FN ៖ ពិព័រណ៍ខេមបៀល (Cambuild17) ជាពិព័រណ៍ពាណិជ្ជកម្មខ្នាតអន្តរជាតិធំជាងគេនៅក្នុងតំបន់ ផ្នែកស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល ការរចនាប្លង់អគារ ការកែច្នៃសំណង់អគារ ការសាងសង់អគារពាណិជ្ជកម្ម ការគ្រប់គ្រង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធថាមពលអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងពិព័រណ៍វិស័យអចលនទ្រព្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៧ នាសហសាលពិព័រណ៍កោះពេជ្រ។
ក្នុងសន្និសិទ្ធសារព័ត៌មានមួយនាថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៧ នេះ លោក Andrew Siow នាយកប្រត្តិបត្តិក្រុមហ៊ុន AMB Tarsus Events Group បានឲ្យដឹងថា ពិព័រណ៍នេះនឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុតនិងមានការចូលរួមតាំងពិព័រណ៍ជាង៣០០ក្រុមហ៊ុន តំណាងឱ្យ ២៣ប្រទេសរួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៉ីតាលី និងសិង្ហបុរី។ ពិព័រណ៍នេះ មានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ នឹងមានការរៀបចំជាសិក្ខាសាលាស្តីពីបច្ចេកទេសថ្មីៗ ដែលធ្វើបទបង្ហាញដោយអ្នកឯកទេសក្នុងឧស្សាហកម្ម រូមជាមួយនឹងដែលវិស័យពាក់ព័ន្ធ។
ស្របពេលជាមួយគ្នានេះដែរ លោក Andrew Siow បានបញ្ជាក់ថា ពិព័រណ៍ CAMPROPERTY 2017 ដែលជាពិព័រណ៍វិស័យអចលនទ្រព្យ អន្តរជាតិលំដាប់ទី១ នៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្ដោតសំខាន់ទៅលើគម្រោងអចលនទ្រព្យទាំងអស់នៅកម្ពុជា ដែលត្រៀមខ្លួនជាស្រេចក្នុងការដាក់តាំងបង្ហាញ និងទទួលស្វាគមន៍ចំពោះអ្នកវិនិយោគទុនទាំងឡាយ រួមទាំងអ្នកដែលមានតម្រូវការស្វែងរកទិញលំនៅឋានក្នុងក្តីស្រម៉ៃ។ ពិព័រណ៍នេះនិងក្លាយជាវេទិកាណាត់ជួបសម្រាប់វិនិយោគិន បុគ្គល និងស្ថាប័ន ដើម្បីកសាងបណ្តាញទំនាក់ទំនងគ្នាទៅវិញទៅមកផងដែរ។ អ្នកដែលចូលរួមទស្សនាពិព័រណ៍អចលនទ្រព្យទាំងអស់នឹងទទួលបានការផ្តល់ជូនជម្រើសដ៏ល្អបំផុតពីសំណាក់គម្រោងជាច្រើនដែលកំពុងពេញនិយមនិងមានកេរ្តិ៍ឈ្មោះនៅកម្ពុជា ដែលនឹងមកដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនក្នុងខណះពេលតែមួយ។
លោក ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាភិបាលគណៈស្ថាបត្យករកម្ពុជា បានប្រកាសថាក្រុមស្ថាបត្យករកំពូលៗ មកពីប្រទេស សិង្ហបុរី ថៃ ភូមា ឡាវ និងកម្ពុជា នឹងរួមគ្នាធ្វើបទបង្ហាញ នៅក្នុងវេទិកាស្ថាបត្យករប្រចាំឆ្នាំ២០១៧ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិការមួយនេះ។ វេទិការនេះនឹងបង្ហាញពី «ការសាងសង់ទីក្រុង ប្រកបដោយនិរន្តភាពដោយរួមបញ្ជូលវប្បធម៌ក្នុងការរចនាស្ថាបត្យកម្ម»។ លើសពីនេះទៀតយើងក៏នឹងមានការពិភាក្សាជាក្រុមស្តីពី «ស្ថាបត្យកម្មបៃតងអាស៊ាន»ផងដែរ។ វេទិការយៈពេលពីរថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី៧-៨ ខែកញ្ញាឆ្នាំ២០១៧ នឹងមានការចូលរួមពីស្ថាបត្យករជាង៥០០នាក់មកពីគ្រប់ស្ថាប័នទូទាំងប្រទេស។
វេទិកានេះត្រូវបានរំពឹងទុកថា នឹងជាការប្រមូលផ្ដុំយ៉ាងច្រើនកុះករ នៃស្ថាបត្យករ ពីជួររដ្ឋាភិបាលនិងឯកជននៅកម្ពុជា ដោយថ្ងៃដំបូងនឹងផ្តោតលើ ស្ថាបត្យកម្មអាគារពណ៌បៃតង និងបច្ចេកទេសទំនើបៗនៅក្នុងការរចនាប្លង់ និងការសាងសង់អគារខ្ពស់ៗ។
ថ្ងៃទីពីរនឹងធ្វើបទបង្ហាញស្តីពីបច្ចេកទេស នៃការច្នៃប្រឌិត បច្ចេកវិទ្យា សំរាប់សំណង់អគារជំនាន់ថ្មី។ វាគ្មិនអន្តរជាតិ ដែលចូលរួមរួមមានលោក Ng Lye Hock, ក្រុមប្រឹក្សាភិបាលនៃស្ថាបត្យករសិង្ហបុរី។ លោក Tan Shao Yen ប្រធានក្រុមប្រឹក្សាភិបាលស្ថាបត្យករសិង្ហបុរី។ សាស្រ្តាចារ្យបណ្ឌិត Aphisayadeth Insisiengmay អគ្គនាយករង នៃវិទ្យាស្ថានស្រាវជ្រាវកិច្ចការសាធារណៈនិងដឹកជញ្ជូន ប្រធានគណៈកម្មាធិការត្រួតពិនិត្យអវកាសឡាវ។ Ms.Tachaya Sangakakool តំណាងឱ្យប្រធានសមាគមស្ថាបត្យករថៃ និង លោក Sun Oo ប្រធានសមាគមស្ថាបត្យករមីយ៉ាន់ម៉ា៕