FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នាថ្ងៃទី០៤ ខែមីនានេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារចុងក្រោយ នូវការត្រៀមរៀបចំបុណ្យទន្លេលើកទី៤ នៅសាលាខេត្តកណ្ដាល ជាមួយនឹងការស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ អាជីវករ នីងភ្ញៀវទេសចរឲ្យចូលរួមរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។
គិតត្រឹមថ្ងៃនេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងឈានមកដល់ហើយ ពោលនាថ្ងៃទី០៩-១០-១១ ខែមីនា ឆ្នាំ២០១៨ ឆាប់ៗខាងមុននេះ។
ក្នុងកិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីរបានជំរុញឲ្យលេខាធិការដ្ឋាន និងអនុគណៈកម្មការ ពន្លឿនការងារដែលនៅសេសសល់ឲ្យបានរួចស្រេចមុនពេលពិធីមកដល់ ក្នុងនោះរួមមាន៖
១៖ ត្រូវយកឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្តផងដែរ ពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យ ទើបជាការប្រសើរ។
២៖ ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៍រមណីយដ្ឋាន និងគុណភាពសេវាទេសចរណ៍ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាឲ្យបានសមរម្យ និងមានការពេញចិត្ត ពិសេសត្រូវយកចិត្តទុកដាក់ដល់គុណភាព និងសេវានាវាទេសចរណ៍ទន្លេ (Mekong river cruise) ជាទុនទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្ត។
៣៖ រៀបចំប្រព័ន្ធការពារសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សារធារណៈ ការបញ្ជៀស និងកាត់បន្ថយបញ្ហាចរាចរណ៍ ត្រូវរៀបចំឲ្យមានការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក និងផ្លូវវាងនៅត្រើយម្ខាង (សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ)។
៤៖ ត្រូវកៀរគរប្រជាពលរដ្ឋខ្មែរឲ្យចូលរួមតាំងពិព័រណ៍ និងដាក់លក់ផលិតផលក្នុងស្រុកដែលពួកគាត់សម្រេចបាន ដូចជា ដំណាំកសិកម្ម ឧស្សាហកម្ម ផលិតផលកែច្នៃនាំចេញដោយអាទិភាព និងគោលនយោបាយពិសេសដល់ផលិតផលក្នុងស្រុក។
៥៖ ត្រូវជំរុញការសម្ដែងសិល្បចម្រុះ សិល្បវប្បធម៌ ផ្ទាំងទស្សនីយភាពដែលបង្ហាញពីអត្តសញ្ញណនៃទឹកដី ភូមិសាស្ត្រ និងសកម្មភាពកីឡានានា ទាំងនៅលើគោក និងនៅលើទឹក ហើយត្រូវមានទូកកាណូតដឹកទេសចរចូលរួមផងដែរ។
៦៖ ត្រូវពង្រីការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យទន្លេនេះ ប្រាប់ទៅប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ ក្រុមហ៊ុន និងដៃគូនានា ដើម្បីជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះឲ្យបានច្រើនកុះករ ពោលសម្រេចឲ្យបានការរំពឹងទុកជាង ១លាននាក់។
៧៖ លោកបានណែនាំឲ្យអនុគណៈកម្មការ ត្រូវរៀបចំព្យុហយាត្រាលើទឹកទន្លេឲ្យបានអធឹកអធ័ម ដើម្បីញ៉ាំងបរិយាកាសនៃពិធីដ៏ធំនេះឲ្យកាន់តែល្អប្រសើរ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះហើយ គណៈអធិបតីបានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងរៀបចំពិធី នៅតាមមាត់ទន្លេបាសាក់ ដើម្បីចង្អុលបង្ហាញផ្ទាល់ដល់ក្រុមការងារ ក្នុងការរៀបចំនូវការងារពាក់ព័ន្ធនានា។
សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៤ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» ដែលនឹងប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយការរំពឹងទុកថានឹងមានភ្ញៀវទេសចរចូលរួមទស្សនាជាង ១លាននាក់៕