FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានបន្តជំរុញឲ្យតួកគីបើកការហោះហើរត្រង់ មកកាន់ប្រទេស កម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងកម្ពុជា-តួកគី ឲ្យកាន់តែល្អប្រសើរ។
ការបន្តស្នើឲ្យតួកគីបើកការហោះហើរត្រង់មកកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេច អនុញ្ញាតឲ្យលោក អ៉ីល ហាន កេមាល់ ថឹក (ILHAN KEMAL TUG) ឯកអគ្គរដ្ឋទូតតួកគី ចូលជួបសំដែងការគួរសម និងជម្រាបលានាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨នេះ នៅវិមានសន្តិភាព។
លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា ក្នុងជំនួបនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍មួយចំនួនពាក់ព័ន្ធជាមួយ ការរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា សម្តេចពិតជាចង់ឃើញការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មឲ្យមានកាន់ធំ។ ជាពិសេសសម្តេចចង់ឃើញការហោះហើរត្រង់ ពីប្រទេសតួកគី មកកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេស ទាំងពីរឲ្យកាន់តែប្រសើរឡើង។
ពាក់ព័ន្ធបញ្ហានេះ លោក ILHAN KEMAL TUG បានសំដែងការសោកស្តាយ ដែលរយៈពេល ៤ឆ្នាំ នៅក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ពុំបានធ្វើឲ្យបានជោគជ័យ ទៅលើការជំរុញការហោះហើរត្រង់មកកម្ពុជានេះ។ តែលោកសង្ឃឹមថា ក្នុងដំណើទស្សនកិច្ចផ្លូវការរបស់សម្តេចទៅកាន់ប្រទេសតួកគី នៅពេលខាងមុខ អាចនឹងលើកយកបញ្ហានេះមកពិភាក្សា និង ជំរុញកិច្ចការនេះបន្តទៀតរួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា ក្នុងជំនួបនាព្រឹកមិញនេះ លោកឯកអគ្គរដ្ឋទូតប្រទេសតួគី ក្នុងនាមរដ្ឋាភិបាលតួកគី បានគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ឲ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួគីក្នុងពេលវេលាសមស្របណាមួយ។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី បានទទួលយកការអញ្ជើញនេះ ហើយនឹងពិនិត្យលទ្ធភាពទៅបំពេញទស្សនកិច្ ចផ្លូវការនៅប្រទេសតួកគី ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប នៅខែតុលា ឆ្នាំ២០១៨នេះ។
ក្នុងកិច្ចពិភាក្សាគ្នានោះ សម្តេចតេជោ និងឯកអគ្គរដ្ឋទូតតួកគី ក៏បានផ្លាស់ប្តូរមតិគ្នាជុំវិញសភាពការណ៍របស់ប្រទេសកម្ពុជា និង ប្រទេសតួកគី ដែលមានស្ថានភាពប្រហាក់ប្រហែលគ្នា គឺមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីប្រទេសខាងក្រៅ។ ជាមួយគ្នានេះ បញ្ហាព្រំដែនក៏មានភាពស្រដៀងគ្នា ប៉ុន្តែប្រទេសតួគីមានបទពិសោធន៍ក្នុងការដោះស្រាយ បញ្ហាព្រំដែន ជាមួយប្រទេសជិតខាងបានល្អ។ ពាក់ព័ន្ធបញ្ហានេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើថា គួរតែមានការផ្លាស់ប្តូរ និងពិគ្រោះយោបល់គ្នារវាងប្រទេសទាំងពីរឲ្យបានទៀងទាត់ នៅពេលខាងមុខ៕