FN ៖ បន្ទាប់ពីមានការចេញផ្សាយដោយសារព័ត៌មាន Washington Post របស់សហរដ្ឋអាមេរិក នៅរសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧ថា នាវាដ៏អាថ៌កំបាំងមួយបានធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ ហើយវាមានឈ្មោះថា ជី ស៊ុន (Jie Shun) ដោយមានដោតទង់ជាតិនៃប្រទេសកម្ពុជា ព្រមទាំងដឹកអាវុធជាប្រភេទកាំភ្លើងបាញ់គ្រាប់រ៉ុបកែតជាង៣០,០០០ដើម, ដោយនៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា នាវាទាំងឡាយណា ដែលអះអាងថា ស្ថិតក្រោមទង់ជាតិកម្ពុជាក្រោយចុងខែសីហា ឆ្នាំ២០១៦ គឺជាត្រូវបានចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។
នៅក្នុងសេចក្តីបំភ្លឺ ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃច័ន្ទនេះបានបញ្ជាក់ថា តាមរយៈកំណត់ទូត ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បានជូនដំណឹងដល់ស្ថានទូតនៃសាធារណៈរដ្ឋកូរ៉េនៅភ្នំពេញថា នាវាចំនួន៣គ្រឿង របស់ក្រុមហ៊ុនកូរ៉េខាងជើងមួយ បំពាក់ទង់ជាតិកម្ពុជា ត្រូវបានលុបចេញពីបញ្ជីដោយ ISROC ស្របតាមកថខណ្ឌទី១៩ នៃសេចក្តីសម្រេចលេខ ២២៧០ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសកម្ពុជា សូមបញ្ជាក់ថា ការប្រើប្រាស់ទង់ជាតិកម្ពុជា ដោយនាវាណាក៏ដោយ រួមទាំងនាវាដែលបានលើកឡើងនេះគឺជាការប្រើប្រាស់ដោយខុសច្បាប់៕