FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងលោក ឯក សុនចាន់ រដ្ឋលេខាធិការ ចុះទៅដោះស្រាយបញ្ហាទឹកជាមួយ រដ្ឋាករទឹក បន្ទាប់ពីសម្ដេចបានទទួលរបាយការណ៍ និងព័ត៌មានថា តម្លៃទឹកនៅរាជធានីភ្នំពេញ មានការកើនឡើងសម្រាប់ អ្នកប្រើប្រាស់តិច និងអ្នកប្រើប្រាស់ច្រើនខុសពីការអំពាវនាវរបស់សម្ដេច នាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានប្រកាសឲ្យសងលុយទៅប្រជាពលរដ្ឋវិញផងដែរ បន្ទាប់ពីយកថ្លៃលើសនាពេលកន្លងទៅនេះ។
ប្រតិកម្មរបស់ប្រមុខនៃរាជរដ្ឋាភិបាលខាងលើនេះ បានកើតមានឡើងក្រោយពី បញ្ហាតម្លៃទឹកនៅរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ រិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់ក្នុងរយៈពេលថ្មីកន្លងមកនេះ ពោលចាប់តាំងពីខាងរដ្ឋាករទឹក កំណត់ឲ្យប្រជាពលរដ្ឋបង់ថ្លៃទឹកមួយខែម្ដង ដែលកាលពីមុនគឺបង់២ខែម្ដង។
សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗឲ្យដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋវិញ នៅលើ Facebook របស់សម្ដេចនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧យ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំទើបបានដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញមានការកើនឡើងដែលអ្នកប្រើប្រាស់ទឹកតិចនិង អ្នក ប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើអោយនយោបាយអនុគ្រោះសម្រាប់ ប្រជាជនក្រីក្រមិនអាចអនុវត្តន៍ បាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំអោយបញ្ចុះថ្លៃទឹក។ ខ្ញុំបានបញ្ជាឲ្យទេសរដ្ឋរដ្ឋមន្រ្តី ចម ប្រសិទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករ ទឹកដើម្បីវឹលត្រឡប់ទៅអនុវត្តន៍រូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញនូវទឹកប្រាក់ដែលបាន យកលើសពីប្រជាជនតាមរបៀបថ្មី។ សូមអរគុណចំពោះបងប្អូនប្រជាជនដែលផ្តល់ដំណឹងនេះដល់រូបខ្ញុំ»៕