FN ៖ ការប្រតិកម្មរបស់ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ ក្រោមចំណងជើងថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត» ឬ «Is Cambodia committed to democracy? You decide» ជុំវិញការបិទនិងបណ្តេញអង្គការ NDI ចេញកម្ពុជា បានធ្វើឲ្យមានប្រតិកម្មតបតវិញពីសំណាក់មន្រ្តីរដ្ឋាភិបាល និងពីការគំរាមធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិកទៀតផង។
នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងប្រតិកម្មទៅកាន់ស្ថានទូតអាមេរិកវិញយ៉ាងដូច្នេះថា៖ «បើគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ! អ្នកនៅលើទឹកដីកម្ពុជា អ្នកត្រូវតែគោរពច្បាប់កម្ពុជា! សូមកុំភ្លេចថា កម្ពុជាជារដ្ឋអធិបតេយ្យ! សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស អាចធ្វើសកម្មភាពបានលុះណាតែមានការចុះបញ្ជីជាមុន ហើយការចុះបញ្ជីនេះត្រូវធ្វើនៅក្រសួងការបរទេស មិនមែនជាមួយស្ថាប័ន ផ្សេងឡើយ យោងតាមច្បាប់ NGO កម្ពុជា!»។
ក្រោយប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមសម្ពន្ធយុវជនស្រឡាញ់សន្តិភាព ដែលមានគ្រប់សាខាទូទាំងប្រទេស ប្រកាសព្រមានធ្វើបាតុកម្មនៅមុខ ស្ថានទូតអាមេរិក ប្រសិនបើបន្តលូកដៃចូលកិច្ចការកម្ពុជាមិនបញ្ឈប់នោះ។
ប្រធានក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព លោក ប៉ាន់ ខែមប៊ុនថន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរាត្រីឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ជម្រាបទៅស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា, យើងជាក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព សូមបញ្ជាក់ថា បានជាយើងដាក់ថា ស្រលាញ់សន្តិភាព ព្រោះតែយើងមិនចង់បាត់បង់សន្តិភាពដែលកំពុងមានបច្ចុប្បន្ន សូមរំព្ញកថា ក្នុងទំព័រប្រវត្តិសាស្ត្រខ្មែរអាមេរិកធ្លាប់បានបង្កវិនាសកម្ម មកលើទឹកដី១នេះម្តងរួចមកហើយ កាលពីទសវត្ស៧០ រណ្តៅគ្រាប់នៅបន្សល់ទុកដល់បច្ចុប្បន្ននៅឡើយ ហេតុដូច្នេះហើយសូមស្ថានទូតអាមេរិកកុំលូកដៃ រហូតហួសព្រំដែនភារកិច្ចចំពោះការងាដឹកនាំរបស់កម្ពុជា បើសិនជាស្ថានទូតអាមេរិកនៅតែបន្តលូកដៃមិនបញ្ឈប់នោះទេ សម្ពន្ធយុវជនស្រលាញ់សន្តិភាព គ្រប់សាខាទូទាំងប្រទេស នឹងប្រើសិទ្ធស្របច្បាប់ ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់សន្តិភាព ការពារសន្តិភាពរបស់កម្ពុជា នៅចំពោះមុខស្ថានទូតអាមេរិក ជាក់ជាមិនខាន»។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលួចទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះថា ការធ្វើបាតុកម្មតវ៉ាប្រឆាំង នឹងស្ថានទូតអាមេរិក អាចនឹងកើតមានឡើងនៅភ្នំពេញដោយក្រុមអ្នកជាតិនិយម និងអ្នកគាំទ្ររាជរដ្ឋាភិបាល។
មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្វើបាតុកម្មតវ៉ានេះទំនងអាចនឹងមានលក្ខណៈទ្រង់ទ្រាយធំ ប្រឆាំងនឹងស្ថានទូតអាមេរិកនៅភ្នំពេញ ដូចកាលទស្សវត្ស៦០ ព្រោះតែទង្វើរបស់អាមេរិកលូកលាន់ចូលដែនអធិបតេយ្យរបស់កម្ពុជា។ ក្រុមអ្នកជាតិនិយមបានត្រៀមខ្លួនដើម្បីចូលរួមធ្វើបាតុកម្ម ប្រឆាំងតវ៉ានេះ។ ការត្រៀមអាចផ្ទុះបាតុកម្មតវ៉ានេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងការប្រតិកម្មខ្លាំងៗមកលើរាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការបិទនិងបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ NDI ដែលបានប្រព្រឹត្តិល្មើសច្បាប់របស់កម្ពុជាក្នុងរយៈពេល៧ថ្ងៃ។
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់សកម្មភាព វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយបណ្តេញបុគ្គលិកបរទេស នៃវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ សារព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី២៣ ខែសីហា។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា មូលដ្ឋានដែលឈានដល់ការសម្រេចឱ្យបិទវិទ្យាស្ថាននេះ គឺអនុលោមទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលនៅកម្ពុជា។ ក្រសួងអះអាងថា ចាប់តាំងពីច្បាប់នេះ ចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការនេះបានដាក់ពាក្យស្នើចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួង លើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តសកម្មភាពរបស់ខ្លួនដោយ គ្មានគិតគូរអំពីការគោរពច្បាប់សោះឡើយ៕