FN ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ នឹងចុះកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែក ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រជុំពិភាក្សាគ្នារួចរាល់ហើយនោះ។
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ថៃ បានប្រជុំពិភាក្សាការងារជាមួយគ្នា ស្ដីពី «ការដឹកជញ្ជូនតាមផ្លូវដែក និងការងារពាក់ព័ន្ធ» ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីថៃ លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «ពីមុនមកយើងនៅមានបញ្ហាបីចំណុច ដែលមិនទាន់បានឯកភាពគ្នានៅឡើយទេ ទាក់ទងនឹងសេចក្តីព្រាង នៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ
តែពេលនេះ យើងបានដោះស្រាយរួចអស់ហើយ ដូចនេះការចុះកិច្ចព្រមព្រៀងផ្លូវដែករវាងប្រទេសទាំងពីរ នឹងចាប់ផ្ដើមក្នុងពេលឆាប់ខាងមុខនេះ។ ក្នុងនោះ ថៃក៏បានសន្យាថា នឹងផ្ដល់ក្បាលរថភ្លើងមួយគ្រឿង ទូរចំនួន៤ ជួយមកដល់កម្ពុជាយើង» ។
ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីថៃបានថ្លែងផងដែរថា ភាគីថៃនឹងបន្តនិតិវិធីផ្ទៃក្នុងរបស់ខ្លួនឲ្យបានលឿន ដើម្បីជំរុញឲ្យភាគីទាំងពីរ អាចកំណត់កាលបរិច្ឆេទ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ព្រមជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ស៊ុនចាន់ថុល ក៏បានបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋ នឹងអាចធ្វើដំណើរតាមរថភ្លើង ពីកម្ពុជាទៅកាន់ប្រទេសថៃ ពេលដែលកិច្ចចុះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ក្រោយពេលដែលតភ្ជាប់ផ្លូវដែកពីកម្ពុជា-ថៃ ចប់សព្វគ្រប់ លោកនឹងអញ្ជើញនាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា-ថៃ នឹងជិះរថភ្លើងឆ្លងកាត់ព្រំដែនកម្ពុជាថៃ៕