FN ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អគ្គនាយកធនាគារ Maruhan ជប៉ុន លោក ហា ថាងវ៉ូ បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា ព្រោះមានក្រុមហ៊ុនជាច្រើន បានរីកចម្រើនរួចមកហើយ។
បើតាមអគ្គនាយកធនាគាររូបនេះ ក្រុមហ៊ុនជប៉ុន កាន់តែមានការកើនឡើង ហើយពេលនេះមិនតិចជាង២៥០ក្រុមហ៊ុនទេ ដោយក្នុងពេលនេះដែរ លោករំពឹងថា នឹងមានកាន់តែច្រើនថែមទៀតនៅខាងមុខ ហើយក្រុមហ៊ុនរបស់លោកក៏បានចូលរួម ក្នុងកិច្ចការសង្គមយ៉ាងសកម្មផងដែរ ពិសេសលើវិស័យកីឡា។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរ គ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ រួមទាំងការអនុញ្ញាតឲ្យវិនិយោគិនបរទេស អាចមកវិនិយោគផ្ទាល់១០០ភាគរយនៅកម្ពុជា ដោយសម្ដេចស្នើឲ្យលោក ហាន ថាងវ៉ូ បន្តវិនិយោគនៅកម្ពុជា ពិសេសឲ្យបន្តចូលរួមក្នុងវិស័យសង្គម និងកីឡា ដែលលោកកំពុងចាប់អារម្មណ៍ជួយ។
ជាមួយគ្នានោះ លោក ហាន ថាងវ៉ូ ក៏បានឲ្យដឹងផងដែរថា ក្រុមហ៊ុនរបស់លោក មានគម្រោងសាងសង់អគារទីស្នាក់ការកណ្តាល ស្ថិតនៅផ្លូវនរោត្តម រាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ខាងមុខ ដោយមានកម្ពស់២២ជាន់។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា ក្រុមហ៊ុននឹងពង្រីកទុនបន្ថែម ពិសេសការរៀបចំកសាងអគារថ្មី នៅលើវិថីនរោត្តម ដែលគ្រោងនឹងចំណាយថវិកា ប្រមាណ៦០លានដុល្លារ ដោយបង្ហាញនូវជំនឿទឹកចិត្តមកលើការអភិវឌ្ឍកម្ពុជា។
បើតាមអគ្គនាយកធនាគារ Maruhan ដើមទុនដំបូងដែលមកវិនិយោគ នៅកម្ពុជា មានត្រឹមតែ១២០លានដុល្លារ ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ មានការកើនឡើងច្រើន ហើយបូកបន្ថែមជាមួយនឹងការទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនានេះ បានធ្វើឲ្យក្រុមហ៊ុនរបស់គាត់ មានសាខាសរុប១៦៨កន្លែង នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិក៤,៣០០នាក់ ស្មើនឹង១៥ភាគរយ នៃបុគ្គលិកបម្រើការងារនៅវិស័យធនាគារ ក្នុងប្រទេសកម្ពុជា៕