FN ៖ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោក ឈាង រ៉ា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកុមារប្រមាណ៥៥០នាក់ ដែលបានកើតជំងឺមហារីកក្នុងមួយឆ្នាំ ហើយតាមរយៈការព្យាបាល បែបសម័យទំនើបនេះ មានកុមារប្រមាណ៨០ភាគរយ ដែលត្រូវបានព្យាបាលជាសះស្បើយ។
លោកបានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី «ស្ថានភាពជំងឺមហារីកកុមារនៅកម្ពុជា» ដែលធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកកាត់បន្ថយជំងឺមហារីកលើកុមារ នៅកម្ពុជា ដោយមានការចូលរួមពីបុគ្គលិក និងសាស្ត្រាចារ្យ មកពីមន្ទីរពេទ្យថ្នាក់ជាតិចំនួន៥របស់កម្ពុជារួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យគុន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យខ្មែរ-សូវៀត ដែលសុទ្ធសឹងជាមន្ទីរពេទ្យ បម្រើការងារផ្តោតសំខាន់ លើការជួយសង្គ្រោះដល់កុមារ។
សិក្ខានេះក៏មានការចូលរួមពីសំណាក់ក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យ St. Jude Children’s Research Hospital នៃសហរដ្ឋអាមេរិក ដែលផ្តោតការព្យាបាលសំខាន់ លើជំងឺមហារីកកុមារតែមួយគត់។
ក្នុងសិក្ខាសាលានេះដែរ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Carlos Rodriguez Galindo តំណាងមន្ទីរពេទ្យ St. Jude Children’s Research Hospital បានឲ្យដឹងថា សកម្មភាពរបស់ក្រុមវេជ្ជបណ្ឌិតលោកនាពេលនេះ គឺដើម្បីចូលរួមចំណែក បង្កើនប្រសិទ្ធភាព នៃការព្យាបាលជំងឺមហារីក លើកុមារនៅកម្ពុជា តាមរយៈការផ្តល់នូវចំណេះដឹងថ្មីៗ និងយុទ្ធសាស្ត្រនៃការព្យាបាលផងដែរ។
គួរជម្រាបថា សិក្ខាសាលានេះ ក៏មានការចូលរួម ពីតំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងសុខាភិបាល អង្គការឈឺចាប់គ្មានព្រំដែន និងសមាគម Japan Heart ផងដែរ សរុបប្រមាណ១៥០នាក់៕