FN ៖ កូរ៉េខាងត្បូង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ឥណទានសម្បទាន៦៣.៨៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក OH Nak-Young ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា, លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយលោក CHANG Youn Soo ប្រធានស្ថានតំណាងមូលនិធិសម្រាប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមីនានេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងឥណទានសម្បទាន ដែលបានចុះហត្ថលេខានាថ្ងៃនេះ គឺជាកិច្ចព្រមព្រៀងឥណទានលើកទី ២១ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈធនាគារនីហរ័ណ-អាហរ័ណកូរ៉េ (Korea Eximbank) មានទឹកប្រាក់ចំនួន ៦៣.៨៨ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ។
គម្រោងនេះ មានទិសដៅសាងសង់រោងចក្រចម្រោះទឹកកខ្វក់មួយកន្លែង ដែលមានសមត្ថភាពចម្រោះបាន ៧,៦០០ម៉ែត្រគូប/ថ្ងៃ រួមមានអាងចម្រោះទឹកកខ្វក់មួយចំនួន ដោយភ្ជាប់ទៅស្ថានីយបូមទឹកកខ្វក់ចំនួន១០កន្លែង, ឡធំស្ទាក់កាកសំណល់ដែលភ្ជាប់ ដោយបំពង់បង្ហូរកាកសំណល់ មានប្រវែងសរុប៥៥.៣៣គីឡូម៉ែត្រ (បំពង់បង្ហូរចែកចេញជាពីរប្រភេទ៖ ប្រភេទទី១ ប្រវែងសរុប ៤៩.៣៣គីឡូម៉ែត្រ មានមុខកាត់ពី ៣០០ មីល្លីម៉ែត្រ ទៅ១,២០០មីល្លីម៉ែត្រ និងបំពង់បង្ហូរប្រភេទទី២ ប្រវែងសរុប ៦ គីឡូម៉ែត្រ មានមុខកាត់ពី១០០ មីល្លីម៉ែត្រ ទៅ ៤០០មីល្លីម៉ែត្រ)។ ទន្ទឹមនេះ ក៏មានការងារស្តារព្រែក ប្រវែងសរុប១៦.២ គីឡូម៉ែត្រ ដែលក្នុងនោះ មានការងារស្តារឡើងវិញស្ថានីយបូមទឹកចាស់ និងសាងសង់ទ្វារទឹកថ្មីមួយកន្លែង ទំហំ៥ម៉ែត្រ គុណ ៣ម៉ែត្រផងដែរ ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅនេះ ជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើផលប្រយោជន៍ចម្រុះវិស័យ ដូចជា ការលើកកម្ពស់សោភ័ណភាពទីក្រុង តាមរយៈនៃការមានប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធប្រឡាយលូរំដោះទឹកជំនន់ និងការលើកកម្ពស់បរិស្ថាន ដែលជាប្រភពធនធានដ៏មានសារៈសំខាន់ សម្រាប់លើកកម្ពស់សុខមាលភាព របស់ប្រជាពលរដ្ឋជាដើម។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជាលើកទី១ នៅឆ្នាំ២០០១ ហើយគិតមកដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ EDCF ដែលជាទីភ្នាក់ងាររបស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសរុបចំនួន ២១ កិច្ចព្រមព្រៀង ដោយមានទឹកប្រាក់សរុបចំនួនជាង៧៦៣លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តជាអាទិភាពនានានៅកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ក៏បានសង្កត់ធ្ងន់ថា ទាំងអស់នេះ បានបង្ហាញឲ្យឃើញនូវការជឿទុកចិត្ត និងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណទាំងគ្រប់ដំណាក់កាល, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងឯកសារយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រង បំណុលសាធារណៈ ២០១៥-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក ការចូលរួមអនុវត្តផែនការមេ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងរាជធានីភ្នំពេញ ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រាវ និងសំណល់រឹងឲ្យមានភាពកាន់តែប្រសើរឡើង។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការជាមិត្តភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយភាគីមិត្តប្រកាន់ខ្ជាប់នូវគោលនយោបាយ ផ្តល់ឥណទានសម្បទានរបស់ខ្លួន អោយឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕