FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីបំភ្លឺមួយថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ហើយត្រឹមត្រូវទៅតាមច្បាប់ ដោយគ្មានអ្វីអាចរារាំងបានទេ។
សេចក្តីបំភ្លឺជូនជនរួមជាតិ របស់គ.ជ.ប ពេលនេះ ធ្វើឡើងបន្ទាប់ពីមានទស្សនមួយចំនួនលើកឡើងថា គ្មានអតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីត គណបក្សប្រឆាំងនៅកម្ពុជាចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នឹងមិនមានលក្ខណៈស្របច្បាប់ ។
គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គ.ជ.ប សូមបំភ្លឺថា នេះជាការធ្វើបុរេវិនិច្ឆ័យនៅពេលដែលការបោះឆ្នោតនៅមិនទាន់បានប្រព្រឹត្តទៅផង និងដោយខុសនឹងគន្លងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានមាត្រាណាមួយទាល់តែសោះ ដែលចែងថា ការបោះឆ្នោតនេះត្រូវតែមាន ការចូលរួមពី គណបក្សប្រឆាំង ហើយបើគ្មានការចូលរួម ការបោះឆ្នោតនឹងមិនមានលក្ខណៈស្របច្បាប់ ។ គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា មិនមែនជារបស់គណបក្សណា ឬនរណាមួយឡើយ ប៉ុន្តែប្រកាន់ខ្ជាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
គ.ជ.ប បានបញ្ជាក់ទៀតថា លើសពីនេះទៀត ក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប មិនដែលបានធ្វើចំណាត់ប្រភេទ គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតទាល់តែសោះ ពោលគឺ ចុះបញ្ជីគណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ។
យោងមាត្រា ១៥០ថ្មី (ពីរ) ជំពូក ១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ.ជ.ប គឺជាស្ថាប័ន តែមួយគត់ ដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងទៀត តាមការកំណត់នៃច្បាប់ ។
គ.ជ.បបានបញ្ជាក់ទៀតថា ខ្លួនគ្មានជម្រើសអ្វីក្រៅតែពីអនុវត្តភារកិច្ចរបស់ខ្លួនស្របទៅតាមច្បាប់ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាថា ការបោះឆ្នោតមួយលើកៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដូច្នេះគ្មានអ្វីដែលត្រូវរាំងស្ទះនោះទេ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងប្រព្រឹត្តទៅតាមកាលគ្រោងទុក គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕