FN ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋតិចសាស់ តាមរយៈលិខិតមួយថា វាមិនមែនជារឿងល្អសម្រាប់កម្ពុជា និងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំឱ្យរើសយកជម្រើស ដែលផ្ទុយនឹងប្រយោជន៍យុទ្ធសាស្រ្តជាតិរបស់យើង។
លិខិតឆ្លើយតបរបស់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពី
លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាថ្មីៗនេះ បានរិះគន់ចំពោះការចាប់ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះ ការបិទអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ។ លោកបានលើកឡើងថា សកម្មភាពទាំងនេះ មិនត្រឹមតែកំពុងតែបំផ្លាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ឆ្លើយតបទៅនឹងការរិះគន់នេះ លោក ជុំ ប៊ុនរ៉ុង បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជាផ្តល់តម្លៃលើទំនាក់ទំនងដ៏ល្អ ជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ វាមិនមែនជារឿងល្អសម្រាប់កម្ពុជា និងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំឱ្យរើសយកជម្រើស ដែលផ្ទុយនឹងប្រយោជន៍ យុទ្ធសាស្រ្តជាតិរបស់យើង»។
លោកបានបន្តទៀតថា «កម្ពុជាបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ពីអតីតកាលរបស់ខ្លួនរួចហើយ កាលពីទសវត្សរ៍ឆ្នាំ៧០និង៨០ ហើយក៏បានឃើញយ៉ាងច្បាស់នាពេលថ្មីៗនេះ ពីស្ថានភាពខ្លោចផ្សាររបស់ប្រជាជាតិមួយចំនួន ដែលពេលថ្មីៗនេះ ធ្លាក់ខ្លួនក្នុងគ្រោះមហន្តរាយ ដោយមជ្ឈដ្ធានដែលបង្ករអោយមានការផ្លាស់ប្តូរ»។
សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រមុខដឹកនាំការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងប្រាប់ពិភពលោកថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់។ ប្រមុខដឹកនាំបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាសិទ្ធិ ប្រជាធិបតេយ្យគ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ចូលគ្រោះមហន្តរាយ។
ប្រមុខការទូតកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា៖ «ប្រវត្តិសាស្ត្របានបង្រៀនកម្ពុជាថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់ ហើយការអនុវត្តខ្លះពីខាងក្រៅ ជារឿយៗបានក្លាយទៅជាបញ្ហា មិនមែនជាដំណោះស្រាយនោះទេ»។ លោកបានបន្តទៀតថា បញ្ហាសិទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ចូល គ្រោះមហន្តរាយតែប៉ុណ្ណោះ៕