FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កាដូថ្មី៣បន្ថែមទៀត សម្រាប់ឆ្នាំ២០១៨ ដោយកំណត់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មន្រ្តីសាធារណៈ, អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន នឹងទទួលបានការពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ ដូចកម្មករ, កីឡាករ, ប្រធានភូមិ អនុភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ផងដែរ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការដាក់បន្ថែមនូវ មន្រ្តីសាធារណៈ, អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន សម្រាប់ការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃនេះ នឹងជួយសម្រួលដល់ការចំណាយរបស់ពួកគាត់ ក៏ដូចជាកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នោះ បានបង្គាប់ឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យមើលសេវាកម្ម របស់ក្រុមគ្រូពេទ្យ នៅតាមបណ្តា មន្ទីរពេទ្យរដ្ឋនានា ដើម្បីកុំឲ្យមានភាពយឺតយ៉ាវក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី កីឡាករ និងមន្រ្តីរាជការទាំងឡាយ ដែលទទួលបានសេវាកម្មពិនិត្យ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ត្រូវតាមដាននូវកិច្ចការដែលចាប់អនុវត្ត ការពិនិត្យ ព្យាបាលជំងឺ ដោយមិនត្រូវបង់ថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងការងារ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើកិច្ចការងារនេះឱ្យប្រាកដប្រជា មិនអាចឱ្យប្រកាស គ្រាន់តែជាការប្រកាសទេ»។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News បានប្តេជ្ញាអនុវត្តនូវសេវាកម្មរបស់ក្រុមគ្រូពេទ្យរដ្ឋ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនានា ឱ្យមានភាពរហ័សរហួន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី កីឡាករ និងមន្រ្តីរាជការតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៕