FN ៖ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិបារាំង លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការក្រសួងការពារជាតិបារាំង នាសប្តាហ៍នេះ។ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានចូលជួប និងពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ Gen. Philippe ERRERA អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រ (DGRIS) នៃក្រសួងការពារជាតិបារាំង នៅក្នុងទីក្រុងប៉ារីស ដោយផ្តោតសំខាន់លើកិច្ចសហប្រត្តិបត្តការ លើវិស័យយោធានៃប្រទេសទាំង២។
នៅក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ភាគីមិត្ត នៃប្រទេសបារាំងដែលបានបានសហប្រត្តិបត្តការ លើវិស័យយោធានាពេលកន្លងមក ដោយផ្តោតលើកាបន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពជំនាញយោធាផ្សេងៗ និងបន្តជួយបណ្តុះបណ្តាលលើផ្នែកភាសាសម្រាប់និស្សិត។
លោក ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យភាគីបារាំង បន្តជួយហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងស្នើសុំវគ្គសិក្សាសម្រាប់វគ្គនាយទាហានវ័យក្មេង និងស្នើសុំភាគីបារាំងជួយ សាលាហ្វឹកហ្វឺន នាយទាហានសកម្មលើពង្រីកចំណេះដឹង និងបច្ចេកវិទ្យាផ្សេងៗ។
ជាការឆ្លើយតបលោកឧត្តមសេនីយ៍ Gen. Philippe ERRERA បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភក្នុងដំណើរទស្សនកិច្ចផ្លូការ នៅក្រសួងការពារជាតិបារាំងនៅពេលនេះ។
លោកឧត្តមសេនីយ៍ Gen. Philippe ERRERA ក្នុងនាមភាគីបារាំង បានទទួលយកសំណើរនេះ ហើយពិនិត្យលទ្ធភាពក្នុងការជួយបន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពនាយទាហានវ័យក្មេង របស់កម្ពុជាតាមលក្ខខណ្ឌរបស់ភាគីបារាំង។
សូមបញ្ជាក់ថា គោលបំណងនៃជំនួបផ្លូវការនេះ គឺជាការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-បារាំង លើវិស័យយោធា។ នេះគជាកម្មវិធីមួយក្នុងកម្មវិធីជាច្រើន ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត មកកាន់តំបន់អឺរ៉ុប៕