FN ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យ ធនាគារពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃទី១២ ខែកក្កដានេះ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងឥណទានសម្បទានចំនួន០២ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ២០០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សា និងគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ ជាហិរញ្ញប្បទានបន្ថែម។
១-គម្រោងកែលម្អការអប់រំឧត្តមសិក្សា៖
គ្រោងចំណាយថវិកាសរុបចំនួន ៩២.៥០លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទានពីធនាគារពិភពលោកមាន ចំនួន៩០លានដុល្លារអាមេរិក និងថវិកាបដិភាគចំនួន២.៥លានដុល្លារអាមេរិក សម្រាប់លើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ដោយផ្តោតលើមុខវិជ្ជា វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, គណិតវិទ្យា និងកសិកម្ម ដែលទាំងនេះ គឺជាសកម្មភាពស្នូលនៃ «ផែនការយុទ្ធសាស្ត្រវិស័យ អប់រំ ២០១៩-២០២៣» ព្រមទាំងចូលរួមគាំទ្រដោយផ្ទាល់ ដល់ការជំរុញកែប្រែ និង ធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ ២០២៥ ស្របតាមចក្ខុវិស័យនៃ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥»។
គម្រោងនឹងពង្រឹងសមត្ថភាពបង្រៀន និងស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋចំនួន ៥ ក្នុងនោះមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យស្វាយរៀង, និងសាកលវិទ្យាល័យបាត់ដំបង, និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយចំនួន ដែលនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់និស្សិតសរុបប្រមាណ ១៦ ៣៥៦ នាក់ ។
២- គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី២ ហិរញ្ញប្បទានបន្ថែមលើគម្រោងបច្ចុប្បន្ន៖
គ្រោងចំណាយថវិកាសរុបចំនួន១១៣ លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារអាមេរិក និងថវិកាបដិភាគរាជរដ្ឋាភិបាលចំនួន៣លានដុល្លារអាមេរិក សម្រាប់វិនិយោគលើការស្តារ និងពង្រីកផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញដល់ទីរួមខេត្តព្រះសីហនុ ក្នុងប្រវែងសរុប២០៦គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវបច្ចុប្បន្នពីទំហំ៧ម៉ែត្រ ឱ្យដល់១១ម៉ែត្រ និងចាក់អ៊ុតកៅស៊ូប្រភេទ Asphalt Concret – AC ។
គម្រោងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាម រយៈការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជាទៅកាន់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងលើសពីនេះ គឺជាខេត្តគោលដៅដែលត្រូវអភិវឌ្ឍ និងប្រែក្លាយឱ្យទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តស្នូលរបស់ «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» ។
អគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីប្រតិបត្តិ និងថ្នាក់ដឹកនាំធនាគារពិភពលោក ដែលបានចូលរួមសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំគម្រោងដ៏មានសារៈសំខាន់ទាំង២នេះឡើង ប្រកបដោយជោគជ័យ ហើយត្រូវបានទទួលការអនុម័តគាំទ្រ ទាំងស្រុងដោយឥតកែប្រែពីក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក ដែលជាអង្គកំពូលរបស់ស្ថាប័ននេះ តំណាងឱ្យប្រទេសជាសមាជិកទាំង ១៨៩ និងរហូតឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននាថ្ងៃនេះ។
លោកថ្លែងថា ទាំងនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញនូវភាពជាដៃគូកាន់តែរឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ជាមួយនឹងចក្ខុវិស័យ ឆ្ពោះទៅកាន់កិច្ចសហប្រតិបត្តិការដែលកាន់តែស៊ីជម្រៅជាងមុន ឈរលើស្មារតីនៃការគោរពគ្នាទៅវិញទៅមកប្រកប ដោយភាពជឿទុកចិត្ត, និងប្រកៀកស្មាគ្នាក្នុងការដាក់ចេញនូវចំណាត់ការប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមជាយថាហេតុទាំងឡាយ ដែលអាចកើតមានក្នុងកិច្ចដំណើរការអនុវត្ត។
អគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តការ WB ដែលបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសរុបចំនួនប្រមាណ ១,៧៣៤.៤៣ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានចំនួនប្រមាណ ១,១៤៨.៩៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណ ៥៨៥.៥០ លានដុល្លារអាមេរិក ។ ការចូលរួមយ៉ាងធំធេងនេះ បានធ្វើឱ្យធនាគារពិភពលោកក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់ និងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មអភិវឌ្ឍប្រទេសកម្ពុជា ដែលកំពុងតែបោះជំហានយ៉ាងស្វាហាប់ក្នុងល្បឿនដ៏ឆាប់រហ័ស៕