FN ៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ចំពោះអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន គឺត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង នៅគ្រប់កាលៈទេសៈ ដោយមិនទុកឲ្យរស់នៅក្នុង ភាពឯកោឡើយ។
ជាក់ស្តែងនាពេលនេះ ក្រសួងសង្គមកិច្ច ដែលមានបេឡាជាតិអតីតយុទ្ធជនជាសេនាធិការ បានជំរុញក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជននៅគ្រប់បណ្តារាជធានី-ខេត្ត បានទាន់ពេលវេលា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលខិតជិតមកដល់ពេលឆាប់ៗនេះ។
ការលើកឡើងខាងលើនេះគឺ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចខេត្ត ដឹកនាំក្រុមការងារ សហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនដល់គ្រួសារអតីតយុទ្ធជន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោក រឿន រិទ្ធីរ័ត្ន បានលើកឡើងថា ប្រាក់បៀវត្សរបស់ពួកគាត់ត្រូវបានដំឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមកំណើនសេដ្ឋកិច្ចជាតិ នៅឆ្នាំ ២០១៨ខាងមុខនេះ អតីតយុទ្ធជនទាំងអស់នឹងទទួលបានប្រាក់បៀវត្សយ៉ាងទាបបំផុត ៤៨ម៉ឺនរៀល។ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលបានពន្លឿន ការបើកប្រាក់បៀវត្សប្រចាំខែ បានមុនពេល និងបន្ថែមនូវទឹកប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀល។
នាយកបេឡាជាតិអតីតយុទ្ធជន លោក រឿន រិទ្ធីរ័ត្ន ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានបាត់បង់សមាជិកគ្រួសារនាពេលកន្លងមកផងដែរ។
នាឱកាសនោះផងដែរ លោកនាយកបេឡាជាតិអតីតយុទ្ធជន និងលោកប្រធានមន្ទីរ និងក្រុមការងារ បាននាំយកនូវអំណោយ និងថវិកា ផ្តល់ជូនគ្រួសារអតីតយុទ្ធជនក្រីក្រលំបាកចំនួន ពីរគ្រួសារនៅមូលដ្ឋានដោយ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអីុវមួយយួរ ត្រីខកំប៉ុងមួយយួរ ស្ករមួយគីឡូក្រាម ប៊ីចេងមួយកញ្ចប់ សារុងមួយ ក្រមាមួយ និងថវិកា ៨ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការលំបាក របស់ពួកគាត់បានមួយរយៈ៕