FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ដែលជាស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។
ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះ សាងសង់ដោយក្រុមហ៊ុនក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារអាមេរិក ហើយគ្រោងចំណាងពេលសាងសង់ ៣០ខែ គិតចាប់ពីថ្ងៃនេះទៅ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្នក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប្រមាណ ៤០ឆ្នាំមកនេះ បានក្លាយជាទីក្រុងពោរពេញដោយការអភិវឌ្ឍ និងរីកចម្រើន ខណៈដែលផ្ទៃដីបានរីកធំពីត្រឹម ៣០០គីឡូម៉ែត្រក្រឡា ដល់ទៅជាង ៦០០គីឡូម៉ែត្រក្រឡា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នប្រឈមការកកស្ទះ៣យ៉ាងរួមមាន៖ កកស្ទះចរាចរ កកស្ទះលូ និងកកស្ទះទី៣ គឺកកស្ទះសំរាម។ សម្តេចតេជោ បានថ្លែងថា រឿងបែបនេះកាលពីទសវត្សរ៍ឆ្នាំ៨០ មិនមាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចបានចូលមកដល់រាជធានីភ្នំពេញក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ សម្តេចមិនដែលមានក្តីសង្ឃឹមសោះថា រាជធានីភ្នំពេញមានការវិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបាត់បង់ជីវិតកូនមួយក្នុងរបបប្រល័យពូជសាសន៍ជាការសោកស្តាយ និងឈឺចាប់ណាស់ទៅហើយ តែមកដល់អំឡុងទសវត្សរ៍ឆ្នាំ៨០ ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងការបរទេសទៅហើយ បែរជាត្រូវបណ្តែតបណ្តោយឲ្យកូនម្នាក់ត្រូវរលូតទៅទៀត។ ការរលូតនេះដោយសារតែពេលនោះភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចុះមកយោងទឹកដាក់លើផ្ទះ ខណៈពេលមានផ្ទៃពោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងថា នៅទសវត្សរ៍ឆ្នាំ៨០ សូម្បីតែផ្ទះរដ្ឋមន្ត្រីក្រសួងបរទេស រកទឹកស្អាតមកប្រើប្រាស់មិនបានផង ដូច្នេះសម្តេចរកនឹកមិនឃើញថា តើត្រូវអភិវឌ្ឍប្រទេស និងរាជធានីភ្នំពេញនេះដោយរបៀបណា។
* សម្តេចតេជោបានថ្លែងថា ពីមុនគិតត្រឹមរកទឹកស្អាត និងភ្លើងសម្រាប់ប្រើប្រាស់ មិនបានគិតដល់ការកកស្ទះចរាចរទេ តែពេលបច្ចុប្បន្នទាមទារឲ្យមានការគិតគូរដោះស្រាយបញ្ហាកកស្ទះចរាចរ ដែលជាហេតុនាំឲ្យមានការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាបន្តបន្ទាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមានការចុះហត្ថលេខាជាមួយចិន ដើម្បីសាងសង់ផ្លូវក្រវាត់រាជធានីភ្នំពេញទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលនឹងត្រូវរងផលប៉ះពាល់ និងរំខានដោយសារដំណើរការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានគាំទ្រដល់ការដាក់ចេញនូវវិធាននានា ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុនទាំងអស់ដល់ពេលលក់បញ្ចុះតម្លៃ ១៦០រៀលហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីទម្លាក់ថ្លៃ ១៦០រៀលនេះ រាជរដ្ឋាភិបាលត្រូវចំណាយប្រមាណ ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
* សម្តេចតេជោ បញ្ជាឲ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តាមដានមើលថា តើកន្លែងលក់ប្រេងនានា នឹងបញ្ចុះតម្លៃ ១៦០រៀលនេះដែរឬទេ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្តេចនឹងថ្លែងប្រកាសដាក់ចេញនូវគោលនយោបាយមួយចំនួនសម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិបន្តទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអស់ ដែលរងការជន់លិចដោយសារទឹកភ្លៀង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវទទួលស្គាល់ពីស្ថានភាពពិតរបស់រាជធានីភ្នំពេញ ហើយសម្តេចថ្លែងបែបនេះ ក៏មិនមែនជាការការពារអភិបាលរាជធានីភ្នំពេញនោះឡើយ។
* សម្តេចតេជោ បានថ្លែងថា ទឹកជំនន់នេះ ដោយសារទឹកភ្លៀងខ្លាំង ហើយសូម្បីតែទឹកទន្លេមេគង្គ ក៏ហូរមិនទាន់ដែរ ព្រោះទឹកពីលើធ្លាក់មកច្រើន ហើយហូរចាក់ទៅក្រោមមិនទាន់។
* សម្តេចតេជោ បានថ្លែងថា ទឹកជំនន់នេះ ដោយសារទឹកភ្លៀងខ្លាំង ហើយសូម្បីតែទឹកទន្លេមេគង្គ ក៏ហូរមិនទាន់ដែរ ព្រោះទឹកពីលើធ្លាក់មកច្រើន ហើយហូរចាក់ទៅក្រោមមិនទាន់។ សម្តេចតេជោ បន្តថា ការជន់លិចនេះ មិនមែនមានតែរាជធានីភ្នំពេញនោះទេ បណ្តាក្រុងនានានៅលើពិភពលោក ក៏បានជួបគ្រោះលិចបែបនេះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុទ្ធនាការទប់ស្កាត់ថង់ប្លាស្ទីកមិនទាន់ជោគជ័យទេ ដែលទាមទារឲ្យមានការចូលរួមទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទីកនេះ ហើយប្រជាពលរដ្ឋត្រូវចូលរួមកុំឲ្យថង់ប្លាស្ទីកនេះប៉ើងធ្លាក់ទៅក្នុងលូ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំណងកាត់បន្ថយទំហំប្រឡាយនៅតាមវាលស្រែមួយចំនួន ដែលមិនចាំបាច់ ដើម្បីពង្រីកផ្ទៃដីបង្កបង្កើនផល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ប្រឡាយចំបាច់ដើម្បីចែកចាយទឹកត្រូវចាក់ស៊ីម៉ង់ត៍តែម្តង។ ប៉ុន្តែការអនុវតន៍នេះ នឹងត្រូវអនុវត្តន៍នៅក្រោយឆ្នាំ២០៣០។
* សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា ប្រជាពលរដ្ឋនៅតែបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី២០។ សម្តេចតេជោ បន្តថា ការបោះឆ្នោតដែលមានគណបក្សចូលរួមរហូតដល់ទៅ២០គណបក្សនោះ នឹងប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរក្រុមជម្រើសជាតិជប៉ុន តំណាងឲ្យអាស៊ីឆ្ពោះទៅវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨នេះ និងការបោះឆ្នោតឆ្នាំ២០២៣ ប្រជាពលរដ្ឋនឹងរួមគ្នារក្សាបាននូវសុខសន្តិភាព ហើយដើម្បីរក្សាបានសុខសន្តិភាពនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។