FN ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអះអាងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស គឺដំណើរការធម្មតា មិនមានការរំខាន ដោយសារជំនន់ទឹកភ្លៀងនោះទេ បើទោះបីជានៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើនក៏ដោយ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់ថា លោកនឹងអញ្ជើញជាអធិបតីភាព បើកហិបវិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះស៉ីសុវត្ថិ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយមភូមិ នឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ មានបេក្ខជនសរុបចំនួន ១០១,៤១០ នាក់ (ស្រី៥០,០៤៩ នាក់) ដោយចែកចេញជា១៧៨ មណ្ឌលសំណេរ ត្រូវជា ៤,០៩៣បន្ទប់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕