FN ៖ ភាគីកម្ពុជា-ឡាវ ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំង២ ត្រូវបានកិច្ចសហប្រតិបត្តិការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នានា នៅតាមបណ្ដោយព្រំដែន ដើម្បីបន្ដរក្សាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន។
ការស្នើ និងជំរុញបែបនេះ របស់ភាគីទាំង២ ត្រូវបានធ្វើឡើងក្នុងឱកាស លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនកម្ពុជា ក៏បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ទោ ខាំ លៀង អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំរវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានជម្រាបជូន លោកឧត្តមសេនីយ៍ទោ ខាំ លៀង អំពីសកម្មភាពនៃកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាង គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាស មិត្តភាព និងកក់ក្តៅ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ទោ ខាំ លៀង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរវាងគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ហើយបានស្នើសុំឲ្យបន្តជំរុញនូវកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែស្អិតរមួតថែមទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់នានា ដែលកើតមាននៅតំបន់ព្រំដែន ក្នុងនោះត្រូវបង្កើនកិច្ចការពារសិទ្ធ និងលើកកម្ពស់ការអភិវឌ្ឍន៏ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីប្រព្រឹត្តិខុសភាគីទាំងពីរត្រូវជូនដំណឹង និងដោះស្រាយឲ្យបានល្អដោយឈរលើមូលដ្ឋានមនុស្សធម៌ ការយោគយល់ និងអនុវត្តទៅតាមច្បាប់ប្រទេសនីមួយៗ។
សូមបញ្ជាក់ថា កិច្ចប្រជុំរវាគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរយតាមបណ្តោយព្រំដែន កម្ពុជា-ឡាវ ឬឡាវ-កម្ពុជា បានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះក្នុងមួយឆ្នាំម្តង។ ក្នុងករណីចាំបាច់ ភាគីទាំង២នឹងត្រូវបើកកិច្ចប្រជុំជាបន្ទាន់ តាមការកំណត់ និងឯកភាពគ្នា។
តាមការឲ្យដឹងពីមន្រ្តីព្រំដែន កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង៥៤០គីឡូម៉ែត្រ ដោយត្រូវបោះបង្គោលព្រំដែនប្រមាណ១៤៥បង្គោល។ ប៉ុន្តែមកទល់ពេលនេះ ភាគីទាំងពីរបានបោះរួចចំនួន១២១បង្គោល ស្មើនឹង៨៣ភាគរយ នៅសល់ប្រមាណ២៤បង្គោលទៀត ខណៈចំណុចនៅសេសសល់នោះ គឺស្ថិតនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕