FN ៖ ប្រមុខការទូតកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវទៅដល់ គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ និងជាពិសេស យុវជន ដែលជាអ្នកជំនាន់ក្រោយ ចូលរួមឲ្យបានសកម្ម នៅក្នុងដំណើរការ របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM)។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងឱកាស ថ្ងៃរំលឹកខួបប្រចាំឆ្នាំលើកទី២ នៃទិវា ASEM DAY នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។
ASEM DAY ដែលត្រូវបានកំណត់ឡើង ដោយមេដឹកនាំនៃទ្វីបអាស៊ី និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលលើកទី១១ កាលពីខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី បានដើរតួនាទីគន្លឹះ ជាវេទិកាដ៏សំខាន់តែមួយគត់ សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ី និងអឺរ៉ុប ដែលមានគោលបំណងសំខាន់ ដើម្បីពង្រឹង ភាពជាដៃគូ ជំរុញសន្តិភាព និងសន្តិសុខ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព រវាងតំបន់ទាំងពីរ និងសកលលោក។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា «ខ្ញុំសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ដូចជាស្ថាប័នផ្សព្វផ្សាយ សង្គមស៊ីវិល វិស័យឯកជន និងជាពិសេស យុវជន ដែលជាអ្នកជំនាន់ក្រោយ ចូលរួមឲ្យបានសកម្មនៅក្នុងដំណើរការរបស់ ASEM ដើម្បីលើកកម្ពស់ និងនាំយកមុខមាត់របស់ ASEM ឲ្យឈានឡើងមួយកម្រិតទៀត ជាពិសេសក្នុងន័យ នៃការតភ្ជាប់ ឬទំនាក់ទំនងមិត្តភាព ទាំងក្នុងទ្វីបអាស៊ី និងអឺរ៉ុប ក៏ដូចជាលើពិភពលោកទាំងមូលផងដែរ»។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ប្រទេសកម្ពុជា បានចាត់ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាក្រៅផ្លូវការ ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការតំបន់ និងតំបន់។ កិច្ចប្រជុំ អាស៊ី-អឺរ៉ុប បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងនោះមានដូចជា៖
ទី១៖ កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវេទិកាដ៏ប្រសើរ ដើម្បីលើកកម្ពស់មុខមាត់កម្ពុជា ក្នុងឆាកអន្តរជាតិ។
ទី២៖ កិច្ចប្រជុំនេះ បានផ្ដល់ឱកាសក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយនឹងសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់របស់ ASEM និងជំរុញវិស័យជាក់លាក់ នៃកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។
ទី៣៖ ASEM បានរួមចំណែកលើកស្ទួយ ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ទាំងវិស័យឯកជន និងសាធារណៈ។
ទី៤៖ ការតភ្ជាប់របស់ ASEM គឺជាការតភ្ជាប់ដ៏រស់រវើកបំផុតមួយ សម្រាប់កម្ពុជាក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន នៅក្នុងតំបន់អាស៊ី-អឺរ៉ុប ដែលមានការតភ្ជាប់គ្នា កាន់តែខ្លាំងឡើងៗ៕