FN ៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារប្រតិបត្តិ ក្លិបនៃក្តីស្រលាញ់ បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា ក្លិបនៃក្តីស្រលាញ់ អង្គការសុខភាពពិភពលោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាស្តីពី «ដំណើរការនិងការអនុវត្តក្លិបនៃក្តីស្រលាញ់» ដើម្បីជំរុញការបរិច្ចាគឈាមដោយស័គ្រ្មចិត្ត ពីក្នុងចំណោមយុវជន ប្រជាជនទូទៅនៅគ្រប់ខេត្ត-រាជធានី ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងថ្នាក់ដឹកនាំ ព្រមតាំងប្រធានអង្គការជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានបន្តថា យុទ្ធនាការផ្តល់ឈាម១០០០លីត្រ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ក្នុងឆ្នាំ២០១១ ទទួលបានជោគជ័យ ដោយយុវជនបានចូលរួមយ៉ាងសកម្ម ក្នុងការបរិ្ចចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ ឈាម និងការធានា បាននូវការផ្គត់ផ្គង់ ឈាមឈាម ដល់អ្នកជម្ងឺជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសខេត្តកណ្តាល និងក្រុមគ្រួសារញ្ញាតិមិត្ត ដែលត្រូវការឈាមជាចាំបាច់នៅគ្រប់មន្ទីរពេទ្យ។
ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា បណ្តាខេត្តនានា និងរាជធានីភ្នំពេញបានចូលរួមជាបន្តបន្ទាប់ ក្នុងយុទ្ធនាការ បរិច្ចាគឈាម នៅតាមស្រុក/ខណ្ខ និងដោយបានសហការជាមួយយុវជនកាកបាទក្រហម នៅរាជធានីភ្នំពេញ-ខេត្តជាពិសេសនៅតាមសាកលវិទ្យាល័យនានា។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានប្រកាស អំពាវនាវឲ្យកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសប្បុរសធម៌ និងអង្គការជាដៃគូរទាំងអស់បន្តគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍សេវាកម្មផ្តល់ឈាម និងការធានាឲ្យមាននិរន្តភាពនៃការផ្គត់ផ្គង់ឈាមដល់គ្រប់អ្នកជម្ងឺទាំងនៅទីប្រជុំជន និងនៅតំបន់ដាច់ស្រយាល។
កន្លងមកក្រសួងសុខាភិបាល រាជរដ្ឋាភិបាល បានផ្តត់ផ្គង់ថវិកា និងសម្ភារបរិក្ខាដូចជាប្លោកឈាម និងប្រតិករសម្រាប់ធ្វើ តេស្តឈាម និងផ្គត់ផ្គង់ឈាមដល់គ្រប់មន្ទីរពេទ្យេរដ្ឋ ឯកជន និងអ្នកជម្ងឺដោយឥតគិតថ្លៃ ហើយជាការពិតណាស់ស្របតាមគោលការណ៍ជាសាកលអំណោយឈាមមិនត្រូវបានគិតថ្លៃឡើយ ប៉ុន្តែនៅ កម្ពុជាសេវាកម្មទាំងឡាយដើម្បីសុវត្ថិភាពក៏មិនត្រូវបានគិតថ្លៃដែរ ដែលជាហេតុធ្វើឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវស្វែងរកការគាំទ្រដើម្បីបង្កើតឲ្យមានគោលនយោបាយ ធានានិរន្តរភាពក្នុងសេវាកម្មផ្តល់ឈាម តាមរយៈការជួយឧបត្ថម្ភថវិកាពីមន្ទីរពេទ្យ ដែលជាអ្នកប្រើប្រាស់ឈាម និងស្វែងរកការគាំទ្រពីកាកបាទក្រហមកម្ពុជា និងអង្គការ សមាគមជាដៃគូរសហការទាំងអស់ដើម្បីជួយឧបត្ថម្ភគាំទ្របន្ថៃមទៀត។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសហការជាមួយសមាគមសប្បុរសជនបរិច្ចាគឈាមកម្ពុជា ជាមួយអង្គការ អង្គភាព ស្ថាប័ន ក្រុមហ៊ុននានាដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាម ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការឈាម១៥០ទៅ២០០ប្លោក ក្នុងមួយថ្ងៃៗនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងនៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួល និងផ្គត់ផ្គង់ឈាមប្រមាណ ៧៥០០០ប្លោក ដល់មន្ទីរពេទ្យនានា និងអ្នកជំងឺ៕