FN ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀង (MOU) ជាមួយអង្គការចំនួន៤ ក្នុងទំហំទឹកប្រាក់១លាន៧សែនដុល្លារអាមេរិក ដើម្បីជួយទៅលើកម្មវិធីផ្សេងៗរបស់អង្គការក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកជាមួយក្រសួងសង្គមកិច្ច ដើម្បីការងារលើកកំពស់សុខុមាលភាពរបស់កុមារ និងជនរងគ្រោះ និងជនងាយរងគ្រោះ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MOU) នេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ នៃក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ច និងតំណាងអង្គការទាំង៤ មានអង្គការសម្រាលទុក្ខមនុស្សជាតិកម្ពុជា អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ អង្គការ បេសកម្មទូទាំងពិភពលោក និងអង្គការមូលនិធិកូរ៉េសម្រាប់ជំនួយពិភពលោកកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីក្រុមការងារតាមបណ្តាខេត្តដែលមានអង្គការទាំង៤នេះមានអាស័យដ្ឋាននៅទីនោះ។
លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ការចុះហត្ថលេខា ជាមួយអង្គការចំនួន៤នេះ គោលដៅសំខាន់ គឺផ្តោតលើការងារជួយឧបត្ថម្ភផ្នែកអប់រំសុខុមាលភាព និងជីវភាពរស់នៅរបស់កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ។
លោកបានស្នើឲ្យក្រុមការងារទាំងអស់ធ្វើការងារនេះ ដោយភាពស្មោះត្រង់ ដើម្បីជួយដល់សង្គមកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង។
លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច បានលើកឡើងថា ការបន្តចុះ(MOU) ជាមួយអង្គការទាំង៤នេះ ដោយសារអង្គការ បានគោរពទៅកិច្ចសន្យា និងត្រឹមត្រូវតាមស្តង់ដារការងាររបស់ក្រសួងសង្គមកិច្ច។
លោកបានស្នើដល់អង្គការទាំង៤នេះ ត្រូវប្រើប្រាស់ថវិកាទាំងនេះ ឲ្យចំទិសដៅដល់ជនរងគ្រោះ និងងាយរងគ្រោះផ្ទាល់ ឲ្យបានច្រើនជាងការចំណាយផ្នែករដ្ឋបាល។ លោកបានស្នើដល់អង្គការទាំង៤នេះ អនុវត្តគោរពទៅតាមការចុះកិច្ចព្រមព្រៀង មានភាពស្មោះត្រង់ក្នុងការជួយសង្គមកម្ពុជាយ៉ាងពិតប្រាកដ៕