FN ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានចុះដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តតាកែវ មកព្យាបាលជូនដល់បងប្អូនកម្មករ កម្មការីនី ប្រមាណ៣,៥០០នាក់ នៅរោងចក្រស្បែកជើង «ប៉ុនទូសហ្វតវើល» ដែលស្ថិតនៅក្នុងឃុំកំភេម ស្រុកត្រាំកក់។
ថ្លែងនៅចំពោះមុខបងប្អូនកម្មករ-កម្មការីនីទាំងអស់ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការចុះមកពិនិត្យព្យាបាលជូនបងប្អូនកម្មករទាំងអស់នៅថ្ងៃនេះ គឺជាការឆ្លើយតបទៅនិងការជម្រុញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបង្កើនយកចិត្តទុកដាក់ ជួយព្យាបាលជំងឺដល់បងប្អូនកម្មករ ដោយយកក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាលដល់រោងចក្រផ្ទាល់តែម្ដង ហើយការព្យាបាលនេះ គឺមិនគិតកម្រៃនោះទេ ម្យ៉ាងទៀតវាជាការជួយដល់កម្មករ មិនបាច់ចំណាយពេលវេលាទៅព្យាបាលនៅមន្ទីរពេទ្យ ដែលនៅឆ្ងាយពីផ្ទះ។
នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី ក៏បានលើកឡើង ប្រាប់កម្មករពីការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះ សម្ដេចបានប្រកាស់ស្ដីពីការផ្ដល់សារៈប្រយោជន៍ជាច្រើន ដល់បងប្អូនកម្មករ ដូចជាការតម្លើងប្រាក់ខែ បញ្ចុះតម្លៃទឹក ភ្លើង ជិះរថយន្តក្រុងដោយមិនប្រាក់ ការគាំពាសុខភាព និងការទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការនៅពេលឆាប់ខាងមុខនេះ ជាពិសេសកម្មការិនីនេះ ដែលឆ្លងទន្លេបានឈប់សម្រាកចំនួន៣ខែ ហើយទទួលប្រាក់ចំនួន៤០ម៉ឺនរៀល ពីរាជរដ្ឋាភិបាល និងទទួលប្រាក់ខែ១២០ភាគរយ ព្រមទាំងទទួលបានផលប្រយោជន៍ជាច្រើនទៀត។
បើតាមលោករដ្ឋមន្ដ្រី ការគិតគូពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិតជាបានធ្វើឲ្យជីវភាពបងប្អូនកម្មករ កម្មាការីនី កាន់តែមានជីវភាពធូធារ ដែលនេះពិតជាសំណាងដែលកម្ពុជា មានមេដឹកនាំដែលដឹងសុខទុក្ខដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋដូច្នោះសូមបងប្អូនទាំងអស់ ត្រូវតែនាំគ្នាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនយោបាយ កុំជឿការអុចអាលញុះញង់ពីក្រុមណាមួយ ដែលធ្វើឲ្យប្រទេសមានការបែកបាក់ ធ្វើឲ្យប្រទេសមានភាពចលាចល និយាយជារួមសូមបងប្អូនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ និងធ្វើឲ្យជីវភាពបងប្អូនកាន់តែមានភាពប្រសើរឡើង៕