FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញប្រកាសមួយស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិខាត (KHAT)។ នេះបើយោងតាមសេចក្តីប្រកាសដែលអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។
សេចក្តីប្រកាសស្តីពី ការហាមឃាត់ការនាំចេញ នាំចូល ការឆ្លងកាត់ ការតាំងលក់ និងការប្រើប្រាស់រុក្ខជាតិខាត (KHAT) មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
*ប្រការ១៖ រុក្ខជាតិខាត (KHAT) ជារុក្ខជាតិម្យ៉ាងដែលមានផ្ទុកនូវសារធាតុញៀនប្រភេទ Cathinone និង Cathine ត្រូវបានចាត់ទុកជារុក្ខជាតិនេះ ដូចជាសារធាតុខាងលើដែរ ដែលស្ថិតក្រោមការគ្រប់គ្រង នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (ក្នុងតារាងទី២)
*ប្រការ២៖ ការនាំចេញ-នាំចូល ការដឹកជញ្ជូន ការស្តុក ការតាំងលក់ ការឆ្លងកាត់ និងការប្រើប្រាស់ រុក្ខជាតិខាត (KHAT) ត្រូវបានហាមឃាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
*ប្រការ៣៖ ជនណាដែលប្រព្រឹត្តល្មើសនឹងប្រការ២ ត្រូវផ្តន្ទាទោសតាមទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន
*ប្រការ៤៖ នាយកខុទ្ទកាល័យ អគ្គនាយកដ្ឋានរដ្ឋបាល-ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល អគ្គធិការ ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។
ប្រធានអង្គភាពសុខាភិបាល ថ្នាក់កណ្តាល និងរាជធានី-ខេត្ត ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងអាជ្ញាធរដែនដីដើម្បីអនុវត្តន៍ប្រកាសនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ៕