FN ៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី១ (CTM 2017) កាលពីឆ្នាំ២០១៧ រួចមក ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន SlickBooth និងផ្នែកឯកជន នឹងរៀបចំព្រឹត្តិការណ៍នេះជាលើកទី២ (CTM 2018) នាថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ នេះបើតាមការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ CTM 2018 នារសៀលថ្ងៃទី០៦ ខែមេសានេះ។
ពិធីផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ឆ្នាំ២០១៨ ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ ត្រូវបានធ្វើឡើងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៧ នៅខេត្តសៀមរាប ជាមួយវត្តមានឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោករដ្ឋមន្ត្រី ថោង ខុន, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អភិបាលខេត្តសៀមរាប, ស្ថាប័នទេសចរណ៍ជាតិ, អ្នកទិញ, អ្នកលក់ ភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិជាង៥០០ក្រុមហ៊ុន មកពី៦០ប្រទេស។
ចំណែកឯពិធីផ្សព្វផ្សាយ CTM 2018 នេះ លោក ថោង ខុន បានប្រកាសអញ្ជើញក្រុមហ៊ុនក្នុងស្រុក ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទេសចរណ៍កម្ពុជា និងសមាគមឧស្សាហកម្មទេសចរណ៍ផ្សេងៗ ចូលរួមគាំទ្រ និងជួយជំរុញសមាជិករបស់ខ្លួនឲ្យសហការផ្សព្វផ្សាយ និងដាក់តាំងពិព័រណ៍ផលិតផល សេវារបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CTM 2018 ខាងមុខ ឲ្យបានច្រើនកុះករ។
លោករដ្ឋមន្ត្រីបន្តថា ក្រោមម្លប់នៃសន្តិភាព ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរជាទីមោទនៈ។ ជាក់ស្ដែង នៅឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៥.៦លាននាក់ កើន១១.៨% នាំមកចំណូលដោយផ្ទាល់ ៣,៦៣៨លានដុល្លា។ រយៈពេល២ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១.១លាននាក់ កើន១១%។ កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរអន្តរជាតិ ៦.១លាននាក់ នៅឆ្នាំ២០១៨ និង ៧លាននាក់ នៅឆ្នាំ២០២០ ជាមួយនឹងចំណូល ៥ពាន់លានដុល្លារ និងបង្កើតឱកាសការងារ ជិត១លាននាក់។
លោកថា ដើម្បីសម្រេចបានកំណើនទេសចរណ៍ខាងលើ ព្រមជាមួយនឹងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត តាមតម្រូវការទីផ្សារ គ្រប់ភាគីត្រូវជំរុញការងារផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀ ជាមួយនឹងសក្តានុពលទេសចរណ៍ និងសម្រស់ធម្មជាតិនៃទន្លេមេគង្គ ព្រមជាមួយការរីកលូតលាស់នៃវិស័យសំណង់ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទេសចរណ៍ជាអាទិ៍ សណ្ឋាគារប្រណិតៗលំដាប់អន្តរជាតិ ដូចជា Hayatt, Court Yard Mariot, Novotel, Rose Wood, STARTS ជាដើម ដែលបាននិងកំពុងសាងសង់នៅកម្ពុជា។
ព្រមជាមួយនឹងការជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍លើទីផ្សារអន្តរជាតិ កម្ពុជាបាននិងកំពុងជំរុញយ៉ាងសកម្មចលនាទេសចរណ៍ក្នុងស្រុក ដែលជាចលករមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងការបង្កើតផលិតផលទេសចរណ៍ក្នុងស្រុកថ្មីៗ។ កម្ពុជាក៏បានរៀបចំ និងពង្រឹងបញ្ជរព័ត៌មានទេសចរណ៍ ជាមួយនឹងការបង្កើតឲ្យមានការីទេសចរណ៍ក្នុងស្រុកជាច្រើន និងគោលនយោបាយលើកទឹកចិត្តជាច្រើនទៀត ដល់ការីទេសចរណ៍ក្នុងស្រុក ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកដែលមានតម្លៃសមរម្យ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពិព័រណ៍ CTM លើកនេះ ត្រូវផ្សារភ្ជាប់នឹងពិព័រណ៍ទេសចរណ៍ក្នុងស្រុក ដែលក្នុងន័យនេះលោកបានស្នើឲ្យមន្ទីរទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមរៀបចំស្តង់ដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ដ៏សំខាន់នេះ ដោយផ្ដោតលើផលិតផលទេសចរណ៍ថ្មីៗទាក់ទាញនានាក្នុងខេត្តរបស់ខ្លួន ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវបានឃើញ សំដៅជំរុញកំណើនទេសចរណ៍កាន់តែច្រើនទៅទស្សនាខេត្តរបស់ខ្លួន៕