FN ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ក៏ចុះពិនិត្យនៅតាមបណ្តារោងចក្រមួយចំនួន នៅតំបន់នេះផងដែរ ដើម្បីពិនិត្យផ្ទាល់អំពីសកម្មភាពរបស់បងប្អូនកម្មករ-កម្មការិនី។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីប៉ុន្មានឆ្នាំមុន ពេលរាជរដ្ឋាភិបាលដាក់ចេញនយោបាយជំរុញវិស័យកសិកម្ម គេតែងឃើញសម្តេចជួបសំណេះ សំណាលដោយផ្ទាល់ជាមួយប្រជាកសិករតាមវាលស្រែ និងប្រឡាយទឹក។ តែពេលបច្ចុប្បន្នជាពេលដែលជំរុញវិស័យឧស្សាហកម្ម គឺជាពេលដ៏សមស្រប សម្រាប់សម្តេចត្រូវជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។
* ជាកិច្ចផ្តើមសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់កម្មករ កម្មការិនីថា មុនពេលកម្ពុជាមានរោងចក្រសហគ្រាសឲ្យពួកគេបម្រើការងារនេះ ប្រទេសកម្ពុជា បានហែលឆ្លងទុក្ខលំបាកយ៉ាងច្រើននៃភ្លើងសង្រ្គាមឈ្លានពានដោយពួកចក្រពត្រ។ សង្រ្គាមនេះធ្វើឲ្យកម្ពុជាខ្ទេចខ្ទាំយ៉ាងខ្លាំងតែតាមរយៈ នយោបាយ បង្រួប បង្រួមជាតិ និងឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្តថា នយោបាយឈ្នះឈ្នះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រសហគ្រាគ្រប់វិស័យនៅកម្ពុជា នាពេលបច្ចុប្បន្នមានប្រមាណ ១,១៦៨ មានកម្មករ កម្មការិនីសរុបជាង ១លាននាក់ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានរោងចក្រ សហគ្រាសចំនួន ១,១០៧ មានកម្មករ កម្មការិនីជាង ៧៤ម៉ឺននាក់។ ការនាំចេញពីពេលមុន ដែលមានជាង ២០០លានដុល្លារ បច្ចុប្បន្នមានជាង ៧,០០០លានដុល្លារអាមេរិក ខណៈលទ្ធភាពនាំចេញលើគ្របវិស័យមានរហូតដល់ ១២ពាន់លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងតែទាក់ទាញ អ្នកវិនិយោគឲ្យកាន់តែច្រើនថែមទៀតមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា បង្កើនការងារជូនកម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រិះគន់ទៅលើបក្សប្រឆាំងដែលអនុវត្តន៍នូវគោលនយោបាយ ៣ «កុំ» រួមមាន៖ កុំផ្តល់ជំនួយមកកម្ពុជា កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការដាក់ចេញនយោបាយ ៣ «កុំ» របស់បក្សប្រឆាំងនេះ ជាអំពើក្បត់ជាតិ និងបំផ្លាញជាតិខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុករាជរដ្ឋាភិបាល ដែលមានសម្តេចជាប្រមុខនោះ ជាក្រុម ៣ «សុំ» រួមមាន៖ សុំផ្តល់ជំនួយមកកម្ពុជា សុំមកវិនិយោគ នៅកម្ពុជា និងសុំទិញទំនិញពីកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា សុំទាំង៣នេះ គឺសម្តេចបានធ្វើយ៉ាងច្រើន ហើយរាល់ពេលសម្តេចចេញ ទៅគ្រប់ទីកន្លែងសម្តេចតែងតែសុំចំណុចទាំង៣នេះ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងបង្កើតការងារជូនកូនចៅប្រជាពលរដ្ឋខ្មែរ។
* សម្តេចតេជោ បានបន្ថែមថា «៣សុំ» របស់សម្តេច បានធ្វើឲ្យកម្ពុជា ដែលទន់ខ្សោយ និងធ្លាប់ខ្ទេចខ្ទាំដោយភ្លើងសង្រ្គាមនេះបានងើបឈរឡើងជាមួយ ភាពរឹងមាំ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជានាំចេញទៅអាមេរិកក្នុងមួយឆ្នាំ ៣ពាន់លានដុល្លារ ទៅអឺរ៉ុប ៣ពាន់លានដុល្លារ ទំហំពាណិជ្ជកម្មទ្វេទិសជាមួយជប៉ុនមាន ១៥០០លានដុល្លារ ទំហំពាណិជ្ជកម្មទ្វេទិសជាមួយចិន ៥០០០លានដុល្លារ ជាមួយថៃជាង ៤ពាន់លានដុល្លារ និងជាមួយវៀតណាមជាង ៣ពាន់លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់កម្មករ កម្មការិនីថា ដើម្បីបន្តបានការងារធ្វើ ត្រូវតែគាំទ្ររាជរដ្ឋាភិបាលដែលអនុវត្តន៍គោលការណ៍ «សុំ» ទាំង៣។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មុនឆ្នាំ១៩៩៧ កម្មករ កម្មការិនី ទទួលបានប្រាក់ខែត្រឹមជាង ៤០ដុល្លារប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្នកដែលមានលទ្ធភាពចរចាដំឡើងប្រាក់ខែជូនកម្មករ កម្មការិនី គឺមានតែរាជរដ្ឋាភិបាល មិនមានបាតដៃរបស់បក្ស ប្រឆាំងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន គ្រោងសាកសួរអង្គការសហប្រជាជាតិ រឿងបក្សប្រឆាំងដឹកនាំធ្វើបាតុកម្មម៉ោង២យប់ រហូតបាត់មនុស្ស។
* សម្តេចតេជោ រំលឹកថា បក្សប្រឆាំងបានអនុវត្តន៍គោលការទាមទារចំនួន៣ រួមមាន៖ ទារទី១ ដូរ ទារទី២ ដំឡើងប្រាក់ខែ និងទារទី៣ ធ្វើបាតុកម្ម។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរិះគន់ផងដែរ ដល់សកម្មភាពរបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលបានទៅទាញដៃកម្មករពីតាមរោងចក្រមកធ្វើបាតុកម្ម។ សម្តេចព្រមានថា នឹងមិនឲ្យសកម្មភាពនេះកើតមានជាថ្មីនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសជាច្រើនមានប្រាក់ខែកម្មករ កម្មការិនីទៀបជាងកម្ពុជា ក្នុងនោះប្រទេសបង់ក្លាដេស ៦៧ដុល្លារ ស្រីលង្កា ៦៧ដុល្លារ ឥណ្ឌា ៧៧ដុល្លារ មីយ៉ាន់ម៉ា ៧៩ដុល្លារ..។
* សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុងរបស់កម្មករ ហើយក៏ត្រូវមានសាមគ្គីភាពជាមួយថៃកែរោងចក្រ សហគ្រាស។ សម្តេចតេជោថា កម្មករ និងថៅកែ គឺជាដៃគូជីវិតមិនអាចខ្វះគ្នាបាន។
* សម្តេចតេជោ ប្រកាសក្នុងមួយសប្តាហ៍ សម្តេចយកពីរថ្ងៃ ដើម្បីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។ ក្នុងនោះថ្ងៃអាទិត្យ ជួបជាមួយប្រធានក្រុម ប្រធានផ្នែក ហើយថ្ងៃពុធ ចុះជួបកម្មករតាមរោងចក្រ។ សម្តេចតេជោថា ប្រធានបទស្តីពី ៣ «កុំ» និង ៣ «សុំ» ជាប្រធានបទដែលសម្តេចនឹងត្រូវ លើកឡើងគ្រប់ពេលជួបជាមួយកម្មករ កម្មការិនី។
* សម្តេចតេជោ បានរំលឹកកម្មករ កម្មការិនីថា ការជំរុញឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងប្រទេសមានការអភិវឌ្ឍរីកចម្រើន ត្រូវពឹងផ្អែកជាសំខាន់ ទៅលើសុខសន្តិភាព បើគ្មានសន្តិភាពមិនអាចធ្វើទៅបាននោះទេ។ សម្តេចបានលើកជាឧទាហរណ៍ថា សង្រ្គាមនៅក្នុងប្រទេសអ៉ីរ៉ាក់ និងលីប៊ី បានកំពុងធ្វើឲ្យ ប្រទេសនេះខ្ទេចខ្ទាំគ្មានឱកាសអភិវឌ្ឍន៍ប្រទេសនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីភាពខ្លោចផ្សារបស់កម្ពុជាក្នុងភ្លើងសង្រ្គាមកាលពីអតីតកាល។ សម្តេចនាយករដ្ឋមន្រ្តីថា ប្រសិនបើកម្ពុជា គ្មានភ្លើងសង្រ្គាម ហើយទុកឲ្យព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ ដឹកនាំប្រទេសនោះកម្ពុជានឹងមានការរីកចម្រើន។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា សន្តិភាពត្រូវតែបន្តកើតមាននៅលើទឹកដ៏កម្សត់របស់មួយនេះ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់ភ្លើងសង្រ្គាម នឹងមិនផ្តល់ឱកាសឲ្យបក្សប្រឆាំងដឹកនាំប្រទេសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អំពើអយុត្តិធម៌នៅក្នុងសង្គមមិនអាចរក្សាសន្តិភាពបាននោះទេ។ សម្តេចថា អំពើអយុត្តិធម៌ក្នុងសង្គមនឹងធ្វើឲ្យ ប្រជាពលរដ្ឋរើសបម្រាស់ ហេតុនេះហើយទើបរាជរដ្ឋាភិបាលដាក់ចេញនយោបាយប្រយុទ្ធប្រឆាំងអំពើអយុត្តិធម៌ក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យរួមគ្នារក្សាស្ថេរភាព និងសន្តិសុខ ព្រោះការរក្សាបានស្ថេរភាព និងសន្តិសុខ ទើបផ្តល់ឱកាសសម្រាប់ការធ្វើការងារ ផ្សេងៗទៀត។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់កម្មករ កម្មការិនី រួមគ្នាថែរក្សារោងចក្រដែលពួកគេកំពុងធ្វើការងារ កុំឲ្យរោងចក្ររើទៅប្រទេសដទៃ ហើយត្រូវរួមគ្នា បង្កើតការងារឲ្យបានកាន់តែច្រើនទៀត។ សម្តេចបានគូសបញ្ជាក់ថា បើរោងចក្ររើទៅប្រទេសដទៃ គឺកម្មករ ជាអ្នករងគ្រោះមុនគេ មិនមែនថៅកែរោងចក្រនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវ និងខុស គឺសម្តេចទទួលទាំងអស់ ប៉ុន្តែបក្សប្រឆាំងលើកឡើងតែចំណុចខុសតែប៉ុណ្ណោះ តែអាត្រូវគេមិនដែល លើកឡើងនោះឡើយ សូម្បីតែរឿងរ៉ាវមោទនភាពរបស់ជាតិ ដូចជាការដាក់ប្រាសាទសម្បូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងពលករ ពលការិនី ទទួលបានជ័យជម្នះពីការប្រកួតនៅក្រៅប្រទេស ក៏បក្សប្រឆាំងមិនដែលសរសើរនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងឋានៈជាប្រមុខគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្តេចនៅតែប្រកាន់គោលនយោបាយ ៣ «សុំ» ដើម្បីប្រឆាំងជាមួយនយោបាយ ៣ «កុំ» របស់បក្សប្រឆាំង។
* សម្តេចតេជោ ហ៊ុន សែន បន្តថា ត្រូវតែរួមគ្នាធានាថាកម្មករ កម្មការិនី ធ្លាក់ប្រាក់ចំណូល ហើយត្រូវតែបង្កើនជានិច្ច ដែលឆ្នាំ២០១៨ មិនត្រូវឲ្យទាបជាង ១៦០ដុល្លារនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលកុំឲ្យដំឡើងថ្លៃឈ្នួលផ្ទះ ពេលកម្មករឡើងប្រាក់ឈ្នួល។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីបំណង ចង់សាងសង់បន្ទប់ប្រមាណ៥ម៉ឺនបន្ទប់សម្រាប់ឲ្យកម្មករស្នាក់នៅផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្មករ កម្មការិនីទាំងអស់ ដែលមានប័ណ្ណបញ្ជាក់ពីកន្លែងការងារអាចជិះរថយន្តក្រុងក្នុងរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់គ្រប់គ្នា ហើយមិនត្រឹមតែជិះទៅធ្វើការនោះទេ ទោះជិះទៅលេងកម្សាន្តនៅកន្លែងនានាក្នុងរាជធានីភ្នំពេញ ក៏មិនបង់ប្រាក់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ កម្មករ កម្មការិនី គ្រប់ផ្នែកទាំងអស់ ត្រូវទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយ ឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ ហើយថ្លៃសេវានេះត្រូវចេញដោយថវិការបស់មូលនិធិសមធម៌របស់រដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មករ កម្មការិនី ដែលនឹងត្រូវទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃមានសរុបប្រមាណ ៥លាននាក់។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ការងារនេះឲ្យទទួលបានជោគជ័យ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យរោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឲ្យស្រីមានផ្ទៃពោះអាចឈប់សម្រាករយៈពេល៣ខែ នៅពេលសម្រាលកូន ដោយទទួលបានប្រាក់ខែ១២០ភាគរយ។ សម្តេចតេជោ ក៏ស្នើឲ្យម្ចាស់រោងចក្រអនុញ្ញាតឲ្យកម្មការី បានទៅពិនិត្យផ្ទៃពោះបានទៀងទាត់ផងដែរ នៅពេលពួកគេមានផ្ទៃពោះ។
* សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសប្រាប់ដល់កម្មករ-កម្មការិនីថា ចាប់ពីឆ្នាំ២០១៩តទៅ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការផងដែរ, សូមកុំព្រួយបារម្ភចំពោះប្រាក់នៅពេលចាស់ជរា។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅដល់កម្មករ កម្មការិនី នៅក្រៅប្រទេសប្រមាណ ១លាននាក់ថា ប្រសិនបើគ្មានការសម្របសម្រួលពីរាជរដ្ឋាភិបាលទេ ពួកគេមិនអាចធ្វើការងារនៅក្រៅប្រទេសបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានប្រឹងប្រែងសម្រួលឲ្យពួកគេ បានធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់។
* សម្តេចតេជោ បានបង្ហើបថា សម្តេចនឹងពិភាក្សាជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បង្កើតរោងចក្រតាមព្រំដែន ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរធ្វើការ ដោយមិនបាច់ចូលទៅប្រទេសថៃ។
* សម្តេចតេជោ ហ៊ុន សែន ថា នឹងរង់ចាំមើលថា តើពលរដ្ឋមីយ៉ាន់ម៉ា នឹងវិលត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញ ដូចការអំពាវនាវរបស់លោកស្រី អ៊ុង សានស៊ូជី។