FN ៖ ដោយសារកំណើនប្រជាជន និងកំណើននៃមធ្យោបាយធ្វើដំណើរ មានការកើនឡើងឥតឈប់ឈរ ធ្វើឲ្យនៅរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ដូចជា នៅតំបន់ក្បាលថ្នល់ មានការកកស្ទះជាប្រចាំ ជាពិសេសនៅចំណុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស ផ្លូវ២៧១ និងផ្លូវ៦០ម៉ែត្រនោះ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ដោយមានមន្រ្តីជំនាញពាក់ព័ន្ធចូលរួម ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាព កែសម្រួលប្រព័ន្ធចរាចរណ៍នៅចំណុចខាងលើនេះ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនេះថា «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងគិតគូរពីលទ្ធភាព ក្នុងការកសាង ឬ សម្រួលចរាចរណ៍ ដែលគ្រោងនឹងកសាងស្ពានអាកាស ឬផ្លូវក្រោមដី នៅតំបន់នោះ។ យ៉ាងណាមុននឹងឈានទៅការកសាង ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ ត្រូវការពិនិត្យ និងពិភាក្សាគ្នា ឱ្យបានគ្រប់ជ្រុងជ្រោយ ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យតំបន់នោះ មិនឱ្យមានការកកស្ទះបន្តទៀត»។
លោក ម៉េត មាសភក្តី បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនោះដែរ មន្រ្តីជំនាញក៏បានលើកឡើងពីជម្រើសមួយចំនួន ទៅតាមទិសប្រសព្វពីផ្លូវណាមួយ ដើម្បីអង្គប្រជុំធ្វើការពិភាក្សាគ្នា ឱ្យបានហ្មត់ចត់ ដើម្បីឱ្យការងារនោះរឹតតែច្បាស់លាស់ ពិសេសគិតពីផលប៉ះពាល់ព្រោះថា នៅទីតាំងនោះ បើកសាងស្ពានអាកាស ឬផ្លូវក្រោមដី វាអាចនឹងមានផលប៉ះពាល់ ជាមួយបណ្តាញអគ្គិសនី ក៏ដូចជា បណ្តាញទឹកក្រោមដីផងដែរ។ ដូច្នេះទាមទារឱ្យមានការគិតគូរ ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចកសាង។
ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានចាត់ឱ្យអភិបាលរងមួយចំនួន រួមជាមួយមន្ទីរជំនាញ ពិនិត្យ ពិភាក្សាលើការងារបច្ចេកទេសបន្ថែមទៀត ដោយចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីឱ្យដឹងច្បាស់ពីលំហូរចរាចរណ៍ នៅតំបន់នោះ ដែលកំពុងមានការកកស្ទះ ហើយក៏គិតគូរផងដែរ អំពីលទ្ធភាព ធ្វើការរំដោះចរាចរណ៍បណ្តោះអាសន្ន មុនពេលគម្រោងនេះ ចាប់ផ្តើមដំណើរការការដ្ឋាន។
គួរបញ្ជាក់ថា ជាគម្រោងរបស់រាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ នឹងស្ពានអាកាសអាកាស២កន្លែងទៀត ដោយទី១ មានទីតាំងនៅរង្វង់ចោមចៅ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងមួយកន្លែង នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ៦០ម៉ែត្រ(ផ្លូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន) កែងនឹងផ្លូវ២៧១ ជាប់ព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌមានជ័យ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ បានដោយសុវត្ថិភាព និងមិនមានការកកស្ទះចរាចរណ៍៕