FN ៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ នៅរមណីយដ្ឋានវត្តភ្នំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់មន្ទីរជំនាញ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលពុះពារសម្រេចបានសមិទ្ធផល លើគ្រប់វិស័យនៅក្នុងឆ្នាំចាស់ឆ្នាំ២០១៧ ធ្វើឲ្យរាជធានីភ្នំពេញ មានរីកចំរើនយ៉ាងខ្លាំងលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។
លោកអភិបាលរាជធានី បានថ្លែងថា សមិទ្ធផលនយោបាយ សង្គម និងសេដ្ឋកិច្ចដែលរាជធានីភ្នំពេញ សម្រេចបាននាឆ្នាំ២០១៧កន្លងមកនេះ ពិតជាបានមកដោយសារការប្តេជ្ញាចិត្ត ការចូលរួមយ៉ាងសកម្មពីសំណាក់អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញផងដែរ ដែលជាកម្លាំងសាមគ្គីដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិ ពិសេសរាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញបានបន្តថា «ទោះបីជាការខិតខំសំរេចបាននូវសមិទ្ធផលធំៗជាច្រើន លើគ្រប់វិស័យក៏ដោយ ប៉ុន្តែក៏នូវមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដែលអាជ្ញាធរត្រូវខិតខំដោះស្រាយបន្ថែមទៀត។ ជាមួយការកើនឡើងនូវតម្រូវការសង្គម នៃការកើនឡើងយ៉ាងឆាប់រហ័ស នូវលំហូរប្រជាពលរដ្ឋមកប្រកបមុខរបរ ធ្វើការងារ និងតាំងទីលំនៅ ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យការឆ្លើយតប ចំពោះការកើនឡើងយ៉ាងរហ័សនេះ នៅមានកម្រិត ដែលជាហេតុធ្វើឲ្យលេចឡើងនូវបញ្ហាប្រឈម និងចំណុចសេសសល់ ដែលត្រូវដោះស្រាយបន្ត ដូចជា ការកកស្ទះចរាចរ បញ្ហាសំរាម អនាម័យសណ្តាប់ធ្នាប់សាធារណៈ ការសាងសង់ និងការផ្តល់សេវាសង្គមនានាជាដើម»។ល។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ជាការពិតរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយឈរលើមូលដ្ឋាន នៃស្មារតីមហាសាមគ្គីជាតិ និងឯកភាពជាតិ បានខិតខំកសាងមូលដ្ឋានគ្រឹះ នៃសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រហូតដល់បច្ចុប្បន្នប្រទេសកម្ពុជាទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ ហើយរាជធានីភ្នំពេញ ក៏ដូចជា តាមខេត្តនានា មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់ គ្រឹះស្ថាន អគារនានា នៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមមានការអភិវឌ្ឍ ឆ្លើយតបនឹងកំណើនប្រជាជនទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៣,២៥% ក្នុងមួយឆ្នាំៗ។
បច្ចុប្បន្ននេះ ចំនួនប្រជាជននៅរាជធានីភ្នំពេញ បានកើនឡើងរហូតដល់១,៧លាននាក់ ក្នុងនោះមានប្រមាណ៥៦% ជាប្រជាជន ជាអ្នកចំណាកស្រុក ចូលមកសិក្សា និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ។
លោកអភិបាលរាជធានី បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជា តំណាងឲ្យរដ្ឋបាលរាជធានីភ្នំពេញ លោកអភិបាលបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវខិតខំរួមគ្នាអនុវត្តឲ្យបានសម្រេចនូវឆ្នាំថ្មីឆ្នាំ២០១៨នេះបន្តទៀត ដោយខិតខំរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់នៅឆ្នាំចាស់ និងត្រៀមលក្ខណៈសម្បត្តិ ឆ្លើយតបតម្រូវការថ្មីៗបន្ថែមទៀត របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានសង្កាត់ខណ្ឌបន្តទៀត៕