FN ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឲ្យដឹងថា នៅរដូវប្រមូលស្រូវខាងមុខនេះ ប្រជាពលរដ្ឋនឹងមិនបារម្ភពីតម្លៃស្រូវឡើយ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានរួចរាល់ហើយក្នុងការទម្លាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក កៅ ថាច ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដានេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «កិច្ចពិភាក្សា និងពិគ្រោះយោបល់អំពីទីផ្សារ រវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម» ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ធំ។
ពិធីនេះមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រក្ខាម្រមាញ់ និងនេសាទ ខេត្ត, លោកឧកញ៉ា ហង់ សុគន្ធ ប្រធានសហគមន៍កសិកម្ម, លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយ៍, អាជ្ញាធរមូលដ្ឋាន តំណាងក្រសួង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងតំណាងមកពីសហគមន៍កសិកម្មចំនួន១០ និងចំនួនអ្នកចូលរួម ប្រមាណជាង៣០០នាក់។
លោក សុខ លូ អភិបាលខេត្ត បានលើកឡើងថា ខេត្តកំពង់ធំ ជាខេត្តសក្កានុពលកសិកម្ម កសិឧស្សាហកម្ម ស្រូវ កៅ ស៊ូ និងដំណាំរួមផ្សំផ្សេងៗ។ ក្នុងនោះផ្ទៃដីដាំដុះស្រូវ ប្រាំង និងវស្សា សរុប២៦៨,៨៦០ហិកតា ទិន្នផលស្រូវគិតជាមធ្យម៣តោន ក្នុងមួយហិកតា ហើយសរុបក្នុងមួយឆ្នាំ៨០២,៧០៣តោនក្នុងមួយឆ្នាំ។ ដីដាំដំឡូងមីចំនួន៤១,៩២១.៥០ហិកតា, ស្វាយចន្ទី ២៤,៤៩៤.៥០ហិកតា, ដំណាំរួមផ្សំ ៥៩,៥៣៩ហិកតា, រោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តខ្នាតតូច៤,២១៩កន្លៃង ខ្នាតមធ្យម២៣០កន្លែង, ខ្នាតធំ៤៩កន្លៃង។ រោងម៉ាស៊ីនសំងួតស្រូវ១៥កន្លៃង និងរោងម៉ាស៊ីនឆ្នៃមើមដំឡូងមីចំនួន៣កន្លៃង។
ថ្លែងក្នុងឱកាសនោះ លោក កៅ ថាច បានបញ្ជាក់ថា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បានខិតខំដោះស្រាយជូន បានដោយជោគជ័យ និងទប់ស្កាត់បាននូវបញ្ហាធ្លាក់ចុះ នៃតំលៃស្រូវក្រោមទីផ្សារ តាមរយៈ យន្តការនៃការផ្តល់ឥណទានពិសេស ដែលផ្តល់ជូនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនោះការទំលាក់កញ្ចប់ថវិកាឥណទានពិសេស ដើម្បីសាង់សង់ឃ្លាំងស្តុកស្រូវចំនួន២សែនតោន និងឡសំងួតស្រូវ ចំនួន៣,០០០តោនក្នុងមួយថ្ងៃ ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលមានសមត្ថភាពស្រូបទាញ ស្រូវពីប្រជាកសិករជុំវិញតំបន់បាន។
ដោយឡែកគម្រោងនេះ បានផ្តល់ជូន និងកំពុងសាងសង់ឃ្លាំងស្តុកស្រូវ៥ម៉ឺនតោន និងឡសំងួតស្រូវ១,៥០០តោនក្នុងមួយថ្ងៃ នៅតំបន់ខេត្តកំពង់ធំ ព្រៃវែង និងតាកែវ។ បន្ថែមពីរាជរដ្ឋាភិបាល បានទំលាក់កញ្ចប់ឥណទាន ពិសេស ដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតំលៃទីផ្សារ ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ ដើរតួរធ្វើជាប្រតិបត្តិករ ក្នុងការអនុវត្តឥណទានពិសេសនេះ។
លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានបង្កើនឥណទាន ជាទុនបង្វិលកើនឡើងដល់៥០លានដុល្លារអាមេរិក (កញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាល ចំនួន៤៣លានដុលារអាមេរិក និងប្រើប្រាស់មូលនិធិផ្ទាល់ របស់ធនាគារអភិវឌ្ឍន៍ជនបទចំនួន៧ លានដុល្លារអាមេរិក) ដល់រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុនកែច្នៃ និងនំាចេញអង្ករ និងមជ្ឈមណ្ឌល ឬអ្នកប្រមូលទិញស្រូវ សម្រាប់ប្រមូលទិញស្រូវនារដូវប្រមូលផល។
ក្នុងគម្រោងបង្កើនផលិតភាព ផលិតកម្មកសិកម្ម រាជរដ្ឋាភិបាល បានជួយឧបត្ថម្ភធនលើតម្លៃពូជស្រូវ សម្រាប់បងប្អូនប្រជាកសិករប្រមាណ១,០០០រៀល ក្នុង១គីឡូ មានន័យថា ប្រសិនអ្នកផលិតពូជស្រូវ លក់ក្នុងតម្លៃ ៣,០០០រៀល ក្នុង១គីឡូ គឺរដ្ឋជួយចេញ១,០០០ រៀល កសិករចេញតែ២,០០០រៀលទេ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកបានគិតគូរខ្ពស់ ដោយធ្វើយ៉ាងណា សម្រួលដល់ការប្រកបរបរកសិកម្ម របស់បងប្អូនប្រជាកសិករ។
លោកអគ្គនាយក RDB បញ្ជាក់ថា បន្ថែមពីលើឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ខ្នាតធំ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្ថែមលើការរក្សាសុវត្ថិភាពថ្លៃស្រូវ សម្រាប់រយៈពេលវែង ដោយក្នុងនោះការកាត់បន្ថយថ្លៃដើមផលិត តំលៃដឹកជញ្ជូន របស់កសិករមកកាន់ទីផ្សារផងដែរ ការសិក្សាអំពីការត៏ភ្ជាប់ផ្លូវ ដឹកជញ្ជូនកសិផលផងដែរ។ ជាក់ស្តែងផ្លូវនៅក្នុងតំបន់មួយចំនួន កំពុងស្ថិតនៅក្នុងគម្រោងសិក្សា ជួសជុល ធ្វើថ្មី កែលម្អឡើងវិញដើម្បីធ្វើការត៏ភ្ជាប់តំបន់ផលិត មកទីផ្សារ និងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនរបស់បងប្អូនប្រជាកសិករ ហើយការសិក្សាទំលាក់តំលៃជី ពូជ ថ្នាំ ក៏ត្រូវបានគិតគូរផងដែរ។
ដោយឡែក អំពីការទិញស្រូវ នៅរដូវប្រមូលផលពីបងប្អូនប្រជាកសិករ លោក កៅ ថាច បានជម្រាបជូនបងប្អូនសហគមន៍ថា តាមរយៈរោងម៉ាស៊ីនកិនស្រូវ ដែលជាដៃគូររបស់ធនាគារអភិវឌ្ឍន៍ជនបទ ពួកគាត់នឹងធ្វើការ ទទួលទិញស្រូវ ពីបងប្អូនដោយឲ្យតំលៃទៅតាមទីផ្សារ។ ក្នុងករណីលោក កៅ ថាច បានធ្វើការស្នើសុំ និងលើកទឹកចិត្តដល់បងប្អូនសហគមន៍ ចុះកិច្ចសន្យាកសិកម្មជាមួយរោងម៉ាស៊ីន ឬក្រុមហ៊ុន ទទួលទិញស្រូវផងដែរ ក្នុងនោះនៅខេត្តកំពង់ធំ មានក្រុមហ៊ុន អេមរុរាយ៍ និងឬ ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ១,៦៨៨ជាដើម។
លោក កៅ ថាច បានបន្តស្នើសុំ និងលើកទឹកចិត្ត ដល់បងប្អូនចងក្រងសហគមន៍កសិកម្ម និងពង្រីកសមាជិកភាពឲ្យបានច្រើន ក្នុងនោះត្រូវពង្រឹងសមត្ថភាព ធនធានមនុស្សរបស់ សហគមន៍ផងដែរ។ ដោយឡែកធនាគារអភិវឌ្ឍន៍ជនបទ រង់ចាំជួយក្នុងការផ្តល់ឥណទានដោយអត្រាការប្រាក់ទាប ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកសកម្មភាព និងលើកកំពស់ផលិតកម្មផលិត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារអង្ករក្រៅប្រទេស លោកបន្តលើកទឹកចិត្ត ដល់បងប្អូនកសិករងាកមកដាំស្រូវសែនក្រអូបវិញ ពីព្រោះស្រូវប្រភេទនេះ កំពុងមានទីផ្សារខ្ពស់ និងមានតំលៃ។
លោកបញ្ជាក់ផងដែរថា តាមរយៈអន្តរាគមន៍របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ បានត្រៀមរួចរាល់ ក្នុងការទំលាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវ ពីកសិករតាមទីផ្សារ នៅរដូវប្រមូលផលខាងមុខនេះ។ ក្នុងនោះធនាគារបានដាក់ចេញនូវគោលការណ៍ ក្នុងការផ្តល់ឥណទានសម្រាប់សហគមន៍កសិកម្មផងដែរ។
តាមរយៈយន្តការណ៍នេះ អត្រាការប្រាក់ត្រូវបានសិក្សា និងទំលាក់ទៅតាមស្ថានភាពទីផ្សារ និងលើកទឹកចិត្ត ដល់ការចងក្រងពង្រីកសហគមន៍ តាមរយៈខ្សែចង្វាក់ផលិតកម្ម។ បន្ថែមលើនេះ ក្រៅពីការផលិតស្រូវ លោក កៅ ថាច បន្តលើកទឹកចិត្តដល់សហគមន៍ចងក្រង ក្នុងការចញ្ចឹមសត្វ ជាពិសេសការដាំដុះបន្លែ ដោយមិនប្រើប្រាស់ជីគីមី ព្រោះបច្ចុប្បន្នមានការដាំដុះ និងនាំចូលបន្លែគ្មានប្រភព ធ្វើឲ្យប៉ះពាល់ដល់សុខមាលភាព របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក កៅ ថាច ក៏បានស្នើសុំឲ្យបងប្អូនប្រជាសហគមន៍ទាំងអស់គ្នា អញ្ជើញទៅចូលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ ជាបន្តទៀត៕