FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជំរុញឲ្យយុវជនកម្ពុជា ២៩រូប ដែលបានជាប់ឈ្មោះចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ត្រូវប្រឹងប្រែងពង្រីកទំនាក់ទំនងជាមួយយុវជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុនផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបុគ្គល និងបុគ្គល វាអាចក្លាយទៅជាឱកាសសម្រាប់ទំនាក់ទំនងល្អរវាងប្រទេស និងប្រទេស។
ការថ្លែងជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យយុវជនតំណាងឲ្យប្រទេសកម្ពុជាទាំង ២៩នាក់ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ ក៏ដូចជាដំបូន្មានមួយចំនួនពីសម្តេចនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា «ក្មួយៗជាប្រតិភូទាំងអស់ក្នុងការធ្វើដំណើរនេះ គឺត្រូវរក្សានូវឥរិយាបថល្អ និងមិត្តភាពល្អជាមួយនឹងមិត្តរួមដំណើរ ពីព្រោះក្មួយៗតំណាងឲ្យជាតិសាសន៍យើងទាំងមូល មិនមែនតំណាងឲ្យបុគ្គលនោះទេ។ ក្មួយៗត្រូវខិតខំកសាងទំនាក់ទំនងជាមិត្តភក្តិ ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដែលជាកត្តាបង្កឱកាសឲ្យមានទំនាក់ទំនងរវាងជាតិសាសន៍និងជាតិសាសន៍ ព្រមទាំងទំនាក់ទំនងរវាងប្រទេស និងប្រទេសផងដែរ»។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់យុវជនពីមូលហេតុដែលនាំឲ្យយុវជនកម្ពុជាបានចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ផងដែរ។ បើតាមលោក អ៊ាង សុផល្លែត ជំនួបនោះ សម្តេចតេជោ បានប្រាប់ថា កត្តាដែលនាំឲ្យកម្ពុជាអាចចូលរួមក្នុងកម្មវិធីនេះ ដោយសារតែកម្ពុជា មានសុខសន្តិភាព និងជាសមាជិករបស់អាស៊ាន។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា សុខសន្តិភាព គឺជាកត្តាសំខាន់ណាស់ ហើយវាមិនត្រឹមតែជួយឲ្យកម្ពុជា អាចចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ប៉ុណ្ណោះទេ តែវាក៏ជាឱកាសសម្រាប់កម្ពុជាអភិវឌ្ឍន៍ឲ្យបានរីកចម្រើនផងដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ផងដែរ ពីមូលហេតុនៃការដែលកម្ពុជាសម្រេចចិត្តចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ បើតាមស្តេចតេជោ ហ៊ុន សែន មានមូលហេតុចំនួន៤ ដែលនាំឲ្យកម្ពុជាចូលជាសមាជិកអាស៊ានរួមមាន៖ ១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក, ២. ស្មារតីរបស់សហគមន៍ធ្វើការតាមកុងសង់ស៊ីស, ៣. ផលប្រយោជន៍ខាងសេដ្ឋកិច្ច និងទី៤. ច្រកចេញការទូតរបស់កម្ពុជា ទៅតាមប្រទេសសមាជិកអាស៊ាន។
សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ឬហៅថាស្ពានយុវជនអាស៊ីអាគ្នេយ៍ គឺជាកម្មវិធីផ្លាស់ប្តូរយុវជនប្រចាំឆ្នាំដែលរៀបចំដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងគោលបំណង លើកកម្ពស់មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមយុវជននៃប្រទេសអាស៊ីអាគ្នេយ៍ទាំងដប់ និងប្រទេសជប៉ុន។ កម្មវិធីនេះ ក៏ដើម្បីពង្រីកទស្សនវិស័យរបស់ពួកគេលើពិភពលោក និងដើម្បីពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
កម្មវិធីនេះបានប្រមូលយុវជនជាង ៣០០នាក់ មកពីបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ដោយផ្តល់ឲ្យពួកគេនូវឱកាសពិសេស ដើម្បីរស់នៅជាមួយគ្នានៅលើកប៉ាល់ Nippon Maru ក្នុងរយៈពេលជាង ៤០ថ្ងៃ។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៧៤ ដោយប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានចំនួន៥ផ្សេងទៀត រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ ប្រទេសប្រ៊ុយណេ បានចូលរួមក្នុងឆ្នាំ១៩៨៥, ប្រទេសវៀតណាម បានចូលរួមក្នុងឆ្នាំ១៩៩៦, ឡាវ និងមីយ៉ាន់ម៉ាបានចូលរួមក្នុងឆ្នាំ១៩៩៨ និងកម្ពុជាក្នុងឆ្នាំ២០០០។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៤ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយការធ្វើដំណើរទៅប្រទេសជប៉ុន និងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន៕