FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសណាលជាមួយអ្នកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានប្រមាណ ៣៤០០នាក់។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីពង្រឹងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗមួយចំនួនរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបថសភាពការណ៍លើវិស័យព័ត៌នាបនៅកម្ពុជានាពេលបច្ចុប្បន្ន ក្តៅ ឬ ត្រជាក់ ស្ថិតនៅលើស្ថាប័ន ឬ អ្នកព័ត៌មានខ្លួនឯងតែប៉ុណ្ណោះ។ សម្តេចតេជោថា បើចង់ក្តៅសរសេរជេរប្រមាថទៅ នឹងក្តៅ តែបើត្រជាក់សរសេរលើកដៃលើកជើងទំយើបុគ្គលឲ្យខ្លាំងទៅនឹងត្រជាក់រហូតហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ព័ត៌មានទាំងល្អ និងអាក្រក់ ត្រូវបញ្ចូលមកជាមួយគ្នា ដើម្បីក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងមួយ។ សម្តេចបានថ្លែងថា ប្រសិនបើរឿងពិតហើយអាក្រក់មិនបញ្ចេញមកមិនអាចជួយសង្គមបាននោះទេ។
* សម្តេចតេជោ បានរំលឹកថា ត្រូវធ្វើយ៉ាងណាឲ្យមានព័ត៌មានពិតមួយ ហើយឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមានព័ត៌មានបែបសកម្ម ៣ប្រភេទ៖ ១. សារព័ត៌មាន ដែលដើរតួជាម៉ាសព្យា និងជម្រិតទារប្រាក់គេជាដើម, ២. ព័ត៌មានអត់ច្បាប់ មិនគោរពច្បាប់ និងបន្លំប្រាក់មិនបង់ពន្ធ និង៣. ព័ត៌មានមានតែឈ្មោះតែគ្មានសកម្មភាព។
* សម្តេចតេជោ បានថ្លែងព័ត៌មាន៣ប្រភេទនេះ មិនគួរឲ្យមាននៅកម្ពុជានោះឡើយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងប្រាប់មន្ត្រីរាជរដ្ឋាភិបាលថា មិនត្រូវគិតថា អ្នកព័ត៌មានជាអ្នកបំផ្លេចបំផ្លាញនោះទេ។
* សម្តេចតេជោ បានផ្តាំផ្ញើទៅស្ថាប័នព័ត៌មាន និងអ្នកព័ត៌មានថា ដើម្បីឲ្យមានការគាំទ្រត្រូវប្រកាន់ចលនានិយមកណ្តាល មិនត្រូវឆ្វេងពេក ស្តាំពេក ហើយត្រូវតែហ៊ាននិយាយមក។ ប៉ុន្តែមិនត្រូវធ្វើជាចៅក្រមកាត់សេចក្តីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនលើកទឹកចិត្តឲ្យអ្នកព័ត៌មានធ្វើជាចៅក្រមនោះឡើយ ត្រូវប្រឹងរៀនសូត្រពីវិជ្ជាជីវៈជាអ្នកព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យពិនិត្យលើអ្នកព័ត៌មានមួយចំនួន ដែលបានដើរតួធ្វើជាចៅក្រមកាត់សេចក្តី។
* សម្តេចតេជោ បានថ្លែងថា គួរតែអរគុណដល់អ្នកព័ត៌មាន ដែលហ៊ាននិយាយការពិតចេញមក មិនត្រូវខឹងនោះទេ ព្រោះព័ត៌មានបានបង្ហាញឲ្យដឹងនៅព័ត៌មានដែលមិនដឹងនោះ។
* សម្តេចតេជោ លើកទឹកចិត្តឲ្យអ្នកព័ត៌មានភាពខ្លាហាន តែត្រូវប្រកាន់នូវសុច្ចរិតភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកព័ត៌មានមួយចំនួនមានភាពខ្ចិលច្រអូស និងខ្វះចំណេះដឹងផ្នែកជាបច្ចេកវិទ្យា ដែលជាហេតុនាំឲ្យខ្វះព័ត៌មានផ្សាយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា អ្នកនាំពាក្យមួយចំនួនមិនទាន់បានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវនៅឡើយ ជាពិសេសនៅតាមបណ្តាខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យអ្នកនាំពាក្យត្រូវពង្រឹងសមត្ថភាព ដើម្បីផ្តល់ព័ត៌មានដល់អ្នកព័ត៌មាន។ សម្តេចតេជោបន្តថា ធ្វើជាអ្នកព័ត៌មានបាន អាចធ្វើជានាយករដ្ឋមន្ត្រីបាន។
* សម្តេចតេជោ បានថ្លែងជំរុញឲ្យអ្នកព័ត៌មានត្រូវប្រឹងប្រែងស្វះស្វែងរកព័ត៌មាន បើមិនស្វះស្វែងរកព័ត៌មានទេ នឹងក្ស័យអាជីពជាមិនខាន។
* សម្តេចតេជោ បានថ្លែងថា សម្តេចចង់បានព័ត៌មានទាំងរដ្ឋ និងឯកជនធ្វើជាកញ្ចក់ឆ្លុះសង្គម ពោលសម្តេចត្រូវការព័ត៌មានពិតនៅក្នុងការគ្រប់គ្រងរបស់សម្តេច។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចចង់បានព័ត៌មាន ដែលធ្វើជាសរសៃផ្តល់ព័ត៌មានពីរដ្ឋទៅឲ្យប្រជាជន។
* សម្តេចតេជោ បានថ្លែងថា សម្តេចចង់បានព័ត៌មានចេះរិះគន់ ដើម្បីស្ថាបនា ដោយតាមដានសកម្មភាពរបស់ស្ថាប័នរបស់រដ្ឋ ហើយចេះពាំនាំនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមហាសន្និបាតបក្សសម្តេចបានសម្រេចដាក់ចេញគោលនយោបាយ២០១៨-២០២៣ ដោយកំណត់ឲ្យវិស័យកសិកម្មកើនឡើង៤ភាគរយរៀងរាល់ឆ្នាំ។
* ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងផងដែរថា សម្តេចចង់បានស្ថាប័នព័ត៌មាន និងអ្នកព័ត៌មាន ដែលចូលរួមវិភាគយុទ្ធសាស្ត្រនយោបាយទាំងកម្រិតជាតិ និងអន្តរជាតិ។
* សម្តេចតេជោ បានថ្លែងថា សម្តេចមិនចង់ឃើញត្រឹមតែព័ត៌មានចេះជេរប្រមាថ និងបំពុលសង្គមនោះទេ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងថា សម្តេចមិនចង់ឃើញអ្នកព័ត៌មានដែលជម្រិតទារប្រាក់នោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ចង់ឃើញស្ថាប័នព័ត៌មានចេះបង្កើនសមត្ថភាពបច្ចេកវិទ្យា ដើម្បីផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរទូរទស្សន៍ជាតិ ដែលពេលបច្ចុប្បន្នផ្តល់ព័ត៌មានបានឆាប់រហ័ស លែងផ្អូមដូចពេលមុនទៀតហើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតមិនឲ្យយកប្រាក់ពន្ធលើការចាក់បញ្ចាំងខ្សែភាពយន្តបរទេសរយៈពេល៥ឆ្នាំ តាមសំណើរបស់សមាគមទូរទស្សន៍ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រតិកម្មផងដែរចំពោះតារាៗមួយចំនួន ដែលតែងតែលើកឡើងថា មានឧកញ៉ា និងអ្នកធំៗច្រើនណាស់តាមស្នេហ៍ខ្លួន។ ក្នុងន័យនេះសម្តេចតេជោ បានស្នើឲ្យតារានោះចុចឲ្យចំៗឈ្មោះ ដើម្បីកុំឲ្យខូចដល់ឈ្មោះឧកញ៉ា និងអ្នកធំដទៃទៀត។