FN ៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញា ធ្វើឲ្យសម្រេចនូវគោលដៅ ៩៥-៩៥-៩៥ ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥ ហើយការធានាឲ្យមាន កម្មវិធីសំណាញ់សុវត្ថិភាពសង្គម (Social Safety Net Program) និងជាពិសេសការពង្រឹង ប្រព័ន្ធគាំពារសង្គម ជាបន្ទុកមួយដែលរាជរដ្ឋាភិបាលត្រូវរៀបចំ នូវគោលនយោបាយយូរអង្វែង ដើម្បីលើកស្ទួយជីវភាពជនក្រីក្រ ដែលមានរួមបញ្ចូលគ្រួសារ ដែលទទួលរងផលប៉ះពាល់ នៃជំងឺអេដស៍។
ការថ្លែងបែបនេះ របស់លោក អៀង មូលី ត្រូវបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការពិគ្រោះយោបល់ស្តីពីការបញ្ចូលគ្រួសាររងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជនងាយរងគ្រោះ ក្នុងដំណើរការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ» ដែលបានរៀបចំឡើង នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី វ្លាដាំងកា អាន់ដ្រីវ៉ា ប្រធានអង្គការយូអិនអេដស៍ (UNAIDS) ប្រចាំកម្ពុជា, ប្រធានលេខាធិការដ្ឋានអេដស៍ និងជាប្រធានកម្មវិធីអេដស៍ និងកាមរោគ រាជធានីភ្នំពេញ និងខេត្តទាំង២៥, អ្នកតំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល និង អ្នកតំណាងប្រជាជនប្រឈមមុខខ្ពស់ និងអ្នកផ្ទុកមេរោគអេដស៍ ជាច្រើននាក់។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបន្តឲ្យដឹងទៀតថា ដើម្បីលើកកម្ពស់ការយល់ដឹង របស់អង្គសិក្ខាសាលាទាំងមូល និងជាពិសេសពង្រឹងភាពជាម្ចាស់ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ក្នុងពិធីបិទសិក្ខាសាលានេះ លោកសូមលើកឡើងនូវការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកកាត់បន្ថយផលប៉ះពាល់ នៃជំងឺអេដស៍ដែលបាន និងកំពុងអនុវត្តនាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។ ក្នុងនោះ រាជរដ្ឋាភិបាលបានប្តេជ្ញា ធ្វើឲ្យសម្រេចនូវគោលដៅ ៩៥-៩៥-៩៥ ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥។
ក្នុងការធានាឲ្យមានប្រព័ន្ធគាំពារ សង្គមយូរអង្វែង ដល់គ្រួសារដែលទទួលរង ផលប៉ះពាល់នៃជំងឺ អេដស៍កន្លងមក រាជរដ្ឋាភិបាលបានខិតខំលើក គោលនយោបាយមួយចំនួន ដូចខាងក្រោមនេះ៖
* មុំទីបួន នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដែលស្តីពីការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្ស បានបញ្ជាក់ពីការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធ គាំពារសង្គម (Development of Social Protection System) ជាចំណុចបើកផ្លូវឲ្យមានការជួយគាំទ្រដល់គ្រួសារក្រីក្រ ដែលមានទាំងគ្រួសារដែលទទួល រងផលប៉ះពាល់ ពីជំងឺអេដស៍ផងដែរ។
* «យុទ្ធសាស្ត្រជាតិគាំពារសង្គម សម្រាប់ជនក្រីក្រ និងងាយរងគ្រោះឆ្នាំ២០១១-២០១៥» បានចាត់គ្រួសារដែលទទួលរងផលប៉ះពាល់ នៃជំងឺអេដស៍មួយចំនួនថា ជាក្រុមងាយរងគ្រោះដោយមានការ បញ្ចូលកម្មវិធី និងសេវាកម្មទាំងអស់ នៅក្នុងក្របខ័ណ្ឌការពារសង្គមមួយ ដែលនឹងជួយសម្របសម្រួលការវិភាគ និងការប្រមូលធនធាន។
* គោលនយោបាយ ដែលបានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្រ ក្រសួងសុខាភិបាល សម្រាប់ឆ្នាំ២០១៦-២០២០ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាជន និងបង្កើនការការពារ និងកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ «ដោយផ្តោតលើប្រព័ន្ធសុខភាពទាំងមូល (ផ្នែកសាធារណៈនិងផ្នែកឯកជន) និងលើប្រជាជនទាំងអស់»។ យុទ្ធសាស្ត្រសុខាភិបាលនេះ ត្រូវបានរៀបចំឡើង ក្នុងដំណើរឆ្ពោះទៅកាន់ការផ្តល់សេវាសុខភាពជាសកល (Universal Health Coverage) និងការប្រកាន់យកនូវគោលការណ៍ គោរពសិទ្ធិទទួលបានសេវា ថែទាំសុខភាព ប្រកបដោយសមធម៌សម្រាប់ ប្រជាពលរដ្ឋទាំងអស់ជាគុណតម្លៃ។
* នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ មានអ្នកជំងឺអេដស៍ចំនួន១៧៥០០នាក់ បានចុះឈ្មោះក្នុងប្រព័ន្ធ កំណត់ត្រាអ្នកជំងឺ (Patient Management and Registration System) ក្នុងមន្ទីរពេទ្យ៤១ដែលទទួលបានកញ្ចប់គាំទ្រ មូលនិធិសមធម៌។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានរួមចំណែក៥០% នៃថវិកាមូលនិធិសមធម៌ សម្រាប់អ្នកជំងឺទូទៅ ក៏ដូចជាអ្នកជំងឺអេដស៍ ផងដែរ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងសង្កត់ធ្ងន់ថា ក្នុងស្មារតីរួមចំណែកទទួលខុសត្រូវ និងពង្រឹងភាពជាម្ចាស់នេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ដែលបានឯកភាពឲ្យបញ្ចូលអ្នកផ្ទុក មេរោគអេដស៍ ចូលក្នុងដំណើរការនៃការរៀបចំ អត្តសញ្ញាណគ្រួសារក្រីក្រ ចាប់ពីឆ្នាំ២០១៦មក។ តាំងពីពេលនោះមក មន្ត្រីនៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បានសហការយ៉ាងជិតស្និទ្ធ ជាមួយមន្រ្តីនៃក្រសួងផែនការ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដែលបម្រើការងារអេដស៍ នៅតាមបណ្តាខេត្តទាំងអស់ ដែលស្ថិតក្នុងគោលដៅរួមនៃការងារអេដស៍ និងបានកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងផែនការ៕