FN ៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈវិស្វករកម្ពុជា បានឲ្យដឹងថា គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេស ដែលបម្រើការនៅកម្ពុជា ដើម្បីធានាបានសុវត្ថិភាព និងគុណភាពសំណង់ និងអំពាវនាវឲ្យវិស្វករមិនទាន់ចុះបញ្ជី ត្រូវរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា។
លោកលើកឡើងយ៉ាងដូច្នេះ ក្រោយប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់គណៈវិស្វករកម្ពុជា ក្នុងអាណត្តិទី២ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោកក៏បានអំពាវនាវឲ្យវស្វករខ្មែរ និងវិស្វករបរទេសទាំងអស់ ដែលបម្រើការនៅកម្ពុជា និងមិនទាន់មកចុះបញ្ជី គប្បីរួសរាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។
លោកថា មុននឹងគណៈវិស្វករកម្ពុជាទទួលចុះបញ្ជី វិស្វករនីមួយៗត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃផ្នែកគុណវឌ្ឍ ប្រកបដោយភាពប្រាកដប្រជា ពីសំណាក់គណៈកម្មការជំនាញមួយរបស់គណៈវិស្វករកម្ពុជា។ ដូច្នេះនៅពេលទទួលបានការចុះបញ្ជីហើយ សាមីវិស្វករនឹងទទួលបានការទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាមានជំនាញពិតប្រាកដច្បាស់លាស់ និងមានឱកាសការងារច្រើន។
ថ្មីដ្បិតតែគិតត្រឹមឆ្នាំ២០១៧ វិស្វករខ្មែរ និងបរទេសដែលបានមកចុះបញ្ជីនៅគណៈវិស្វករកម្ពុជារហូតដល់ទៅជាង ៣ពាន់នាក់ ក៏ពិតមែន ប៉ុន្តែវិស្វករបរទេស ដែលបានចុះបញ្ជីនោះមានតែ ១៤នាក់ប៉ុណ្ណោះ ខណៈនៅតាមការដ្ឋានសំណង់ខ្ពស់ៗមួយចំនួន គេសង្កេតមានវិស្វករបរទេសមានចំនួនច្រើន។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានពន្យល់ថា នេះជាបញ្ហាប្រឈមថ្មីសម្រាប់គណៈវិស្វករកម្ពុជា ដោយហេតុថា វិស្វករបរទេសមួយចំនួន គាត់ចូលមកបម្រើការងារនៅកម្ពុជាហើយ ក៏ឆាប់ចេញទៅបរទេសវិញលឿនដែរ។ ម្យ៉ាងទៀត ការផ្សព្វផ្សាយពាក់ព័ន្ធនឹងការជំរុញឲ្យពួកគេមកចុះបញ្ជីនោះ ក៏មិនទាន់ទូលំទូលាយនៅឡើយ។
លោកបានបង្ហាញដំណោះស្រាយថា ក្រោយបញ្ចប់សន្និបាតបូកសរុបការងារ នាថ្ងៃនេះហើយ គណៈវិស្វករកម្ពុជា បានពិភាក្សាលើការពង្រីកប្រព័ន្ធផ្សព្វផ្សាយបន្ថែម ដើម្បីនាំដំណឹងនេះទៅដល់បណ្ដាវិស្វករទាំងឡាយ ដែលមិនទាន់មកចុះបញ្ជីជាមួយគណៈវិស្វករកម្ពុជា។
ក្រៅពីនេះ គណៈវិស្វករកម្ពុជា នឹងរៀបចំបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់វិស្វករបរទេសដែលចង់បម្រើការងារនៅកម្ពុជា ពោលពួកគេត្រូវបំពេញបែបបទ ឲ្យបានត្រឹមត្រូវ មុននឹងគ្រឹះស្ថាននានាទទួលពួកគេឲ្យចូលធ្វើការ ដើម្បីធានាបានសុវត្ថិភាព និងគុណភាពនៃការដ្ឋានសំណង់នៅកម្ពុជា។
លោក អ៉ិត សំហេង ក៏មានគោលបំណងចង់ឲ្យវិស្វករខ្មែរជំនាន់ថ្មីនេះ បង្ហាញស្នាដៃឲ្យលេចធ្លោរណាមួយ ដើម្បីទទួលបានកិត្តិនាមល្បីល្បាញដូចវិស្វករខ្មែរជំនាន់ចាស់ ដូចជាលោកតា វណ្ណ មុនីវណ្ណ ជាដើម៕