FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តី ក៏ដូចជាអាជ្ញាធរខេត្តចុះពិនិត្យកំណត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ។
ក្នុងដំណើរចុះមកពិនិត្យកំណាត់ផ្លូវនាព្រឹកនេះ លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺផងដែរ។
ក្នុងជំនួបនោះ បានពិភាក្សាគ្នាពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកភ្លៀង និងការស្តាប់នូវរបាយការណ៍ពីផលប៉ះពាល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងខេត្តផងដែរ។
លោក វី សំណាង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យខូវផ្លូវ និងស្ពានច្រើន ដោយឡែកដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺមិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ តែទោះជាយ៉ាងណាជំនន់ទឹកភ្លៀងនេះ មិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ ពោលអាជ្ញាធរបានចេញប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។
លោក វី សំណាង ក៏បានអះអាងថា ភាពទំនើបផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក៏ជាចំណែកមួយជួយឲ្យការដោះស្រាយបញ្ហាទឹកជំនន់បានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។ លោកបានលើកឡើងថា ដោយសារភាពទំនើបផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ បានធ្វើឲ្យការផ្សព្វផ្សាយពីបញ្ហាគ្រោះទឹកជំនន់ទៅកាន់ប្រជាពលរដ្ឋបានលឿន ហើយវិធានការនានា ក្នុងការជម្លៀស និងរំដោះទឹកក៏បានទាន់ពេលវេលាផងដែរ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា ដោយសារតែខេត្តកំពង់ឧស្សាហ៍ជួបគ្រោះទឹកជំនន់ ដូច្នេះវិធានការក្នុងការជម្លៀស និងសង្គ្រោះប្រជាពលរដ្ឋ ធ្វើឡើងបានទាន់ពេលវេលា។ តែបើទោះបីជាយ៉ាងណា លោកអះអាងថា ការយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅតែបន្តយកចិត្តទុកដាក់ ដើម្បីធានាថា មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតក្នុងគ្រោះទឹកជំនន់នេះ។
ពាក់ព័ន្ធនឹងផ្លូវវិញ លោក ស៊ុន ចាន់ថុល បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៤នេះ ត្រង់គីឡូម៉ែត្រលេខ១១៦ គឺលិចស្ទើរតែរៀងរាល់ឆ្នាំ ដូចនេះក្រុមការងារកំពុងសិក្សាលើកកម្ពស់ទ្រូងផ្លូវ ក៏ដូចជាធ្វើស្ពានត្រង់ចន្លោះណាមួយ ដើម្បីបើកមុខទឹកឲ្យហូរបានលឿន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ធានាគារពិភពលោកបានផ្តល់កម្ចីប្រមាណ ១១០លានដុល្លារ សម្រាប់ស្តារឡើងវិញផ្លូវជាតិលេខ៤នេះ ដោយមានការពង្រីកទទឹងផ្លូវពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ។ បន្ថែមពីលើនោះ ក៏នឹងសិក្សាពីការរំដោះជំនន់ទឹកលិចផងដែរ។
សូមបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យផ្លូវនាព្រឹកថ្ងៃនេះ ក្រៅពីការពិនិត្យកំណាត់ផ្លូវជាតិលេខ៤ទៅ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏នឹងចុះទៅពិនិត្យផ្លូវជាតិលេខ៣ លេខ៣៣ លេខ៣១ និង៤១ផងដែរ។ ផ្លូវទាំងនេះមានការខូចខាតខ្លាំងបន្ទាប់ពីមានការធ្វើធ្វើចរាចរ និងដឹកជញ្ជូនមមាញឹកបន្ទាប់ពីផ្លូវជាតិលេខ៤ ត្រូវលិចទឹក៕