FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងស្នើព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងលោក Jonh E. Rice អនុប្រធានក្រុមហ៊ុន GE ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក ជាទីប្រឹក្សារាជរដ្ឋាភិបាល នៅពេលដែលរូបលោកចូលនិវត្តន៍ពីការងារនៅក្រុមហ៊ុន GE។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ ក្នុងពេលសម្តេចជួបពិភាក្សាការងារលោក Jonh E. Rice រួមនិងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន GE មួយចំនួនទៀតនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការស្នើសុំតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលជូនលោក Jonh E. Rice ដែលជាជនជាតិអាមេរិកនេះ ដោយសារលោក Jonh E. Rice មានបទពិសោធន៍ច្រើនក្នុងកិច្ចការអភិវឌ្ឍន៍នៅកម្ពុជា ហើយមួយវិញទៀត គឺលោកនឹងត្រូវចូលនិវត្តន៍ពីការងារនៃក្រុមហ៊ុន GE នាពេលឆាប់ៗខាងមុខនេះ។
លោក Jonh E. Rice បានសម្តែងនូវមោទនភាពក្នុងការទទួលយកតួនាទីនេះ ហើយសន្យាខិតខំចូលរួមបម្រើការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕