ានស្បថឲ្យរន្ទះបាញ់ ឬ ទេវតាបរាមុខឲ្យងាប់តៃហោងដែរឬទេ?
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន បបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់គ្រប់ទម្រង់នៃគ្រោះថ្នាក់ទាំងអស់ ទៅលើលទ្ធផលបោះឆ្នោត ដែលត្រូវបានគេចោទថា មានការបំប៉ោងទិន្នន័យនោះ។
* ឆ្លើយតបការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី និងអតីតមេដឹកនាំបក្សសង្គ្រោះជាតិថា ការឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ដោយសារតែអត់វត្តមានគណបក្សសង្គ្រោះជាតិនោះ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា ចុះការបោះឆ្នោតប៉ុន្មានអាណត្តិមុននោះម៉េចក៏មិនដែលឈ្នះ?
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នឹងគ្មានការលើកលែងឲ្យលោក សម រង្ស៊ី នោះឡើយ ហើយប្រសិនបើគេចង់មានការពិចារណា លើការលើកលែងទោសនេះត្រូវមកចូលគុកនៅកម្ពុជាជាមុនសិន។
* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ប្រសិនទណ្ឌិត សម រង្ស៊ី មិនហ៊ានស្បថចំពោះការលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាជាការបំប៉ោងទិន្នន័យ គឺជាការចុះចាញ់ និងមិនហ៊ានទទួលស្គាល់ការពិត។
* សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យបង្កើតរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនៅក្នុងខែសីហា ប្រសិនបើមិនមានបណ្តឹងតវ៉ាអ្វីច្រើនទេនោះ ដើម្បីសម្តេចចេញទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ
* សម្តេចតេជោ ហ៊ុន សែន ឲ្យសារព័ត៌មាន Fresh News និងប្រតិកម្មរហ័សយកការធ្វើប្រជាមតិលើការបោះឆ្នោតនៅកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី មកបង្ហោះឡើងវិញ។ ប្រជាមតិនោះទណ្ឌិត សម រង្ស៊ី ថា បើប្រជាពលរដ្ឋមិនចេញទៅបោះឆ្នោតច្រើន គឺគេឈ្នះ តែបើប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើន គឺគេចាញ់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមិនទាន់មានប្រទេសណាមួយដកទូតពីកម្ពុជានៅឡើយនោះទេ។ ដូច្នេះក្រុមប្រឆាំងកុំដេករំពឹងលើការអន្តរាគមន៍របស់អន្តរជាតិនោះ។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការកើនឡើងសំឡេងគាំទ្ររបស់គណបក្សប្រជាជននៅក្នុងអាណត្តិនេះ ដោយសារប្រជាពលរដ្ឋដែលធ្នាប់ថ្នាំងថ្នាក់ជាមួយ គណបក្សប្រជាជនបានងាកមកគាំទ្រឡើងវិញ បន្ទាប់ពីបានមើលឃើញពីការខិតខំរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងបានយល់ច្បាស់ពីសណ្តានរបស់ក្រុមប្រឆាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើរាជរដ្ឋាភិបាលអាចបង្កើតបាននៅក្នុងខែសីហានេះ សម្តេចនឹងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ប្រាប់ក្រុមប្រឆាំងថា សម្តេចមានសិទ្ធិថ្លែងការណ៍នៅអង្គការសហប្រជាជាតិ ជាការឆ្លើយតបក្រុមកាត់សិទ្ធិធ្វើនយោបាយដែលថា សម្តេចនឹងត្រូវអន្តរជាតិគេចាប់ខ្លួននោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលថ្មី និងក្បាលម៉ាស៊ីនរដ្ឋសភា បានធ្វើរួចរាល់ ហើយកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីក៏បានធ្វើរួចរាល់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីនយោបាយ គឺយុទ្ធសាស្ត្រចតុកោណនៅតែប្រើដដែលគ្រាន់តែសម្រួចមុខព្រួញមួយចំនួន។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់គ្រូបង្វឹក និងគណៈប្រតិភូឲ្យមានការពិចារណាលើបញ្ហាបញ្ចុះគីឡូរបស់កីឡាករ កីឡាការិនី ដើម្បីស្មើគីឡូជាមួយកីឡាករដទៃ។ សម្តេចតេជោ បានលើកឡើងថា ការបញ្ចុះគីឡូនេះនាំឲ្យបាត់បង់កម្លាំង និងសមត្ថភាពប្រកួត។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់កីឡាករ កីឡាការិនីថា ចាញ់ឈ្នះជារឿងធម្មតារបស់កីឡា តែកុំបំពានច្បាប់របស់កីឡា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសនានា ដែលបានជួយបង្វឹកបង្ហាត់កីឡាករ កីឡាការិនីរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីឋានៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ កុំអាលអស់សង្ឃឹមប្រសិនបើការតែងតាំងលើកទី១មិនមានឈ្មោះទេនោះ។
* សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់អត្តពលិក កីឡករ កីឡាករិនី គ្រូបង្វឹក និងប្រតិភូចេញទៅប្រកួតកីឡាប្រចាំទ្វីបអាស៊ី (Asian Games) សរុប ៧១នាក់ ម្នាក់ៗ ៥០០ដុល្លារ។