សូមក្រាបថ្វាយបង្គំ ព្រថេះរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!
ថ្នាក់ដឹកនាំ និងក្មួយៗ នៃកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញ កាយរឹទ្ធិជាតិកម្ពុជា” ដែលបានរៀបចំយ៉ាងឱឡារិកនាពេលនេះ។ វត្តមានក្នុងឱកាសដ៏ថៃ្លថ្លានេះ គឺជាមូល ដ្ឋានដ៏មានតម្លៃ សម្រាប់ជំរុញលើកទឹកចិត្តក្មួយៗកាយរឹទ្ធិជាតិកម្ពុជា ឱ្យកាន់តែមានឆន្ទៈ, មោទនភាពចំពោះខ្លួនឯង និងចំពោះសមិទ្ធផលសំខាន់ៗទាំងឡាយ ដែលកាយរឹទ្ធិជាតិកម្ពុជាខិតខំសម្រេចបាន ក្នុងរយៈពេលកន្លងមក។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក លោកស្រី មកពីអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ និងអង្គការសមាគមជាតិកាយរឹទ្ធិ នៃបណ្តាប្រទេសក្នុងតំបន់ឤស៊ីប៉ាស៊ីហ្វិក។ ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការកោតសរសើរ ចំពោះស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា និងកាយរឹទ្ធិជាតិកម្ពុជា ក្នុងការអនុវត្តបានយ៉ាងល្អទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជំរុញលើកទឹកចិត្ត និងទាក់ទាញឱ្យមានកិច្ចសហការ និងការចូលរួមពីសំណាក់មាតាបិតាគ្រប់រូប, ប្រជាជនក្នុងសហគមន៍, ឤជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ និងកសាងពន្លកយុវវ័យកម្ពុជា ក្នុងកម្មវិធី និងវិធីសាស្ត្រកាយរឹទ្ធិជាតិកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមរំឭកឡើងវិញ អំពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ សម្តេចវិបុលបញ្ញា សុខ ឤន ដែលបានចូលរួមចំណែកចាប់តាំងពីមហាសន្និបាតលើកទី ១ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០០៦ នៃការបង្កើតចលនាកាយរឹទ្ធិជាតិកម្ពុជាឡើងវិញ និងបានជំរុញការអភិវឌ្ឍចលនាកាយរឹទ្ធិជាតិកម្ពុជា រហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិអង្គការពិភពលោក នៃចលនាកាយរឹទ្ធិនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០០៨ និងបានធ្វើឱ្យចលនាកាយរឹទ្ធិជាតិកម្ពុជា ត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ ទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ។ តាមរយៈនេះ ខ្ញុំសូមឧទ្ទិសសមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះជូនសម្តេចវិបុលបញ្ញា និងមេដឹកនាំកាយរឹទ្ធិទាំងអស់ ដែលលះបង់ និងធ្វើពលិកម្មដល់ចលនាកាយរឹទ្ធិជាតិកម្ពុជានាពេលកន្លងមក។
ជារួម តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានលើកឡើងមុននេះបន្តិចដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានបង្ហាញឱ្យឃើញពីការវិវឌ្ឍរីកចម្រើន នៃចលនាកាយរឹទ្ធិជាតិកម្ពុជា ដែលមានកំណើនសមាជិក នៅក្នុងស្រទាប់កុមារ-យុវជនគ្រប់មជ្ឈដ្ឋាន ចំនួនជាង ១៣ ម៉ឺននាក់ នៅទូទាំងប្រទេស។ ជាការពិត កំណើនសមាជិកដ៏ធំនេះ ស្តែងឡើងតាមរយៈកម្មវិធីផ្សព្វផ្សាយ និងការពង្រីកសមាជិកកាយរឹទ្ធិក្នុងស្រទាប់យុវជន, ការធ្វើអំពើល្អនៅតាមទីសាធារណៈ និងសកម្មភាពជួយសហគមន៍, ការពង្រឹងនូវភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជំនាញកាយរឹទ្ធិកម្ម ដល់មេដឹកនាំកាយរឹទ្ធិនៅគ្រប់លំដាប់ថ្នាក់ ពិសេស មេកងឯកភាពដែលជាសកលវិទ្យាធិការ, នាយក-នាយិកាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស។
ជាងនេះទៅទៀត សមិទ្ធផលដ៏ធំធេងនេះ គឺកើតចេញពីសក្តានុពល នៃធនធានមនុស្ស និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឱ្យចលនាកាយរឹទ្ធិជាតិកម្ពុជាកាន់តែមានសកម្មភាពល្អប្រសើរនៅពាសពេញផ្ទៃប្រទេស ព្រមទាំងឆ្លើយតបនឹង “គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា” សំដៅជំរុញចលនាកាយរឹទ្ធិឱ្យក្លាយជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព សម្រាបការងារអប់រំ និង ហាត់ពត់លត់ដំ, ទាំងគំនិតប្រាជ្ញាស្មារតី ព្រមទាំងកាយសម្បទារបស់យុវជនកម្ពុជាឱ្យសកម្មខ្លាំងក្លាថែមទៀត។
ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, ក្រោមកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំ, សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាជនគ្រប់រូប, ប្រទេសជាតិត្រូវបានស្តារ និងកសាងឡើងវិញលើគ្រប់វិស័យ ដោយជម្នះបាននូវរាល់ការលំបាកគ្រប់បែបយ៉ាង ព្រមទាំងបានធ្វើឱ្យប្រជាជនកម្ពុជារួចផុតពីគ្រោះអត់ឃ្លាន និងទទួលបាននូវសិទ្ធិរស់រានមានជីវិត, មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ, សិទ្ធិប្រកបមុខរបរចិញ្ចឹមជីវិត និងជ្រើសរើសកន្លែងរស់នៅតាមបំណងប្រាថ្នារៀងៗខ្លួន។ លើសពីនេះ ស្ថិតក្នុងបរិយាកាសសុខសន្តិភាព, ឯកភាពទឹកដី, ឯកភាពជាតិ និងស្ថិរភាពនយោបាយ ដែលកើតចេញពីនយោបាយឈ្នះឈ្នះ និងការប្រកាន់ខ្ជាប់នូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់, កម្ពុជាសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាពិសេស ការសម្រេចបាននូវបង្គោលចរមួយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺការក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ កន្លងទៅ ក៏ដូចជា ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត។
សមិទ្ធផលនេះ គឺជាសក្ខីភាពនៃការឈានឡើងរបស់កម្ពុជា ដោយចាប់ផ្តើមពីបាតដៃទទេ និងក្នុងដំណើរឆ្លងកាត់ដ៏វែងឆ្ងាយ, បត់បែន និងការលំបាកច្រើនរាប់មិនអស់ ហើយទទួលបាននូវការសាទរ និងការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយស្មើមុខ និងស្មើសិទ្ធិ ជាពិសេស បានផ្តល់នូវក្តីសង្ឃឹម និងភាពជឿជាក់ ចំពោះជោគវាសនាអនាគតរបស់ប្រជាជនគ្រប់រូប និងប្រទេសជាតិទាំងមូល ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវបង្គោលចរថ្មីទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង មានសមធម៌សង្គម ព្រមទាំងការថែរក្សាបរិស្ថានកាន់តែល្អប្រសើរ។ ទាំងអស់នេះ គឺជាមូលដ្ឋានដ៏រឹងមាំ គាំទ្រដល់សកម្មភាពចលនាកាយរឹទ្ធិជាតិកម្ពុជា និងការគិតគូរពង្រឹង និងពង្រីកសកម្មភាពអប់រំបណ្តុះបណ្តាល ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់យុវជនជំនាន់ក្រោយរបស់កម្ពុជា។
ឈរលើមូលដ្ឋាននៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីធ្វើឱ្យកាយរឹទ្ធិជាតិកម្ពុជាកាន់តែស័ក្តិសមជាសមាជិកអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ ព្រមទាំងឆ្លើយតប និងអនុវត្តតាមខ្លឹមសារធម្មនុញ្ញ, បទបញ្ជាផ្ទៃក្នុង និងផែនការយុទ្ធសាស្ត្រកាយរឹទ្ធិជាតិកម្ពុជាឆ្នាំ ២០១៨/២០២០ ដែលអនុម័តដោយអង្គមហាសន្និបាតវិសាមញ្ញនាព្រឹកនេះ ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី ១. ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជា, ថ្នាក់ជាតិ, ថ្នាក់រាជធានី/ខេត្ត, ថ្នាក់ក្រុង ស្រុក/ខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទ្ធិគ្រប់លំដាប់ថ្នាក់ ដោយជំរុញការលើកកម្ពស់ការងារអប់រំ និងបណ្តុះបណ្តាលធនធានកុមារ/យុវជន សំដៅលើកទឹកចិត្តអោយមានការស្ម័គ្រចិត្ត ចូលរួមក្នុងចលនាកាយរឹទ្ធិឱ្យបានកាន់តែច្រើនកុះករ ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ សម្រាប់គ្រប់គ្រងកម្លាំងក្មួយៗកាយរឹទ្ធិនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឱ្យបានល្អប្រសើរ។
ទី ២. កាយរឹទ្ធិជាតិកម្ពុជា ត្រូវយកចិត្តទុកដាក់លើការចាត់តាំងមេដឹកនាំកាយរឹទ្ធិ ដែលមានសមត្ថភាព និង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងគណៈកម្មការកាយរឹទ្ធិថ្នាក់តំបន់ និងពិភពលោក ព្រមទាំងគណៈកម្មការជំនាញផ្សេងៗ នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ។
ទី ៣. ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំផែនការសកម្មភាពរយៈពេលវែង មធ្យម និងខ្លីរបស់ខ្លួន និងកៀរគរ ធនធានពីសប្បុរសជន ក្នុងការបង្កើត “មូលនិធិកាយរឹទ្ធិ” គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពកាយរឹទ្ធិជាតិកម្ពុជាទូទាំងប្រទេស។
ទី ៤. ត្រូវបន្តរៀបចំ និងជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងសកម្មភាពការងារកាយរឹទ្ធិជាតិកម្ពុជាថ្នាក់រាជធានី/ខេត្ត និងក្រុង/ស្រុក/ខណ្ឌ ឱ្យមានដំណើរការកាន់តែល្អប្រសើរ ជាពិសេស ត្រូវរៀបចំ “គោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិរៀមច្បង” និងបង្កើតឱ្យបាននូវ “ក្រុមប្រឹក្សាកាយរឹទ្ធិរៀមច្បង” ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទ្ធិទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងដែលបានមកបន្តការសិក្សាក្នុងថ្នាក់ឧត្តម សិក្សានៅគ្រប់បណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស។
ទី ៥. បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ និងគ្រប់បណ្តាអង្គការចលនាកាយរឹទ្ធិផ្សេងៗក្នុងពិភពលោក និងតំបន់ សំដៅផ្លាស់ប្តូរកម្មវិធីកាយរឹទ្ធិ, ការបណ្តុះបណ្តាលជំនាញកាយរឹទ្ធិ និងអភិវឌ្ឍន៍សមត្ថភាពមេដឹកនាំគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និងពិភពលោក ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាល និងការបោះជំរុំថ្នាក់តំបន់ និងពិភពលោក ដើម្បីបង្កើនកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
ទី ៦. ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុសដល់កាយរឹទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងការស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដូចជាការបោះជំរុំកាយរឹទ្ធិប្រចាំឆ្នាំ, ទិវាជួបជុំគ្រួសារកាយរឹទ្ធិទូទាំងប្រទេសប្រចាំឆ្នាំ, ទិវារំឭកគុណស្ថាបនិកកាយរឹទ្ធិពិភពលោក និងកម្ពុជា, ទិវាកាយរឹទ្ធិក្លាហាន, ទិវាកន្សែងកាយរឹទ្ធិពិភពលោក, ទិវាសន្តិភាពអន្តរជាតិ និងទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិជាដើម។
ក្នុងន័យនេះ ខ្ញុំមានជំនឿថា ឯកឧត្តម លោកជទាំវ លោក លោកស្រី នឹងបន្តខិតខំពង្រឹងការដឹកនាំការងារកាយរឹទ្ធិជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ សំដៅកសាងឱ្យបាននវូកម្លាំងកាយរឹទ្ធិមួយដ៏អង់ឤចក្លាហាន, មានសមត្ថភាពគ្រប់គ្រាន់, មានស្មារតីទទួលខុសត្រូវ ដើម្បីឱ្យកម្លាំងកាយរឹទ្ធិនេះក្លាយជាកម្លាំងដ៏ភក្តីភាព និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
ចំពោះមុខក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសទទួលស្គាល់ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជាទាំងថ្នាក់ជាតិ, ថ្នាក់រាជធានី/ខេត្ត និងថ្នាក់ក្រុង/ស្រុក/ខណ្ឌ សម្រាប់ឤណត្តិទី ៣ តាមស្មារតីអង្គមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា ចាប់ពីពេលនេះតទៅ និងសូមជូនពរឱ្យសម្រេចជោគជ័យក្នុងភារកិច្ចរបស់ខ្លួន។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
យល់ព្រមតាមសំណើធ្វើជាគរុគុណ
អម្បាញ់មិញ ខ្ញុំគ្រាន់តែប្រកាសទទួលស្គាល់នូវក្រុមប្រឹក្សានៅថ្នាក់ក្រោមទេ តែខ្ញុំអត់ទាន់បានប្រកាសទទួលស្គាល់ខ្លួនឯងទេ។ អ្នកទាំងឡាយបានអញ្ជើញខ្ញុំ និងភរិយា ដើម្បីធ្វើជាគរុគុណ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ចំពោះអង្គមហាសន្និបាត ហើយសូមទទួលយកដោយការពេញចិត្ត។ ពិតហើយ ថ្ងៃនេះ គឺមិនមានការធ្វើអត្ថាធិប្បាយណាវែងឆ្ងាយទេ ដោយសារតែស្អែកនេះត្រូវមានមួយវេទិកា ជាមួយនឹងកម្មករ ហើយម្យ៉ាងទៀតប្រហែលជាបានដឹងហើយថា ប៉ុន្មានថ្ងៃមុននៅចិន បន្ទាប់ទៅនៅសៀមរាប ដល់ម្សិលមិញនៅភ្នំពេញជាមួយនឹងនាយករដ្ឋមន្ត្រីបង់ក្លាដេស ដែលមិនទាន់ចាកចេញផងទេ ហើយថ្ងៃនេះមកទីនេះ នៅមានកម្មវិធីជាប់យ៉ាងដូច្នេះ។
ពិភពលោកនឹងមានការស្ងប់ស្ងាត់ តាមរយៈនៃការសន្ទនាដោយស្មារតីស្ថាបនា
សង្ឃឹមថា យើងធ្វើការត្រឹមក្របខណ្ឌកាយរឹទ្ធិ ខ្ញុំមិនចង់ទាញទៅចំណែកវែងឆ្ងាយទាក់ទងជាមួយនឹងបញ្ហាផ្សេងៗរបស់ប្រទេស ឬក៏សភាពការណ៍អន្តរជាតិ ដែលកំពុងតែវិលវល់ជុំវិញបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលឥឡូវនាំគ្នាខ្លាច។ ខ្លាចនោះចាប់ផ្តើមខ្លាចយកមែនទែនហើយ មិនមែនខ្លាចលេងទេ។ តាំងពីកូរ៉េខាងជើងដាក់មួយគ្រាប់តាំងពីអាទិត្យមុននេះ គេចាត់ទុកថា បាញ់ដល់កន្លែងណាក៏ដល់ដែរ។ ឥឡូវនេះ គម្រាមគ្នាចុះគម្រាមគ្នាឡើង កូរ៉េខាងជើងគម្រាមពេញពិភពលោក នាំគ្នាខ្លាចកូរ៉េខាងជើងអស់ហើយឥឡូវហ្នឹង។ សង្ឃឹមថា ពិភពលោកនឹងមានការស្ងប់ស្ងាត់ តាមរយៈនៃការសន្ទនាដោយស្មារតីស្ថាបនា។ ហើយប្រហែលជាកម្ពុជាជាប្រទេសតូចមួយ មិនមែនជាគោលដៅនៃការវាយប្រហាររបស់នុយក្លេអ៊ែរពីកូរ៉េខាងជើង ឬពីភេរវកម្មនោះទេ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា” នៅពេលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ៖ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕