FN ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រទេសកម្ពុជា-ថៃ បានឯកភាពគ្នាដំឡើងច្រកចំនួន៤ទៀត នៅជាប់ព្រំដែនប្រទេសទាំងពីរ ឱ្យក្លាយទៅជាច្រកអន្តរជាតិ មានលក្ខណៈទ្រង់ទ្រាយធំជាងមុខ នៅពេលខាងមុខនេះ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមបណ្តោយព្រំដែន។
ច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៤ នោះរួមមាន៖ ទី១៖ច្រកភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ។ ទី២៖ច្រកអានសេះ ក្នុងខេត្តព្រះវិហារ កម្ពុជាទល់នឹងច្រកអានម៉ា ខេត្តកេតវ័នឡាសុថានី ប្រទេសថៃ។ ទី៣៖ ច្រកជប់គគី ក្នុងខេត្តឧត្តរមានជ័យ កម្ពុជា ទល់នឹងច្រកសាយតាគូ ខេត្តបូរីរ៉ាំ ប្រទេសថៃ និងទី៤៖ ច្រកថ្មដារ ក្នុងខេត្តពោធិ៍សាត់ និងច្រកបានថាសេន ក្នុងខេត្តត្រាត។
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត, សម្រាប់ ច្រកអន្តរជាតិភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ ភាគីទាំងពីរនឹងសម្ពោធ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយច្រកអន្តរជាតិថ្មី៣ទៀត នឹងបើកជាបន្តបន្ទាប់ទៀត។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា (GBC) លើកទី១៣ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៕