FN ៖ ថ្លែងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ជាចំណុចគន្លឹះ ដើម្បីកាត់បន្ថយសម្ពាធលើការប្រើប្រាស់ ធនធានធម្មជាតិ ក៏ដូចជាជំរុញការចូលរួមសហគមន៍ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ រក្សាតម្លៃវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។
បន្ថែមពីនេះ លោក សាយ សំអាល់ បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ គឺជាកិច្ចការចាំបាច់។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឲ្យជំរុញការរៀបចំបង្កើតរបៀងទេសចរណ៍ធម្មជាតិ និងបន្តជំរុញលើកទឹកចិត្តដល់វិស័យឯកជន និងសហគមន៍មូលដ្ឋាន ក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមទីតាំងដែលមានសក្តានុពល ក៏ដូចជាបន្តសិក្សាតំបន់ដែលមានសក្តានុពល ដើម្បីបង្កើតជាតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះទៅទៀត ត្រូវបន្តតាដានត្រួតពិនិត្យ និងពង្រឹងការអនុវត្តមុខងារ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
មួយវិញទៀត រដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឲ្យយកចិត្តទុកដាក់ លើការអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋសាកល្បង សម្រាប់ដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលគាំទ្រថវិកាដោយ ADB ដើម្បីដកស្រង់បទពិសោធក្នុងការចុះបញ្ជីដីរដ្ឋ សម្រាប់តំបន់ការពារធម្មជាតិដទៃទៀត (ក្នុងនាមជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ) និងបន្តសិក្សា ប្រមូលទិន្នន័យព័ត៌មានភូមិសាស្ត្រ និងបកប្រែទិន្នន័យពីផ្កាយរណប ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីតំបន់ ការពារធម្មជាតិឡើងវិញ រួមទាំងការយកចិត្តទុកដាក់រៀបចំកំណត់តំបន់ និងរៀបចំផែនការគ្រប់គ្រង ក៏ដូចជាការបោះបង្គោលព្រំប្រទល់ តំបន់ការពារធម្មជាតិឲ្យបានច្បាស់លាស់ជាដើម៕