FN ៖ នាយឧត្ដមសេនីយ៍កិត្តិព្រឹទ្ធបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្រ្តី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងប្រកាសជំហរយ៉ាងមុះមុតដាច់ខាត មិនឲ្យមានចលនាបដិវត្ដន៍ពណ៌ កើតមានឡើងនៅលើទឹកដីនៃប្រទេសកម្ពុជាឡើយ។
ការចេញមកប្រកាសជាថ្មីរបស់មន្រ្តីយោធាជាន់ខ្ពស់បែបនេះ បានធ្វើឡើងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាការរំលឹកគុណជូនដល់នាយ និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីជីវិត ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន នៅថ្ងៃកាន់បិណ្ឌទី៧ នៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងបរិវេណបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។
នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាន់ជំហរយ៉ាងមុះមុតដាច់ខាត ព្រមទាំងនាយ និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ប្រកាសបូជាជីវិត ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងគោរពតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លើការរក្សា សុខសន្ដិភាព សន្តិសុខសណ្ដាប់ធ្នាប់សេចក្ដីសុខសាន្តផលប្រយោជន៍ របស់ប្រជាពលរដ្ឋការពារសមិទ្ធផលនានា ការរីកចំរើននិងការអភិវឌ្ឍន៍ប្រទេស ដែលមាននាបច្ចុប្បន្ននេះ។
នាយឧត្ដមសេនីយ៍ បន្ដទៀតថា ទប់ស្កាត់ឲ្យបានជាដាច់ខាត នូវសកម្មភាពចលនាបដិវត្តន៍ពណ៌ ដែលបង្កអសន្តិសុខសណ្ដាប់ធ្នាប់ អំពើហិង្សានានា នៅក្នុងសង្គមជាតិ ហើយអង្គរក្សប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់អណត្តិជាបន្តបន្ទាប់ទៀត។
នាយឧត្ដមសេនីយ៍ ក៏បានសំដែង នូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងសេចក្ដីក្លាហានរបស់នាយ និងពលទាហាន និងបានជំរុញ និងលើកទឹកចិត្តដល់មេបញ្ជាការ បញ្ជាការរង នាយទាហាន ទាយទាហានរង និងពលទាហានទាំងអស់ បង្កើនការលើកកំពស់ស្មារតី សាមគ្គីឯកភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ ខិតខំថែរក្សាសម្ភារគ្រឿងបំពាក់ និងបង្កើនទំនាក់ទំនងល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋតាមមូលដ្ឋាន។ នៅពេលចុះបំពេញបេសកម្ម ត្រូវចាត់ទុកប្រជាពលរដ្ឋជាឪពុកម្ដាយ និងត្រូវខិតខំហាត់ពត់លត់ដំខ្លួនឲ្យបានល្អឲ្យសាកសមជាអង្គរក្សសម្ដេចនាយករដ្ឋមន្រ្តី។
នៅក្នុងឱកាសថ្ងៃកាន់បិណ្ឌទី៧ នៃរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ព្រមទាំងនាយ និងពលទាហាន បាននិមន្តព្រះសង្ឃសូត្រមន្តបង្សកូល និងរាប់បាតព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការី ជននាយទាហាននាយទាហានរង និងពលទាហានជាយុទ្ធមិត្តរបស់ បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលី និងមរណៈ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ សូមឲ្យវិញ្ញាណក្ខ័ន្ធ អ្នកទាំងនោះទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយបែរងាកក្រោយឲ្យពរជ័យចូលមានដល់នាយ និងពលទាហានព្រម ទាំងក្រុមគ្រួសារបានសេចក្ដី សុខសុភមង្គល និងសូមឲ្យទេវតាឆ្នាំថ្មី ជួយថែរក្សាការពារប្រទេសជាតិទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ជារៀងរហូត។
នាយឧត្ដមសេនីយ៍ និងលោកស្រី បានប្រគេនបច្ច័យទ័យទានព្រះសង្ឈចំនួន ១០៨ អង្គនិមន្តមកពី៣៦វត្ត និង១អាស្រម តាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា ក្នុង១វត្តៗ មានអង្ករ២០០គីឡូក្រាម មី៤កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ៥យួរ ទឹកដោះគោ១០កំប៉ុង ប៊ីចេង២គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច៥កេស និងបច្ច័យ២០ម៉ឺនរៀល និងបច្ច័យកសាង១លាន៥សែនរៀល ដោយឡែកព្រះមេគណខេត្តតាកែវទាំងពីរ គណៈប្រគេនបច្ច័យ៤០ម៉ឺនរៀលផងដែរ៕