FN ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យសមុទ្រ ដែលរៀបចំនៅក្នុងខេត្តកែប មានភ្ញៀវទេសចរមកកម្សាន្តសប្បាយ ជាង៥០ម៉ឺននាក់។ នេះបើតាមស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍បានឲ្យដឹងថា ថ្ងៃទី២២ ខែធ្នូ ដែលជាថ្ងៃទី១ នៃបុណ្យសមុទ្រមានភ្ញៀវទេសចរចំនួន៨ម៉ឺននាក់ ចូលរួមទស្សនា ខណៈថ្ងៃទី២៣ ខែធ្នូ ដែលជាថ្ងៃទី២ នៃបុណ្យសមុទ្រ មានភ្ញៀវទេសចរជាង១២ម៉ឺននាក់ ដោយសរុបរយៈពេល ៣ថ្ងៃនេះពិធីបុណ្យ គឺអ្នកចូលរួមជាង៥០ម៉ឺននាក់។
ជាមួយគ្នានេះ ចំពោះបញ្ហាសន្តិសុខវិញ គឺគ្រប់គោលដៅទាំងអស់ត្រូវបាន សមត្ថកិច្ចទទួលខុសត្រូវការពារ និងរៀបចំ សណ្តាប់ធ្នាប់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយទប់ស្កាត់ឃាត់មុខសញ្ញាលូកហោប៉ៅ៣នាក់, ពិនិត្យព្យាបាលជំងឺ ១,៧៣៤នាក់, ជួយអ្នកលង់ទឹកម្នាក់ និងអប់រំ ដកហូតមនុស្សពាក់អាវ Police ១២នាក់។
សូមជម្រាបថា បុណ្យសមុទ្រត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន»៕